ភ្នំពេញ ៖ បុរសម្នាក់ខឹងសង្សារសុំចែកផ្លូវគ្នា បានយកកាំបិតបុ័ងតោទៅហាងមិត្តស្រីនិងអូសដៃចេញមកក្រៅកាប់ជនរងគ្រោះចំក្បាលចំនួន២កាំបិត បណ្ដាលរហូបឈាមរបួសធ្ងន់ ហើយជនសង្ស័យជិះម៉ូតូ និងកាំបិតរត់គេចពីកន្លែងកើតហេតុ ទៅដល់ស្ពានព្រែកសំរោងជនសង្ស័យលោតទឹកសម្លាប់ខ្លួន តែបានអ្នកនេសាទស្រង់ឡើងលើគោក។ សមត្ថកិច្ចឃាត់នាំខ្លួនយកមកប៉ុស្តិ៍សាកសួរនាំ។ ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែ កុម្ភ: ឆ្នាំ ២០២៥នៅចំណុចហាងចរណ៍លក់ត្រីសាម៉ុន តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកជាងព្រុំ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគ្រោះមានឈ្មោះ វែង ស្រីឡែន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាងចរណៃ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ មានឈ្មោះ ភ័ក្រ្ត សុវណ្ណារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហាគ្នាជាមួយគ្នា បន្ទាប់មកជនសង្ស័យក៏ឲ្យជនរងគ្រោះទៅរស់នៅជាមួយគ្នានៅផ្ទះជនសង្ស័យ តែជនរងគ្រោះមិនព្រម ហើយក៏មានទំនាស់ពាក្យសម្តីនឹងគ្នា ពេលនោះជនសង្ស័យគំរាមជនរងគ្រោះថា បើចង់បែកពីខ្ញុំមានអ្នកថ្មី ខ្ញុំនឹងកាប់សម្លាប់ចោល។ រហូតដល់ថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១:០០នាទី រសៀល ជនរងគ្រោះកំពុងធ្វើការនៅហាងចរណៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្បាលជ្រោយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញពេញ ជនសង្ស័យបានទាក់ទង់ទូរស័ព្ទទៅជនរងគ្រោះ ២ដង តែជនរងគ្រោះមិនលើកនិយាយ ធ្វើឲ្យជនសង្ស័យខឹង ក៏ជិះម៉ូតូទៅឈប់មុខហាងចរណៃ ចាប់ទាញជនរងគ្រោះមកក្រៅ រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំក្បាល និងកាប់ជើងឆ្វេងដាច់ឆ្អឹង (របួសធ្ងន់) រួចជិះម៉ូតូគេចឡើងលើស្ពានព្រែកសំរោងដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ ដោយសារមានប្រជានេសាទជួយទាន់ពេលវេលា។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូរវៀត។
បច្ចុប្បន្ន សមត្ថកិច្ចរកឃើញវត្ថុតាងកាំបិតប៉័ងតោ១, ម៉ូតូ ១គ្រឿង (របស់ជនសង្ស័យ) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកទៅសួរនាំ នៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការនីតិវិធីតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី








