រាជធានីភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ នឹងដាក់ចេញនូវវិធានការពិសេស ជួយដល់បេក្ខជនប្រឡងមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមានជិត ៤ពាន់នាក់ ដែលជាការអនុគ្រោះដល់ពួកគេដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។
នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានទទួលជួបអ្នកសារព័ត៌មាន និងផ្តល់បទសម្ភាសន៍ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥។
គោលបំណងនៃសន្និសីទសារព័ត៌មាននេះ គឺ ដើម្បីផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវច្បាស់ការចេញដោយក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក៏ដូច ជា បកស្រាយនូវរាល់ចម្ងល់ មន្ទិលសង្ស័យ ភាពស្រពិចស្រពិលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២៥។
មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងនិងភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយគោរពតាមគោលទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះជាប់”។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពល្អ សម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនទាំងអស់ ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួង សុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំ ២០២៥នេះ រួមមាន៖
(១) ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ ២០២៥។
២) ដំណើរការកែ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។
៣) ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
៤) ដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
៥) ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស។
ឆ្នាំនេះជាករណីពិសេស ដោយនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា មានការឈ្លានពានពីប្រទេសថៃ ហើយខេត្តដែលរងប៉ះពាល់ខ្លាំងគឺ ខេត្តឧត្តរមានជ័យ និងព្រះវិហារ។ ឆ្លើយតបនឹងករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំកម្មវិធីឧបត្ថម្ភគាំទ្រនានា និងវិធានការពិសេសដើម្បីជួយដល់បេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវវិធានការពិសេសនេះ ដោយសង្កេតឃើញថា សិស្សដែលរស់នៅខេត្តទាំងពីរនេះបានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីថៃបានចូលឈ្លាន ដោយពួកគេមិនបានរៀនដិតដល់ ខណៈសាលារៀនមួយចំនួនត្រូវបានផ្អាក ហើយត្រូវជម្លៀសខ្លួនទៅទីកន្លែងសុវត្ថិភាព ដែលធ្វើឱ្យការហូបចុកមិនបានគ្រប់គ្រាន់ ហើយត្រូវភ័យខ្លាចដោយសារតែសង្រ្គាម។
រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា បើទោះបីពួកគេជួបស្ថានភាពលំបាកបែបនេះក៏ដោយ ប៉ុន្តែក្រសួងនឹងមិនជ្រើសរើសយកជម្រើសឱ្យជាប់ស្វ័យប្រវត្តិនោះទេ ពោលគឺនៅតែបន្តរៀបចំការប្រឡងដដែល ដូច្នេះហើយលោកលើកទឹកចិត្តដល់សិស្សានុសិស្សខេត្តទាំងពីរនេះ ខិតខំរៀនសូត្រ ដើម្បីចូលរួមប្រលងដូចសិស្សនៅខេត្តដទៃទៀត។
ឯកឧត្តមបានលើកឡើងបន្ថែមថា «អ៊ីចឹងខេត្តទាំងពីរនេះ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលសរុបទៅមានបេក្ខជនជិត ៤ពាន់នាក់ យើងមានជម្រើសច្រើន ប៉ុន្តែយើងនៅតែចង់ឱ្យគាត់រៀន ទី២.ខំរៀន ដើម្បីចាប់យកចំណេះដឹងបន្តទៀត។ សង្រ្គាមជាការពិតហើយ ប៉ុន្តែការចាំបាច់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគឺសំខាន់ ចឹងក៏មានមតិលើកឡើងផ្សេងៗ ហើយក៏យើងធ្លាប់ដែរ ពេលវិបត្តិកូវីដយើងឱ្យគាត់ជាប់ស្វ័យប្រវត្តិ ប៉ុន្តែជាប់ស្វ័យប្រវត្តិទាំងអស់ អត់មាននិទ្ទេសចឹងធ្វើឱ្យសិស្សដែលគាត់រៀនពូកែ គាត់បាក់ទឹកចិត្ត។ អ៊ីចឹងនេះគឺជាជម្រើសមួយដែលយើងមិនប្រើទេ ហើយទី២ទៀត នៅខេត្តផ្សេងទៀតក៏អាចមានការប៉ះពាល់អារម្មណ៍ដែរ ប៉ុន្តែមិនខ្លាំងទេ ចឹងយើងនៅរក្សាការប្រឡងដដែល»។
ជាថ្មីម្ដងទៀត ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវ គោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជន នឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។ សូមក្មួយៗជាបេក្ខជនទាំងអស់ ខិតខំរក្សាសុខភាពឱ្យបានល្អ ដោយត្រូវទទួលទាន និងគេងឱ្យបានគ្រប់គ្រាន់ ជាពិសេសទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ដើម្បីក្មួយៗមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង ព្រមទាំងត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយត្នខ្ពស់ក្នុងពេលធ្វើដំណើរទៅនិងមកមណ្ឌលប្រឡង។
ជាមួយនេះដែរ សូមទាញការចាប់អារម្មណ៍របស់មាតាបិតា អ្នកអាណាព្យាបាល បេក្ខជន និងសាធារណជនទាំងអស់ឱ្យ ប្រុងប្រយ័ត្ន ចំពោះព័ត៌មានមិនពិត និងសូមស្វែងរកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងដំណើរការប្រឡងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា (http://www.facebook.com/moeys.gov.kh)។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូនពរបេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ ជាពិសេសគឺទទួលបាននិទ្ទេសល្អៗដែលខ្លួនប្រាថ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





