កាសែត SinChew នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សាយហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុង Penang ប្រទេសម៉ាឡេស៊ី។ នោះគឺនៅពេលដែលគ្រួសារមួយ កំពុងដើរឡើងជណ្តើរយន្ត ស្រាប់តែស្បែកជើងរបស់ក្មេងប្រុសអាយុ ៨ ឆ្នាំ បានជាប់គាំងនៅម្ខាងនៃជណ្តើរយន្ត។ ផលវិបាកស្ទើរតែបណ្តាលឲ្យមានរបួសធ្ងន់ ប៉ុន្តែសំណាងណាស់ ដែលមានពលរដ្ឋល្អមកពីជាតិសាសន៍ជាច្រើន បានចូលរួមជួយ ហើយករណីនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ម្តាយរបស់ក្មេងប្រុសរងគ្រោះបានឲ្យដឹងថា នៅពេលដឹងថាមានគ្រោះថ្នាក់កើតឡើងចំពោះកូនប្រុស នាងភ័យស្លន់ស្លោយ៉ាងខ្លាំង និងបានស្រែកឱ្យគេជួយ។ ប្តី និងឪពុករបស់នាងបានព្យាយាមជួយទាញជើងកូនប្រុសចេញ ប៉ុន្តែ វាប្រែជាធ្វើឲ្យស្បែកជើងរបស់កូនប្រុស ត្រូវបានជាប់រឹតតែខ្លាំង ខណៈជណ្តើរយន្តមិនបានឈប់ដំណើរការនោះទេ។
សំណាងល្អ នៅពេលនោះ បងស្រីរបស់នាងដែលមកជួយបានដឹង ហើយបានរត់ទៅចុចប៊ូតុងឈប់សង្គ្រោះបន្ទាន់ នៅលើជណ្តើរយន្ត ដើម្បីបញ្ឈប់ដំណើរការ។ ទោះបីជាយ៉ាងណា ជើងកូនប្រុសនៅតែជាប់គាំង និងឈឺចាប់យ៉ាងខ្លាំង ហើយខណៈពេលនោះ ក្រុមគ្រួសារបានប្រញាប់ហៅអង្គភាពសង្គ្រោះមកជួយ។
ទោះបីជាយ៉ាងណា ក្នុងអំឡុងពេលនោះ មានពលរដ្ឋល្អមកពីប្រទេសជាច្រើនក្នុងប្រទេសម៉ាឡេស៊ី បានមកជួយសង្គ្រោះ។ ដំបូង មានគូស្នេហ៍ជនជាតិចិនមួយគូ បានមកលួងលោមក្មេងប្រុស ដើម្បីកុំឱ្យគាត់ឈឺចាប់។ បន្ទាប់មក បុរសជនជាតិឥណ្ឌាម្នាក់ បានយកកន្ត្រៃមកជួយកាត់ស្បែកជើងក្មេងប្រុសនោះ រហូតអាចទាញជើងក្មេងប្រុសនោះចេញបានដោយជោគជ័យ ទោះបីជាស្បែកជើងរបស់គាត់នៅតែជាប់គាំងក៏ដោយ។
ម្តាយក្មេងប្រុសបាននិយាយដឹងថា កូនប្រុសរបស់នាងហាក់មានរបួសកជើង និងហើម ។ នៅពេលនោះ បុគ្គលិកផ្សារទំនើបម៉ាឡេស៊ី បានប្រញាប់ប្រញាល់ដាក់ទឹកកកលើជើងកូនប្រុសរបស់នាង ដើម្បីបំបាត់ការហើម។ បន្ទាប់មក បុគ្គលិកផ្សារមួយក្រុមបានយករទេះរុញ មកដឹកកូនប្រុសរបស់នាង ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។
ក្រោយពីពិនិត្យដោយកាំរស្មីអ៊ិច លទ្ធផលបានបង្ហាញថា ក្មេងប្រុសរូបនោះសំណាងល្អ មិនមានបាក់ឆ្អឹងអ្វីឡើយ។ វេជ្ជបណ្ឌិតបានណែនាំឪពុកម្តាយក្មេងប្រុស ឱ្យបន្តយកទឹកកកទៅកន្លែងដែលហើម មុនពេលក្រុមគ្រួសារជិះយន្តហោះត្រឡប់ទៅទីក្រុងគូឡាឡាំពួវិញ នៅថ្ងៃបន្ទាប់។
បន្ទាប់ហេតុគ្រោះថ្នាក់បានកើតឡើង ម្តាយរបស់ក្មេងប្រុសបានចែករំលែករឿងរ៉ាវមួយនេះ ដើម្បីជាការដាស់តឿនដល់ឪពុកម្តាយ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលនាំកូនឡើងជណ្តើរយន្ត។ អ្វីដែលសំខាន់នោះ នាងសូមថ្លែងអំណរគុណដល់ «ក្រុមពលរដ្ឋវីរជនពហុជាតិសាសន៍» ដែលបានមកជួយយ៉ាងឆាប់រហ័ស។
ម្តាយរបស់ក្មេងប្រុសរូបនេះ បាននិយាយថា «មិនថាអ្នកជានរណា ឬអ្នកនៅទីណាទេ ខ្ញុំគ្មានពាក្យអ្វីអាចពិពណ៌នាទេ ពួកយើងមានតែពាក្យដឹងគុណប៉ុណ្ណោះ។ ពួកយើងមិនស្គាល់ឈ្មោះអ្នក ឬមានឱកាសនិយាយជាមួយអ្នកទេ ប៉ុន្តែយើងដឹងគុណអ្នកខ្លាំងណាស់ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានពរ ពីទង្វើដ៏ល្អដែលអ្នកបានធ្វើសម្រាប់គ្រួសារយើង»។
ម្តាយរបស់ក្មេងប្រុស ក៏បានចែករំលែកមេរៀនដ៏សំខាន់មួយពីឧបទ្ទវហេតុនេះផងដែរ ដោយនិយាយថា នៅពេលដែលមានរឿងហេតុបែបនេះកើតឡើង ជំនួសឱ្យការស្រែកថា «ជួយ» នោះរឿងដំបូងដែលអ្នកគួរស្រែកគឺ «បញ្ឈប់ជណ្តើរយន្ត» ដើម្បីឱ្យមនុស្សដែលឈរនៅទីនោះ អាចចុចប៊ូតុងឈប់អាសន្នបានឆាប់តាមដែលអាចធ្វើទៅបាន៕



