ភ្នំពេញ ៖ ប្អូនស្រីសម្តេចតេជោ គឺលោកស្រីហ៊ុន ស៊ីណាត បានរៀបរាប់ក្នុងឡាយវីដេអូ តាមរយៈផេកហ្វេសប៊ុកផ្លូវការ កាលពីថ្មីថ្ងៃទី៣០ខែសីហា ពីភាពយឺតយ៉ាវ ក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងបុរីសៀង ណាំ ក្រុងសៀមរាប។ លោកស្រី បានថ្លែងថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីយឺតយ៉ាវ ពន្ធដារផាកពិន័យសាហាវ រាស្ត្រស្រក់ទឹកភ្នែកស្រែករកសម្ដេចតេជោឲ្យជួយផង។
លោកស្រី បានថ្លែងថា នាងខ្ញុំឈ្មោះ ហ៊ុន ស៊ីណាត ជាពលរដ្ឋមានផ្ទះនៅក្នុងបុរីសៀងណាំក្នុងខេត្តសៀមរាប បានទទួល បង្កាន់ដីសម្គាល់ក្បាលដីតាំងពីឆ្នាំ២០១៣ មកម្លេះ តែមកដល់ពេលនេះឆ្នាំ២០១៨ ប្លង់ដីរបស់នាងខ្ញុំនៅតែមិនទាន់ចេញដល់ដៃនៅឡើយនោះទេ ដែលនេះជាហេតុធ្វើឱ្យនាងខ្ញុំមានការព្រួយបារម្ភ ចំពោះដីនេះយ៉ាងខ្លាំង។ ក្នុងនោះមិនមែនមានតែក្រុមគ្រួសាររបស់នាងខ្ញុំនោះទេ ក្រុមគ្រួសារទាំងអស់ស្ថិតក្នុងបុរីសៀងណាំខេត្តសៀមរាប ក៏មានការព្រួយបារម្ភជារៀងរាល់ថ្ងៃចំពោះទ្រព្យសម្បត្តិរបស់ខ្លួន ដែលប្រឹងប្រែងរកមួយជីវិតមកហើយយកទៅទិញដី ក្នុងបុរីតាំងពីឆ្នាំ២០១៣ តែមិនមានប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ប្រគល់ឱ្យពួកគាត់ឡើយ។ បន្ទាប់ពីទិញដីក្នុងបុរីសៀងណាំនាងខ្ញុំ និងក្រុមគ្រួសារជាច្រើន ទទួលបានបង្កាន់ដៃសម្គាល់ក្បាលដីដែលចេញតាំងពីឆ្នាំ ២០១៣ តែរហូតមកដល់ថ្ងៃខែសីហា ឆ្នាំ២០១៨ នេះ ពួកយើងទាំងអស់គ្នាពុំទាន់បានទទួលប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុឡើយ។ រយៈពេល៥ឆ្នាំមកនេះ នាងខ្ញុំមានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហានេះ នាងខ្ញុំគិតថាដីរបស់នាងខ្ញុំហាក់ដូចជាមានបញ្ហាអ្វីមួយនៅពីក្រោយខ្នងរឿងនេះ បានជារដ្ឋមិនព្រមចេញប្លង់រឹងឱ្យ។
ទាំងអស់នេះវាជាបញ្ហាដែលត្រូវចោទសួរថា តើក្រសួងរវល់ធ្វើអ្វីបានជាមិនព្រមចេញប្លង់រឹងជូននាងខ្ញុំ ហ៊ុន ស៊ីណាត និងប្រជាពលរដ្ឋនៅក្នុងបុរីសៀងណាំនេះ? ចម្លើយនេះពិតជាមិនដឹងត្រូវឆ្លើយយ៉ាងណាឱ្យសាកសមនោះទេ ប្លង់ដីជាច្រើនក្នុងប្រទេសកម្ពុជាត្រូវបានធ្វើការចេញជូនម្ចាស់ដី ចម្លែកអីដីមួយកន្លែងក្នុងបុរីសៀងណាំខេត្តសៀមរាប ក្រសួងគ្មានពេលវេលាធ្វើប្លង់ចេញជូននាងខ្ញុំនិងប្រជាជនផ្សេងៗទៀត ឬដីមួយដុំនោះមានបញ្ហាអ្វីដែលមិនអាចចេញប្លង់បាន ហើយចេញបានត្រឹមតែបង្កាន់ដៃសម្គាល់លេខក្បាលដីបែបនេះ។ ប្រសិនបើក្រសួងមានការរវល់ខ្លាំងយ៉ាងណាបន្ទាប់ពីចេញបង្កាន់សម្គាល់លេខក្បាលដីក្នុងឆ្នាំ២០១៣ ក្រសួងមិនគួរណាចំណាយពេលដល់ទៅ៥ឆ្នាំហើយ នៅតែមិនទាន់បានសម្រេចចេញប្លង់រឹងឱ្យនាងខ្ញុំ ហើយប្រសិនបើដីមានបញ្ហា ឬទំនាស់នានា គួរណាធ្វើការជូនដំណឹងនិងដោះស្រាយ មិនគួរអូសបន្លាយពេលយូរបែបនេះនោះទេ។
ពាក្យចចាមរ៉ាមនិយាយថា ដីក្នុងបុរីនេះមានការពាក់ព័ន្ធជាមួយដីរបស់អាជ្ញាធរអប្សរាបានជាមិនព្រមចេញប្លង់រឹងឱ្យ ករណីបើមានបញ្ហានេះកើតឡើងមែននោះ ហេតុអ្វីអាជ្ញាធរមិនព្រមធ្វើការចេញមុខដោះស្រាយជាមួយប្រជាពលរដ្ឋ ហេតុអ្វីសុខចិត្តឱ្យនាងខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ដែលរស់នៅក្នុងសង្គម និងប្រជាពលរដ្ឋដ៏ទៃទៀត រស់នៅក្នុងការព្រួយបារម្ភ ចំពោះដីមួយកន្លែងនេះដូច្នោះវិញ? ម្យ៉ាងវិញទៀត ការព្រួយបារម្ភមានកាន់តែខ្លាំងឡើងៗ បន្ទាប់ពីពួកយើងបានដឹងថា ប្លង់រឹងបានចេញឱ្យបុគ្គលមានបុណ្យស័ក្តិ និងមានលុយជាច្រើន ដែលតាមការពិតពួកគេទទួលបានបង្កាន់ដៃដីក្រោយពួកយើងទៅទៀត ចំណែកឯនាងខ្ញុំ និងប្រជាពលរដ្ឋក្នុងបុរីសៀងណាំវិញនៅតែទន្ទឹងរង់ចាំមើលថា តើប្លង់ដីរបស់ខ្លួនពេលណាចេញ ឬបានត្រឹមកាន់បង្កាន់ដៃដីរង់ចាំដោយមិនដឹងពេលណានឹងទទួលបានប្លង់រឹងដូចគេ។
ការណ៍ដែលក្រសួងមិនព្រមចេញនូវប្លង់ដីជូនប្រជាពលរដ្ឋនេះ គឺស្មើនឹងការទុកឱ្យនាងខ្ញុំនិងប្រជាពលរដ្ឋរស់នៅទាំងភាពងងឹត ពុំស្គាល់ច្បាស់ពីច្បាប់ទម្លាប់របស់សង្គមខ្មែរ ហើយត្រូវទទួលរងនូវការខាតបង់ប្រយោជន៍ ប្រាក់កាស ហើយធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើស្ថាប័នរដ្ឋ ជាពិសេសរាជរដ្ឋាភិបាល។
លោកស្រី បានលើកឡើងថា មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាប្លង់ដីមិនព្រមចេញឱ្យនាងខ្ញុំក៏ពិតមែន ក៏នាងខ្ញុំនិងប្រជាពលរដ្ឋដទៃទៀតបានបង់ពន្ធដីធ្លីជារៀងរាល់ឆ្នាំ ដោយពុំដែលមានការប្រឆាំងឬមិនព្រមបង់ពន្ធដោយចេតនានោះទេ។ ជាការសោកស្តាយ នៅពេលមួយនាងខ្ញុំខកខានក្នុងការបង់ពន្ធមួយឆ្នាំ ដោយនាងខ្ញុំមានការរវល់ត្រូវទៅបរទេស មិនអាចត្រឡប់មកវិញទាន់ពេលក្នុងការបង់ពន្ធ នាងខ្ញុំត្រូវរងនូវការផាកពិន័យបង់ក្នុងតម្លៃគុណឡើងពីរទៅបីដង។ ក៏ប៉ុន្តែ នាងខ្ញុំសុខចិត្តទទួលរងការផាកពិន័យនេះ ហើយនាងខ្ញុំចង់បង្ហាញថា នាងខ្ញុំជាពលរដ្ឋរស់នៅក្នុងសង្គមខ្មែរមួយរូប ត្រូវបំពេញតួនាទីជាពលរដ្ឋឱ្យបានល្អ ដោយត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ទោះបីជាប្លង់រឹងមិនទាន់ចេញដល់ដៃនាងខ្ញុំក៏ដោយ។
គិតៗទៅ នេះការតបស្នងមកវិញពីសំណាក់អាជ្ញាធររដ្ឋ មកលើប្រជាពលសាមញ្ញមួយរូបដូចនាងខ្ញុំដែលខំធ្វើខ្លួនជាពលរដ្ឋល្អក្នុងសង្គម គោរពច្បាប់នេះ សូម្បីតែប្លង់ដីដែលនាងខ្ញុំរស់នៅ មួយសន្លឹកក៏គ្មានដែរ តើសាកសមដែរឬយ៉ាងណាសូមអស់លោកមន្ត្រីរាជការជួយពិចារណាផង។ តើរដ្ឋបម្រើសេវាឲ្យរាស្ត្របែបនេះឬយ៉ាងណា? ម្ខាងមិនព្រមផ្តល់សេវា ឬផ្តល់សេវាយ៉ាងយឺតយ៉ាវ ចំណែកឯម្ខាងទៀត ចាំតែផាកពិន័យពីរាស្ត្រ។
តើសេវាសាធារណៈលឿនរហ័ស មានសម្រាប់តែបុគ្គលដែលមានបុណ្យស័ក្តិ មានលុយ? តើបញ្ហារបស់រាស្ត្រភាគច្រើននៅតែមិនត្រូវបានយកចិត្តទុកដាក់ ដោយស្ថាប័នមួយចំនួនជារឿងរហូតឬយ៉ាងណា? តើមន្ត្រីមានសមត្ថកិច្ចទាំងឡាយមានចេតនាស្មោះត្រង់ ចង់ដោះស្រាយបញ្ហាលំបាករបស់រាស្ត្រដែរឬយ៉ាងណា? នេះហើយជាចំណុចដែលរាស្ត្រតែងតែថ្នាំងថ្នាក់នឹងរដ្ឋ ថ្នាក់ដឹកនាំកំពូល ឬរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ។
លោកស្រី ហ៊ុន ស៊ីណាត បានបន្ថែមថា បើកាលណាមិនមានប្លង់រឹងទេ នាងខ្ញុំមានការលំបាកជាខ្លាំងក្នុងការទាញយកប្រយោជន៍នានាពីដីនេះដូចជា ការលក់ដូរ ផ្ទេរមរតក ជួលបញ្ចាំ ហ៊ីប៉ូតែក ជាដើម។ ប្រសិនបើនាងខ្ញុំចង់ធ្វើការលក់ដូរ ពិតជាពិបាកខ្លាំងចំពោះដីដែលមិនមានប្លង់រឹង ព្រោះត្រូវប្រឈមមុខនឹងការបន្ទាបតម្លៃខ្លាំងជាងតម្លៃទីផ្សារ ហើយនេះក៏ជា ឱកាសសម្រាប់ជនខិលខូចឆ្លៀតកេងផលចំណេញ ពេលខ្លះដីនោះលក់មិនចេញក៏ថាបាន។ ក្នុងករណីដែលនាងខ្ញុំ ត្រូវការប្រាក់បន្ទាន់ចង់ដាក់បញ្ចាំដី ហ៊ីប៉ូតែកលើដី ដែលគ្មានប្លង់រឹង ច្បាស់ណាស់ថានឹងទទួលបានតម្លៃទាបមួយ។ ចំណុចទាំងអស់នេះពិតជាជះឥទ្ធិលយ៉ាងខ្លាំងលើសេដ្ឋកិច្ចគ្រួសាររបស់នាងខ្ញុំ និងការរកស៊ីទទួលទានរបស់គ្រួសារប្រជាពលរដ្ឋនីមួយៗយ៉ាងខ្លាំង៕ ដោយ ៖ កូឡាប