ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងការហួសចិត្តខ្លាំងទៀតហើយ ក្រោយពីបានឃើញសកម្មភាពរថយន្ត១គ្រឿង ព្រោះតែចង់ចំណេញខ្លាំង ដោយដឹកទំនិញដ៏លោភលន់ មិនគិតខ្វល់ពីហានិភ័យបង្កគ្រោះថ្នាក់ ហើយជាលទ្ធផល ត្រូវបានក្រឡាប់ផ្ងារជើងតែម្តង។
តាមរយៈវីដេអូ បានបង្ហាញរថយន្ត១គ្រឿង កំពុងចរាចរណ៍នៅលើដងផ្លូវ បានធ្វើឲ្យអ្នកដំណើរភ្ញាក់ផ្អើល និងស្រៀវសាច់គ្រប់ៗគ្នា ខណៈបានឃើញរថយន្តនោះផ្ទុកទំនិញលើសចំណុះរាប់តោន (មិនដឹងថាជាស្រូវ ឬអង្ករ) នោះទេ កំពុងផ្អៀងស្ទើរតែក្រឡាប់ទៅហើយ ប៉ុន្តែ អ្នកបើកបរហាក់មិនខ្វាយខ្វល់យកចិត្តទុកដាក់សោះឡើយ។
ពិតណាស់ ជាមួយស្ថានភាពដ៏បង្កគ្រោះថ្នាក់នេះ រថយន្ត១គ្រឿង ដែលបើកស្របទិសជាមួយពីក្រោយ មិនហ៊ានវ៉ាជែងនោះទេ ព្រោះខ្លាចក្រែងរថយន្តនេះក្រឡាប់ សង្កត់លើ និងបានត្រឹមនាំគ្នារង់ចាំមើលថា តើនឹងមានរឿងអ្វីកើតឡើង។ តែដូចការគិតមិនខុសមែន នៅទីបំផុត រថយន្តនេះក៏បានក្រឡាប់ផ្ងារជើងកណ្តាលផ្លូវតែម្តង ដោយបានគ្រវែងគំនរបាវទំនិញទៅជាយផ្លូវម្ខាង ផ្អើលអ្នកភូមិមកមើលព្រោងព្រាត។
តាមរយៈវីដេអូនេះផងដែរ ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកមានរថយន្តប្រកបរបរដឹកជញ្ជូនគ្រប់ប្រភេទ សូមមេត្តាដឹកផ្ទុកទំនិញឲ្យបានត្រឹមត្រូវ កុំរកស៊ីដឹកលោភលន់ដ៏បង្កគ្រោះថ្នាក់បែបនេះ! ហើយនេះចាត់ទុកជាសំណាងហើយ ដែលខណៈពេលកើតហេតុ ពុំមានរថយន្ត ឬ ម៉ូតូ ធ្វើដំណើរឆ្លងកាត់ ពុំនោះទេ នឹងច្បាស់ជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាក់ជាមិនខាន៕





