ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បានអះអាងថា កាលពីយប់ម៉ិញនេះ មានជនជាតិចិនចំនួន២ក្រុមផ្សេង មានគ្នាប្រមាណ ៣០នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាប។ ព្រមជាមួយគ្នានេះ សមត្ថកិច្ច ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងជនជាតិចិន ទាំងនោះ បន្ទាប់ពីពួកគេបានប្រើហិង្សាវាយទាត់ធាក់គ្នា ហើយបានតដៃ ចំពោះវត្តមានរបស់សមត្ថកិច្ច កាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៩ ខែសីហា ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។
ជម្លោះខាងលើនេះ កើតឡើងនៅចំណុចឆ្នេរអូរឈើទាល ក្បែរផែទូកទេសចរណ៍ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទាក់ទងបញ្ហានេះ មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា ជម្លោះវាយទាត់ធាក់គ្នា រវាងជនជាតិចិន ២ក្រុមផ្សេងគ្នា ដែលមន្ត្រីនគរបាល ឈានដល់ផ្ទុះអាវុធបំបែកហ្វូង ព្រោះជនជាតិចិនទាំងនោះ បានបង្កហិង្សាបណ្តាលឲ្យរងរបួសសមត្ថកិច្ចនគរបាលម្នាក់។
មន្ត្រីនគរបាលមិនបង្ហាញអត្តសញ្ញាណដដែល បានបន្តថា ក្រុមជនជាតិចិន ដែលឈ្លោះទាស់ទែងគ្នានោះ គឺពួកគេមិនខ្លាចញញើត ចំពោះវត្តមាន របស់កម្លាំងសមត្ថកិច្ចនោះទេ។
យ៉ាងណាក៏ដោយចុះ ពេលចុះអន្តរាគមន៍បំបែកជម្លោះហិង្សានោះ កម្លាំងនគរបាល ខេត្តព្រះសីហនុ មិនបានឃាត់ខ្លួនជនជាតិចិនណាម្នាក់ រវាងគូភាគីទំនាស់ទាំងពីរក្រុមនោះទេ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ដែលមានជនជាតិចិន ២ក្រុមឈ្លោះគ្នា បានរិះគន់ ចំពោះកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ ថាមានភាពកម្សោយ និងមិនហ៊ានចាប់ខ្លួនជនជាតិចិនទាំងនោះទេ។
ពួកគេពោលចំអកថា សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ហាក់មិនអាចគ្រប់គ្រងអំពើហិង្សា ដែលជនជាតិចិនទាំង២ក្រុម បង្កជម្លោះនោះទេ៕ ដោយ៖ ដែន សីមា