មាសមិនត្រឹមតែជាគ្រឿងបន្ទាប់បន្សំសម្រាប់លម្អសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទ្រព្យសម្បត្តិដែលអាចប្រើក្នុងពេលមានអាសន្នផងដែរ។ តែយ៉ាងណាមិញ ករណីស្រ្តីម្នាក់នៅក្នុងប្រទេសថៃ ត្រូវបានគេចែករំលែកថា នាងពិតជាមានការអស់សង្ឃឹមយ៉ាងខ្លាំង នៅពេលយកលក់ខ្សែកមាស ទៅលក់សង្ឃឹមថានឹងបានលុយសម្រាប់ថ្លៃសិក្សារបស់កូន តែត្រូវហាងបដិសេធទទួលទិញទេ ដោយថាមិនមែនជាមាស។
ទាក់ទងរឿងដ៏ភ្ញាក់ផ្អើលនេះ គេបានដឹងថា ស្ត្រីនោះមកពីខេត្ត Buriram និងក៏បានបញ្ចេញឲ្យដឹងថា ខ្សែកដែលនាងយកមកលក់ គឺមកពីប្រទេសឥណ្ឌា ជាថ្លៃបណ្ណាការដែលនាងទទួលបានពីអតីតស្វាមីរបស់នាង ដែលបានបែកគ្នាជាងដប់ឆ្នាំមកហើយ។ ជាលទ្ធផល នាងត្រូវរស់នៅជាស្រ្តីមេម៉ាយ ចិញ្ចឹមកូនតែម្នាក់ឯង ដែលជីវិតពិតជាលំបាកខ្លាំងណាស់ ដោយត្រូវជំពាក់បំណុលគេរាល់ថ្ងៃ។
ស្រ្តីរូបនោះបានប្រាប់ថា មុននេះពេលមានអាសន្ន នាងបានយកខ្សែកទៅហាងមាស ដើម្បីលក់ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ស្រាប់តែហាងមាសប្រាប់ថា មិនមែនជាមាសទេ ហើយក៏មិនទិញមាសឥណ្ឌាដែរ។
ទោះជាយ៉ាងណា ដោយនាងនៅតែជឿជាក់ថាជាមាស ដូច្នេះហើយ នាងក៏សម្រេចចិត្តលក់វាទៅឱ្យរោងចក្រចំហុយ។ ចំពោះតម្លៃលក់វិញនាងចង់បានតែត្រឹម ៣ ម៉ឺនបាត ប៉ុណ្ណោះ ហើយនាងក៏មិនដឹងថាអាចទទួលបានឬអត់នោះទេ ព្រោះយកទៅហាង គេមិនទទួលទិញ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលអ្នកបច្ចេកទេសពិនិត្យ ក៏បានរកឃើញថា ខ្សែកនោះជាមាសពិត ជាមាសសុទ្ធ ៨០%។ នៅពេលនោះ ស្រ្តីវ័យក្មេងរូបនេះរំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះបានមានអារម្មណ៍ធូរស្រាលខ្លាំង ពេលទទួលបានការបញ្ជាក់ថា របស់គ្រប់យ៉ាងដែលនាងយកមកលក់ គឺមាសពិត។
តែទោះជាយ៉ាងណា ជាងមាសបានទទួលស្គាល់ថា ខ្សែកនេះពិបាកវាយតម្លៃណាស់ ព្រោះវាធ្វើពីត្បូង។ ហេតុនេះ បើគាត់ត្រូវរំលាយ អតិថិជននឹងសោកស្តាយបន្តិច។ ទោះជាយ៉ាងណា អតិថិជនបានសម្រេចចិត្ត ឱ្យរំលាយ ដោយសារតែនាងមិនទុកពាក់វាទៀតទេ។
បន្ទាប់មក ជាងមាសបានសម្រេចចិត្តទិញ និងរំលាយមាសទាំងអស់ ដែលអតិថិជននាំយកមកលក់ លើកលែងតែកូនព្រះ ដែលនាងចង់ទុកសម្រាប់កូនរបស់នាង។ លទ្ធផលចុងក្រោយ ជាងមាសបានវាយតម្លៃតម្លៃថា អាចលក់បាន ៧៩,៤៤៧ បាត ដែលធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះនេះជាតម្លៃដែលលើសពីការរំពឹងទុករបស់នាង៕


