Saturday, August 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាមួយចំនួន ទទួលបានការឈប់សម្រាកច្រើនថ្ងៃពេក ធ្វើឱ្យមន្ត្រីយោធាផ្សេងទៀត អាក់អន់ស្រពន់ចិត្ត អាចខឹងដល់មេផ្ទាល់ និងថ្នាក់លើ

ប្រភពព័ត៌មានពីផ្នែកបុគ្គលិក-នាយកដ្ឋានផែនការនៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ បានបង្ហើបប្រាប់សារព័ត៌មាន CEN ឱ្យដឹងថា នៅកន្លែងធ្វើការរបស់ពួកគេសព្វថ្ងៃនេះ មានមន្ត្រីយោធាមួយចំនួន (នាយទាហាន នាយទាហានរង និងពលបាល) ហាក់ដូចជាខ្វះការគោរពវិន័យកងទ័ពខ្លាំងណាស់ទាក់ទងនឹងការដើរហើរ ឬមិនចូលកន្លែងបំពេញការងារ, ពោលគឺ អ្នកខ្លះសុំច្បាប់សម្រាកទៅនេះ ទៅនោះ អ្នកខ្លះតិចថ្ងៃ អ្នកខ្លះច្រើនថ្ងៃ រហេតរហូតដូចកន្លែងធ្វើការគ្មានច្បាប់ទម្លាប់ ប៉ុន្តែធាតុពិត កន្លែងធ្វើការមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺមកពីបុគ្គលមន្ត្រីយោធាមិនគោរព ហើយមន្ត្រីយោធាខ្លះ មានបក្ខពួកចេះតែបណ្ដែតបណ្ដោយ។

ដ្បិតអីប្រភពព័ត៌មាននេះ មានចរិតរាងច្រណែនគ្នាបន្តិចមែន ដោយសារមន្ត្រីយោធាស្លូតត្រង់ខ្លះ ខូចចិត្តរឿងខ្លួនឯងអត់បក្ខពួក ពិបាកក្នុងការសុំច្បាប់ ជារឿងមួយ… ឬពេលឃើញមន្ត្រីយោធាខ្លះ មានសេរីភាពហៀរកែង មិនបំពេញការងារបានល្អិតល្អន់ គ្រប់គ្រាន់ ត្រឹមត្រូវតាមវិន័យកងកម្លាំងនៃក្រសួងការពារជាតិ ក៏ផ្ដល់ប្រភពព័ត៌មានមួយនេះឱ្យ CEN ជួយធ្វើការផ្សព្វផ្សាយ ដើម្បីបានមេៗដឹងឮ ហើយជួយរឹតបន្តឹងច្បាប់ទម្លាប់វិន័យកងកម្លាំងឡើងវិញ។

ជាក់ស្ដែង ដូចជា លោកវរសេនីយ៍ទោម្នាក់ និងលោកពលបាលត្រីម្នាក់ (ត្រូវជាក្មួយ-ពូនឹងគ្នា , សូមលាក់ឈ្មោះសិន ទុកមុខមាត់ឱ្យបន្តិចចុះ) , តាមប្រភពថា អ្នកទាំងពីរនេះ ទិញឈ្មោះគេ ទម្រាំនឹងទទួលបានប្រាក់ខែយូរឆ្នាំហើយ, ពេលនេះ មានមុខងារជាមន្ត្រីជំនួយការនាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ និងធ្វើការនៅនៅនាយកដ្ឋានជាមួយគ្នា មិនដឹងថា មានបេសកកម្មពិសេសអ្វី ឬក៏មានសិទ្ធិពិសេសអ្វី បានជាចាកចេញពីប្រទេសកម្ពុជា ក៏ដូចជាចាកចេញពីការិយាល័យ កន្លែងធ្វើការ ចាប់តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥ ទៅហើយ នៅមិនទាន់ចូលកន្លែងធ្វើការងារទៀត គឺមន្ត្រីយោធា ពូ-ក្មួយនឹងគ្នានេះ ដើរហើរទៅលេងកម្សាន្តសប្បាយនៅឯសហរដ្ឋអាមេរិក ឯនាយសមុទ្រ ចោលការងារ ឬ ស្មើនឹងឈប់ច្រើនថ្ងៃ មិនបានបំពេញការងាររយៈពេលលើសពី ១០ថ្ងៃទៅហើយ។ បើតាមច្បាប់កងយោធពលខេមរភូមិន្ទ មានសភាពតឹងតែងណាស់ តើលោកវរសេនីយ៍ទោ និងលោកពលបាលត្រី ត្រូវជាក្មួយ-ពូនឹងគ្នាពីរនាក់នេះ មានសិទ្ធិពិសេសអ្វី ?! សូមលោកឧត្តមសេនីយ៍ មេផ្ទាល់ ជួយបំភ្លឺផង ដើម្បីឱ្យមន្ត្រីយោធាដទៃទៀត ក៏ដូចសាធារណជន បានដឹងពីវិន័យតឹងតែងរបស់កងកម្លាំងនៃក្រសួងការពារជាតិ។ 

ទាក់ទងនឹងបញ្ហាវិន័យកងកម្លាំងនៃក្រសួងការពារជាតិ និងបុគ្គលមន្ត្រីយោធាមួយចំនួន ដើរហើរច្រើនថ្ងៃចោលកន្លែងធ្វើការនេះ CEN បានជម្រាបសួរតាមតេឡេក្រាមទៅកាន់ លោកឧត្តមសេនីយ៍ ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ សុំការបំភ្លឺ និងពន្យល់អំពីបុគ្គលមន្ត្រីយោធា លោកវរសេនីយ៍ទោ និងលោកពលបាលត្រី ត្រូវជាក្មួយ-ពូនឹងគ្នា ពីរនាក់នេះ មានសិទ្ធិពិសេសអ្វី?! លោកឧត្តមសេនីយ៍អគ្គនាយក បានឆ្លើយតបខ្លីថា នាយទាហាន ពលទាហាន នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស មានជាងពីរពាន់នាក់ ខ្ញុំដឹងមិនអស់ទេ, សូមលោកទាក់ទងទៅការិយាល័យបុគ្គលិក។

ដូច្នេះ CEN ក៏បានខ្នះខ្នែងសួរតាមតេឡេក្រាមទៅ លោកឧត្តមសេនីយ៍ អិន សាអៀន ទទួលបន្ទុកបុគ្គលិក នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ, ហើយលោកឧត្តមសេនីយ៍ បានឆ្លើយតបថា ចាំខ្ញុំសាកសួរព័ត៌មានទៅអង្គភាពសាមីសិន, រួចហើយ អរគុណ CEN, ជាបន្តបន្ទាប់មក គឺប៉ុន្មានថ្ងៃក្រោយមកនេះ ក៏ស្ងាត់ទៅ ពុំទាន់មានការផ្ដល់ព័ត៌មានបន្ថែមទេ។

ជាការចង់ដឹងព័ត៌មានទាក់ទងទៅនឹងវិន័យកងកម្លាំង និងការឈប់សម្រាក នឹងអាលផ្សព្វផ្សាយព័ត៌មានឆ្លើយតបទៅនឹងមន្ត្រីយោធាមួយចំនួន និងសាធារណជន ដែលចង់ដឹងអំពីវិន័យមួយនេះ, CEN ក៏ស្វះស្វែង សុំការបំភ្លឺតាមតេឡេក្រាម ទៅដល់លោកឧត្តមសេនីយ៍ មាន ប៊ុនឡី នាយរងនាយកដ្ឋានផែនការ (ទទួលបន្ទុកបុគ្គលិក) នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ ជាបន្តទៀត, ប៉ុន្តែឧត្តមសេនីយ៍រូបនេះ មិនបានមើលឃើញឆាតតាមតេឡេក្រាមនោះទេ។

ដូច្នេះ ព័ត៌មានទាក់ទងនឹងមន្ត្រីយោធាមួយចំនួន រួមមាន នាយទាហាន នាយទាហានរង និងពលបាល ផ្នែកបុគ្គលិក-នាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ ហាក់ដូចជាខ្វះការគោរពវិន័យកងទ័ព ដើរហើរ ឬមិនចូលកន្លែងធ្វើការច្រើនថ្ងៃ ដែលធ្វើឱ្យមានការច្រណែនពីមន្ត្រីយោធាត្រឹមត្រូវនោះ CEN មិនទាន់ទទួលបានការបំភ្លឺបកស្រាយពីថ្នាក់លើនៃផ្នែកបុគ្គលិក-នាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ នៅឡើយទេ។

បើយោងតាមអនុក្រឹត្យ របស់ រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០០២ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ÷

មាត្រា ១៩ : យោធិនគ្រប់រូប ដែលបានបម្រើការជាអចិន្ត្រៃយ៍ក្នុងមុខងារ មានសិទ្ធិសុំច្បាប់ឈប់សម្រាកចំនួន ៤៥ថ្ងៃ ក្នុងមួយឆ្នាំ តែមួយដង, ឬបែងចែកជាច្រើនដង ប៉ុន្តែត្រូវមានមួយដងយ៉ាងតិច ១៥ថ្ងៃ។ ការគិតចំនួនថ្ងៃឈប់សម្រាក ត្រូវកំណត់ ៤ថ្ងៃ ក្នុងមួយខែសម្រាប់យោធិនដែលមិនបានបម្រើការងារពេញមួយឆ្នាំ។

មាត្រា ២០ : យោធិនគ្រប់រូប ដែលបានចាត់ឱ្យទៅបំពេញការងារ ឬទៅសិក្សានៅឯបរទេស ដែលមានរយៈពេលចាប់ពី ៦ខែ ឡើងទៅ អាចសុំច្បាប់ឈប់សម្រាកបានមុនពេលចេញបេសកកម្ម ចំនួន  ១៥ថ្ងៃ។ ច្បាប់ឈប់សម្រាកនេះ មិនត្រូវលើសពី ៣០ថ្ងៃឡើយ។ 

ទោះជាយ៉ាងណា គេពិនិត្យឃើញការឈប់សម្រាករបស់ លោកវរសេនីយ៍ទោម្នាក់ និងលោកពលបាលត្រីម្នាក់ (ត្រូវជាក្មួយ-ពូនឹងគ្នា) ខាងលើនេះ ច្រើនថ្ងៃយ៉ាងនេះ ជាពិសេស ទៅដើរលេងទទេៗនៅឯនាយសមុទ្រសហរដ្ឋអាមេរិក, មិនដឹងថា មានបេសកកម្មអ្វីខ្លះ ឬមានសិទ្ធិពិសេសអ្វី សមហេតុផល សមស្របតាមក្របខ័ណ្ឌក្រសួងការពារជាតិ យ៉ាងម៉េចខ្លះនោះទេ ទើបមេផ្ទាល់របស់ពួកគេ អនុញ្ញាតឱ្យដើរហើរចោលកន្លែងធ្វើការច្រើនថ្ងៃបែបនេះ។ មួយវិញទៀត បើយោធិន ប្រើសិទ្ធិសុំច្បាប់ឈប់សម្រាកច្រើនថ្ងៃក្នុងពេលមានធុរៈគ្រួសារ ឬបេសកកម្មច្រើនថ្ងៃនោះ គឺបែបបទ និងរយៈពេលឈប់សម្រាក ត្រូវកំណត់តាមប្រកាសរបស់ក្រសួងការពារជាតិ, នេះបើយោងតាមមាត្រា ២១ ស្ដីពី បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ៕ ពិសិដ្ឋ CEN 

×