Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរឹងរូស និងភាពចង់បានដ៏ហួសប្រមាណ ចុងក្រោយ ម្ចាស់ផ្ទះសោកស្តាយមួយជីវិត ព្រោះសំណងក៏អត់ រីឯផ្ទះគឺបែបនេះ

កាលពីប៉ុន្មានឆ្នាំមុន រដ្ឋាភិបាលចិន បានទិញផ្ទះប្រជាជនដែលរស់នៅទីតាំង សម្រាប់ការ​សាងសង់​ផ្លូវ​ថ្មី ដោយនឹងផ្តល់សំណងដ៏សមរម្យ។ តែចម្លែកខុសគេតែម្ចាស់ផ្ទះមួយនៅទីក្រុង Jinxi ភាគនិរតីនៃទីក្រុងសៀងហៃ បានបដិសេធទទួលយកសំណងដែលមិនពេញចិត្ត របស់រដ្ឋាភិបាលនោះទេ ដោយសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងកាន់តែប្រសើរជាងនេះ។

ទោះជាយ៉ាងណា, ការរឹងរូស និងសេចក្តីចង់បានដ៏ហួសប្រមាណ បានធ្វើឲ្យម្ចាស់ផ្ទះនោះខកចិត្តយ៉ាងខ្លាំង ដោយសារតែរដ្ឋាភិបាលបានសម្រេចចិត្តសាងសង់ផ្លូវព័ទ្ធជុំវិញទ្រព្យសម្បត្តិរបស់បុរសនោះ ជំនួសឱ្យការចំណាយលុយ ទៅតាមការទាមទារដ៏មិនសមហេតុផលរបស់គាត់ ខណៈដែលម្ចាស់អចលនទ្រព្យផ្សេងទៀតទាំងអស់ នៅក្នុងតំបន់បានលក់ដីរបស់ពួកគេទៅឱ្យរដ្ឋាភិបាល ដោយទុកឱ្យម្ចាស់ផ្ទះនោះ រស់នៅឯកោកណ្តាលផ្លូវហាយវេតែឯង។

លោក Huang Ping ដែលជាម្ចាស់ផ្ទះរឹងរូស បានប្រាប់អ្នកយកព័ត៌មានទាំងទឹកមុខក្រៀមក្រំថា «ប្រសិនបើខ្ញុំអាចបង្វិលពេលវេលាត្រឡប់មកវិញបាន ខ្ញុំនឹងយល់ព្រមតាមលក្ខខណ្ឌនៃការរុះរើដែលពួកគេផ្តល់ជូន… ឥឡូវ​នេះ​​មាន​អារម្មណ៍​ថា ​ខ្ញុំ​ចាញ់​ការ​ភ្នាល់​ដ៏ធំ​មួយ ខ្ញុំពិតជាសោក​ស្តាយ​ខ្លាំង»។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់ដ៏រឹងរូសនោះ ដែលរស់នៅជាមួយចៅប្រុសអាយុ ១១ ឆ្នាំ ត្រូវបានផ្តល់សំណងជូន ១.៦ លានយន់ (ស្មើនឹង ២២០,៧០០ ដុល្លារ) ។ តែទោះជាយ៉ាងណា បុរសចំណាស់រូបនេះបានបដិសេធទទួលយកទេ ដោយសង្ឃឹមថា នឹងទទួលបានការផ្តល់ជូនកាន់តែល្អជាងនេះ ដោយគាត់បានវាយតម្លៃខ្ពស់លើការចាប់អារម្មណ៍របស់អាជ្ញាធរចិន ចំពោះទ្រព្យសម្បត្តិរបស់គាត់ តែទីបំផុត គាត់ក្លាយជាម្ចាស់ «ផ្ទះក្រចក» ដែលជានិមិត្តរូបនៃការតស៊ូរវាងម្ចាស់ផ្ទះរឹងរូស និងរដ្ឋចិន។

ខណៈពេលកំពុងសាងសង់ផ្លូវ លោក Huang ត្រូវបានដឹងថា បាន​ត្រូវ​ឆ្លង​កាត់​លូ​បេតុង ​ដើម្បី​ចាក​ចេញ​ពី​ផ្ទះ​ដាច់​ស្រយាល​នៅ​កណ្តាល​ផ្លូវ​ហាយវ៉េ ដោយបាន​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​កណ្តាល​ក្រុង Jinxi ដែល​នៅ​ឆ្ងាយ​ពី​សំឡេង​រំខាន ​ពី​ការ​ដ្ឋាន​សំណង់​ជុំវិញ​ផ្ទះ​របស់​គាត់ ហើយ​ត្រឡប់​មក​វិញ​តែ​នៅ​ពេល​ល្ងាច​ពេល​កម្មករ​ចាកចេញ។ ប៉ុន្តែ​គាត់​បារម្ភ​ថា អ្វីៗ​នឹង​កាន់តែ​អាក្រក់​ទៅៗ ​នៅ​ពេល​ដែល​ផ្លូវ​ហាយវេ​នេះ​ត្រូវ​បាន​សម្ពោធ។ ជាក់ស្តែង ដំបូល​ផ្ទះ​របស់​គាត់​ស្មើ​នឹង​ផ្លូវ​ម៉ូតូឡាន ហើយ​សំឡេង​រំខាន​នៃ​ចរាចរណ៍​ដែល​ឆ្លងកាត់ ​ច្បាស់​ជា​ទ្រាំ​មិន​បាននោះទេ​។

សម្រាប់ពេលនេះ ផ្ទះក្រចករបស់ Huang Ping គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ចម្លែកមួយ ដោយសារតែទីតាំងមិនធម្មតារបស់វា នៅចំកណ្តាលផ្លូវហាយវេ ប៉ុន្តែការចាប់អារម្មណ៍ទាំងអស់នេះ គឺគ្រាន់តែចង់រំលឹកបុរសចំណាស់នេះ អំពីការសម្រេចចិត្តមិនល្អរបស់គាត់ប៉ុណ្ណោះ៕