ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់មហាសេដ្ឋី Elon Musk ដែលជារដ្ឋមន្ដ្រីនៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក បាននិងកំពុងធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទទួលជំនួយពីរដ្ឋាភិបាលអាមេរិកមួយចំនួន ស្ថិតក្នុងភាពស្រពិចស្រពិលនៃជោគវាសនារបស់ខ្លួន មិនដឹងថា អាចនៅបន្ដវត្ដមានតទៅទៀត ឬក៏ត្រូវបាត់ឈ្មោះពីសង្វៀនផ្សព្វផ្សាយ ខណៈប្រព័ន្ធផ្សព្វផ្សាយខ្លះមានអាយុក្បែរ១០០ឆ្នាំហើយក៏មាន, តើលោក Elon Musk បានប្រកាសបែបណាខ្លះទើបធ្វើឱ្យរំជើបរំជួលដូច្នេះ?
តាមរយៈបណ្ដាញសង្គម X មហាសេដ្ឋីលុយវាល់លានដុល្លារ Elon Musk បានស្នើឱ្យបិទប្រព័ន្ធផ្សព្វផ្សាយ វិទ្យុអឺរ៉ុបសេរី (Radio Free Europe/RFE), វិទ្យុសេរីភាព (Radio Liberty/RL) និងវិទ្យុ សំឡេងសហរដ្ឋអាមេរិក (Voice of America/VOA)។ វិទ្យុអឺរ៉ុបសេរី (RFE) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ និងវិទ្យុសេរីភាព (RL) ដែលបង្កើតឡើងក្នុងឆ្នាំ១៩៥៣ សុទ្ធតែជាវិទ្យុដែលមានអាយុកាលចំណាស់ដូចគ្នា គឺជាង៧០ឆ្នាំ។ ចំណែកឯវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បង្កើតឡើងកាលពីឆ្នាំ១៩៤២ មានអាយុកាលជាង៨០ឆ្នាំទៅហើយ។ សំណើរបស់លោក Musk គឺជារឿងនឹកស្មានមិនដល់ ទើបកើតជាក្តីបារម្ភដល់វិទ្យុដទៃទៀតដែលទទួលមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ហេតុអ្វីបានជានៅសុខៗ លោក Elon Musk ទទូចឱ្យបិទស្ថាប័នវិទ្យុទាំងនេះ?
កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តាមរយៈបណ្ដាញសង្គម X លោក Richard Grenell បេសកជនពិសេសប្រធានាធិបតីអាមេរិក បានរិះគន់ដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសវិទ្យុអឺរ៉ុបសេរី (RFE) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។ លោកថា វិទ្យុទាំងនេះទទួលបានលុយដែលពលរដ្ឋអាមេរិកបង់ពន្ធ តែក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បែរជាពោរពេញទៅដោយសកម្មជនឆ្វេងនិយមទៅវិញ។ លោកបន្ថែមថា លោកបានធ្វើការជាមួយអ្នករាយការណ៍របស់វិទ្យុទាំងនេះច្រើនទសវត្សហើយ វាគឺចាស់គំរឹលណាស់ មិនចាំបាច់ត្រូវការឱ្យរដ្ឋាភិបាលចំណាយលុយលើប្រព័ន្ធផ្សព្វផ្សាយរបៀបនេះទៀតឡើយ។
គ្រាន់តែលោក Grenell បានបង្ហោះសារនេះរួច លោក Musk ឆ្លើយតបភ្លាមៗថា «ត្រឹមត្រូវហើយ! បិទពួកវា (ស្ថាប័ន) ទាំងនោះចោលទៅ!»។ លោកថា អង្គភាពព័ត៌មានទាំងពីរនេះ គ្រាន់តែជាក្រុមមនុស្សឆ្វេងនិយមជ្រុល និយាយតែពីក្រុមបក្សពួកខ្លួនឯងតែប៉ុណ្ណោះ ខណៈដែលពួកគេបានចាយលុយខ្ជះខ្ជាយប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ សុទ្ធតែជាលុយបានមកពីអ្នកបង់ពន្ធនៅអាមេរិក។
បើមើលមួយជ្រុងទៀត លោក Elon Musk បានទទួលសិទ្ធិពីលោកប្រធានាធិបតីទី៤៧អាមេរិក Donald Trump ឱ្យត្រួតពិនិត្យឡើងវិញទៅលើប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ដោយសារតែមានខួរក្បាលជាអ្នកជំនួញមិនខុសពីលោក Trump ផងនោះ Elon Musk មើលឃើញការកាត់បន្ថយចំណាយមិនចាំបាច់ គឺជារឿងអាទិភាពមួយ។ ជាក់ស្ដែងលោកក៏បានស្នើឱ្យផ្អាកជំនួយដែលអាមេរិកផ្ដល់ទៅអន្ដរជាតិតាមរយៈទីភ្នាក់ងារ USAID ផងដែរ ព្រោះគិតថា ជាការចំណាយដែលអាមេរិកខាតបង់។ បើសូម្បីតែជំនួយតាមរយៈ USAID ដែលផ្ដល់ផលដល់បណ្ដាប្រទេសរាប់សិបនៅលើពិភពលោក ត្រូវ Elon Musk ស្នើឱ្យផ្អាក និងកំពុងទទូចឱ្យបិទចោលទៅហើយ រឿងអីដែលត្រឹមប្រព័ន្ធផ្សព្វផ្សាយ២ឬ៣ ដែលលោកថាកំពុងចាយលុយរដ្ឋអត់អំពើ លោកមិនហ៊ានស្នើឱ្យបិទនោះ?
មែនទែនទៅ ចំពោះគោលជំហរនៃការផ្សព្វផ្សាយរបស់វិទ្យុខាងលើនេះ ពិសេសគឺ VOA ក៏ទទួលការរិះគន់មិនស្ទើរដែរពីបណ្ដាអន្ដរជាតិ ថាផ្សព្វផ្សាយមិនបម្រើឱ្យគោលនយោបាយដើមរបស់អាមេរិក ផ្ទុយទៅវិញបម្រើឱ្យតែអ្នកនយោបាយមួយក្ដាប់តូច។ នៅក្នុងចំណោមអ្នករិះគន់ VOA ក៏មានកម្ពុជាមួយដែរ ព្រោះ VOA ធ្លាប់បានផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសកម្ពុជា។ ឧទាហរណ៍ដូចការចុះផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»” ជាដើម ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាការផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ។ ក្រៅពីនេះ នៅមានការផ្សព្វផ្សាយផ្សេងៗទៀត ដែលមិនបានឆ្លុះបញ្ចាំងពីការពិត។
និយាយដល់ការផ្សព្វផ្សាយខុសពីការពិត មានចរិតញុះញង់បង្កអសន្ដិសុខនៅកម្ពុជានេះទៀតសោត ធ្វើឱ្យគេនឹកឃើញដល់វិទ្យុមួយទៀតដែលទទួលជំនួយពីរដ្ឋាភិបាលអាមេរិកដូចគ្នា គឺវិទ្យុអាស៊ីសេរី (RFA) ផ្សាយជាភាសារខ្មែរ។ ជាធម្មតាការមានប្រព័ន្ធផ្សព្វផ្សាយបំពេញការងារតាមវិជ្ជាជីវៈ គឺជារឿងល្អសម្រាប់សង្គមប្រជាធិបតេយ្យ។ ប៉ុន្ដែប្រសិនបើមានប្រព័ន្ធផ្សព្វផ្សាយមិនគោរពក្រមសីលធម៌ រង់ចាំតែចាប់កំហុសភាគីម្ខាងហើយលើកជើងភាគីម្ខាងទៀត គឺជាមហន្ដរាយនៃសង្គមប្រជាធិបតេយ្យ។ RFAផ្សាយជាភាសាខ្មែរ ត្រូវបានគេមើលឃើញថា មាននិន្នាការផ្អៀងទៅរកក្រុមប្រឆាំងនៅក្រៅប្រទេស គឺក្រុមលោក សម រង្ស៊ី ហើយដែលប្រឆាំងដាច់ណាត់នឹងសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាល់សកម្មភាពអភិវឌ្ឍន៍ជាតិដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើ មិនធ្លាប់ត្រូវបាន RFA សរសើរម្ដងណាឡើយ ផ្ទុយទៅវិញមានតែលាបពណ៌ឱ្យឃើញអាក្រក់ ដើម្បីផ្គាប់ចិត្ដបុគ្គល ឬក្រុមដែលខ្លួនគាំទ្រ។
RFA ក៏តែងហុចមេក្រូឱ្យលោក សម រង្ស៊ី និងបក្សពួក បញ្ចេញមតិយោបល់ប្រមាថតាមចិត្ដចង់ទៅលើថ្នាក់ដឹកនាំកម្ពុជា មិនបានគិតពីសច្ចភាពនោះឡើយ។ និយាយពីមន្ដ្រីអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ចាប់ផ្ដើមអស់ជំនឿ លែងចង់ផ្ដល់ចម្លើយឱ្យទៅវិទ្យុនេះ ព្រោះរាល់ខ្លឹមសារដែលបានឆ្លើយតប ត្រូវវិទ្យុនេះច្បិចយកតែចំណុចខ្លួនចង់បាន ធ្វើឱ្យបាត់ខ្លឹមសារដើមបង្កការភាន់ច្រឡំពីសាធារណជនមកលើរាជរដ្ឋាភិបាល។ ទង្វើវាយប្រហារមកលើរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន អាចសបញ្ជាក់ពីចេតនារបស់វិទ្យុនេះបាន។
មានរឿងច្រើនណាស់ដែល RFA ផ្សព្វផ្សាយខុសពីការពិតនៃអ្វីដែលបានកើតឡើង ហើយត្រូវបានក្រសួង ស្ថាប័ននានានៅកម្ពុជាចេញការបំភ្លឺ ច្រានចោលជាហូរហែ។ បើនៅតែបែបហ្នឹង តើគួរបញ្ចូល RFA ក្នុងបញ្ជីស្នើឱ្យបិទដូច RFE និង VOA ដែរឬយ៉ាងណា? ប្រសិនបើមានការស្ទង់មតិពីប្រជាពលរដ្ឋខ្មែរ ជឿជាក់ថាពលរដ្ឋភាគច្រើននឹងឯកភាពឱ្យបិទតែម្ដង។
បើបិទ RFA និង VOA តើកម្ពុជានឹងមានផលចំណេញយ៉ាងណាខ្លះ?
ផលចំណេញបំផុតទីមួយដែលកម្ពុជាទទួលបាន គឺភាពស្អាតស្អំដែលធ្លាប់ត្រូវបានវិទ្យុទាំងពីរនេះបំភ្លៃទាំងងងើល។ លើសពីនេះទៅទៀត ទំនាក់ទំនងរវាងកម្ពុជាជាមួយអាមេរិក ក៏នឹងអាចឈានដល់កម្រិតមួយប្រសើរជាងមុន ព្រោះគ្មានអ្នកចាំលាបពណ៌កម្ពុជា ឬរារាំងដល់កិច្ចសហការប្រទេសទាំងពីរ។ ចំណុចមួយទៀត ក្រុមប្រឆាំងជ្រុលនិយមដែលអង្គុយចាំតែចាប់កំហុសរាជរដ្ឋាភិបាលកម្ពុជា ក៏គ្មានឧបករណ៍បំពងសំឡេងរបស់ពួកគេបានដូចមុនដែរ។ ដ្បិតសកម្មភាពពួកគេមិនអាចបង្អាក់ដំណើរការអភិវឌ្ឍរបស់កម្ពុជា តែចង់មិនចង់វានឹងជះផលអវិជ្ជមានតិចតួច តាមរយៈការផ្សព្វផ្សាយបំផ្លើសការពិតរបស់វិទ្យុទាំងនេះ។
សរុបមក អាមេរិកគប្បីពិចារណាលើដំណើរការផ្សព្វផ្សាយរបស់វិទ្យុទាំងនេះឡើងវិញ បើមិនចង់ឱ្យប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ខ្លួន ប៉ះពាល់ដល់កិត្ដិនាមជាប្រទេសមហាអំណាចផុតលេខ និងជាបិតាប្រជាធិបតេយ្យដែលធ្លាប់និយាយពេញៗមាត់៕ CEN




