Friday, February 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី : សូមកុំយកនយោបាយ ទៅលាយឡំជាមួយនឹងការដោះស្រាយបញ្ហាព្រំដែន ត្រូវទុកកិច្ចការនេះឲ្យគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃជាអ្នកដោះស្រាយដោយផ្អែកលើកមូលដ្ឋានបច្ចេកទេស

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសូមកុំយកនយោបាយ ទៅលាយឡំជាមួយនឹងការដោះស្រាយបញ្ហាព្រំដែនដែលបង្កជាបញ្ហាស្មុគស្មាញ។ ត្រូវទុកកិច្ចការនេះឲ្យគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃដែលជាយន្តការផ្លូវការរបស់រាជរដ្ឋាភិបាលទាំងពីរ ជាអ្នកដោះស្រាយដោយផ្អែកលើកមូលដ្ឋានបច្ចេកទេស លិខិតតុបករណ៍នានាដែលភាគីទាំងពីរបានឯកភាព និងច្បាប់អន្តរជាតិ។

ក្នុងឪកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរក្សាសុខសន្តិភាព និងសាមគ្គីភាព គឺជាកត្តាចាំបាច់ក្នុងរក្សាភាពរឹងមាំរបស់ខ្មែរ និងមិនធ្វើឱ្យខ្មែរចុះខ្សោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើទៅអ្នកនយោបាយខ្មែរ និងថៃ កុំលូកលាន់កិច្ចការព្រំដែន សូមទុកលទ្ធភាពឱ្យអ្នកបច្ចេកធ្វើការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចង់បានសុខសន្តិភាព តែកម្ពុជា ក៏អាចប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ ព្រមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ឆ្នាំ២០០៨ គឺគ្រប់គ្រាន់ហើយ កុំយករឿងនយោបាយបង្កើតជាបញ្ហារវាងប្រទេស និងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ពេលមានបញ្ហាទឹកដី ជាក់ស្តែងពេលមានជម្លោះជាមួយប្រទេសថៃ មិនឃើញមុខអ្នកនយោបាយអួតស្នេហាជាតិនៅក្រៅប្រទេសនោះទេ គឺមានតែមុខត្រកូល «ហ៊ុន» ហ្នឹងឯង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនស្នេហាជាតិតែក្រុមអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេសនោះទេ សម្តេចតេជោ, សម្តេច និងត្រកូល «ហ៊ុន» ក៏ស្នេហាជាតិដែរ។

សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ឆ្នាំ២០០៨ ឈានដល់ឆ្នាំ២០១១ ក្នុងគ្រាប៉ះគ្នាជាមួយប្រទេសថៃនៅព្រះវិហារ នាពេលនោះ ប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាល ហើយសម្ដេចតេជោបញ្ជាផ្ទាល់ ក្នុងនាមជានាយករដ្ឋមន្រ្តី, ហើយសម្ដេចមហាបវរធិបតី ពេលនោះទោះមិនមែនជាមេបញ្ជាការរងកងទ័ពជើងគោក ក៏ជាមួយផ្នែកតូច ដែលបានចេញមុខចូលរួមដោះស្រាយផ្ទាល់ក្នុងសមរភូមិ នាគ្រានោះដែរ។

ក្នុងនាមជាអ្នកដែលបានចុះធ្វើការផ្ទាល់ជាមួយកងទ័ព នៅក្នុងសមូរភូមិនោះ សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ឱ្យដឹងថា៖ «២០០៨ផ្ទុះអាវុធ ពេលនោះរដ្ឋាភិបាលសម្ដេចតេជោ ដឹកនាំបញ្ជូនកម្លាំងយើងទៅ រួមនឹងកងពល៤២ ខ្ញុំឡើងនៅដល់នោះ ខ្ញុំឡើងពេលដែលគ្រាប់កំពុងតែរង្គើ ខ្ញុំបញ្ជូនកម្លាំងពីអង្គភាពរបស់ខ្ញុំខាងទ័ពពិសេសឡើងទៅ ខ្ញុំទៅផ្ទាល់ជាមួយទីបញ្ជាការជួរមុខនៅសម្រោង ទៅដល់តែប៉ុន្មានគីឡូពីភ្នំហ្នឹងទេ អាBM ដំបូងកាំភ្លងធំថៃចេញមក បន្ទាប់មកBM យើងចេញទៅឡើតរង្គើដី។ ខ្ញុំឃើញទាហានដែលរបួសស្លាប់នៅសមរភូមិ ខ្ញុំឃើញជនភៀសខ្លួនដែរ វេទនាជម្លៀសចេញទៅនៅក្នុងជំរំ វេទនាណាស់។ អ្នកទាំងអស់គ្នាដែលថាស្នេហាជាតិ នៅឯណាពេលនោះ? មិនត្រឹមតែមិនជួយទេ កាលណោះអតីតសង្រ្គោះជាតិ លោក សុន ឆៃ ពេលដែលយើងទូទាំងប្រទេសអបអរសាទរដាក់ប្រាសាទព្រះវិហារ ក្នុងបេតិកភណ្ឌ លោក សុន ឆៃ ចេញទៅសម្ភាសន៍ថាគាត់មិនអបអរទេ ថាអាហ្នឹងគឺជាល្បិចស្មោកគ្រោករបស់គណបក្សប្រជាជន ចចារជាមួយថៃរឿងផលប្រយោជន៍សេដ្ឋកិច្ចឯណាឆ្កុយទៅវិញ»។

តាមរយៈរឿងរ៉ាវបែបនេះហើយ ទើបសម្ដេចបានចោទជាសំណួរថា៖ « ក្នុងនាមខ្ញុំជាមេបញ្ជាការរងកងទ័ពជើងគោកពេលនោះ ដឹកនាំប្រជុំជាមួយមេជើងគោកថៃនៅជាំ ដើម្បីផ្អាកការវាយគ្នា ខ្ញុំក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោកពេលហ្នុង ជាមួយឯកឧត្តម ស្រី ដឹក ចចារជាមួយដើម្បីផ្អាកការប្រយុទ្ធគ្នា ខ្ញុំក៏បានចូលរួមមួយផ្នែកតូចដែរ អស់លោកដែលជេខ្ញុំថា អាក្បត់ជាតិហ្នឹងនៅឯណាពេលនោះ? មិនមែនស្នេហាជាតិ តែអស់លោកឯងទេ ខ្ញុំក៏ស្នេហាជាតិ ត្រកូលខ្ញុំ គ្រួសារខ្ញុំ ឪខ្ញុំ ក៏ស្នេហាជាតិដែរ ដាក់ចេញនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមជាង៥០០ឆ្នាំ ដែលរ៉ាំរ៉ៃជីវិតប្រជាពលរដ្ឋ ហ្នឹងហើយបើមិនស្នេហាជាតិ តើស្អីទៀត?»។

សម្ដេចតេជោ ជាមួយប្រតិបត្តិករ ថ្នាក់ដឹកនាំទាំងអស់រាជរដ្ឋាភិបាលកសាងពង្រឹងគ្រប់វិស័យ រួមទាំងវិស័យអប់រំ ដែលមានវត្តមាននាពេលនេះ បើមិនស្នេហាជាតិ ចាំបាច់ឱ្យកូនខ្មែររៀនចេះដឹងធ្វើអី? ដើម្បីឱ្យខ្មែរចេះដឹង ខ្មែរយើងអាចម្ចាស់ការដឹកនាំប្រទេស នឹងហើយគឺស្នេហាជាតិនោះ។ នេះបើតាមប្រសាសន៍សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យឃើញថា រាល់ពេលមានបញ្ហាទឹកដី ជាក់ស្តែងពេលមានជម្លោះជាមួយប្រទេសថៃ និងបញ្ហា Covid-19 នាពេលកន្លងទៅគឺ មិនដែលឃើញមុខអ្នកនយោបាយអួតថាស្នេហាជាតិនៅក្រៅប្រទេសនោះទេ គឺមានតែមុខត្រកូល «ហ៊ុន» ហ្នឹងឯងដែលតែងតែឈនៅជាមួយប្រជាពលរដ្ឋគ្រប់ពេល គ្រប់កាលៈទេសៈ មិនដែលរត់យករួចខ្លួនមួយពេលណាឡើយ។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវផងដែរថា កម្ពុជា មានបទពិសោធន៍ឆ្នាំ២០០៨ គ្រប់គ្រាន់ហើយ ដូច្នេះសូមកុំយករឿងនយោបាយបង្កើតជាបញ្ហារវាងប្រទេស និងប្រទេស៕រក្សាសិទ្ធដោយ៖សុទ្ធលី