Saturday, February 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ ក្លាយជាកម្លាំងរឹងមាំ ធនធានសម្រាប់ប្រទេសជាតិ នាំឱ្យមានភាពរីកចម្រើន»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសពិធីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអានសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា ទារក និងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” នូវសារប្រកបដោយអត្ថន័យ និងអនុសាសន៍សំខាន់ៗ ជូនចំពោះបង ប្អូន កូន ក្មួយ ជនរួមជាតិទាំងអស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ការយកចិត្តទុកដាក់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដឹកនាំសកម្មភាពដ៏មោះមុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ត្រូវចូលរួមផ្សព្វផ្សាយបន្តសារលិខិតដ៏សំខាន់នេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ សំដៅដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជាឱ្យកាន់ តែនៅទាប តាមគោលដៅកំណត់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ ដោយគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ អាចទប់ស្កាត់ផលវិបាក ក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ដោយត្រូវអនុវត្តគោលដៅខាងក្រោម៖
១- គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ យ៉ាងតិច៩០% ទទួលបានការពិនិត្យថែទាំ តាមដាន យ៉ាង តិច៤ដង
២- គ្រប់ការសម្រាលទាំងអស់ យ៉ាងតិច៩០% ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមាន ជំនាញ និងនៅមូលដ្ឋានសុខាភិបាល
៣- គ្រប់មាតា និងទារកទើបកើតទាំងអស់ យ៉ាងតិច៨០% ទទួលបានការថែទាំជាសារវ័ន្ត ភ្លាមៗ ក្នុងពេលសម្រាល និងក្រោយសម្រាល
៤- គ្រប់ស្រ្តីមានផ្ទៃពោះ ប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ យ៉ាងតិច៨០% ទទួលបានសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបកើត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់ការសម្រាលកូនទាំងអស់ត្រូវ តែធ្វើនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសាធារណៈ ឬ ឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និងវេជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមានសុវត្ថិភាព។ ទារកទើបនឹងកើត ត្រូវទទួលបានភ្លាមៗ នូវការថែទាំ និងការសង្គ្រោះបន្ទាន់ (ក្នុងករណីចាំបាច់) ការតាមដានសុខភាព និងការបំបៅដោះម្តាយ ដូចនេះហើយសេវាថែទាំ និងសង្គ្រោះទារកទើបកើត ចាំបាច់ត្រូវតែមាននៅគ្រប់កន្លែងសម្ភព សម្រាលកូន។ ក្នុងករណី ដែលមានផលវិបាកណាមួយកើតឡើង សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ត្រូវតែអនុវត្តជាបន្ទាន់ នៅនឹងកន្លែង ឬត្រូវធ្វើការបញ្ជូនទាន់ ពេលវេលា ទៅមន្ទីរពេទ្យ ដែលមានការផ្តល់សេវាកម្រិតខ្ពស់ជាង ប្រកបដោយការទទួលខុសត្រូវលើការបញ្ជូនជំងឺ និងប្រឹងប្រែងអស់សមត្ថភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនមានគុណភាព ត្រូវចូលរួមសហការទាំងអស់គ្នា និងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងជំនាញបច្ចេកទេស ទាំងធនធាន ទាំងស្មារតី នឹងនាំទៅដល់ភាពជាដៃគូដ៏ជិតស្និទ និងមានប្រសិទ្ធភាពរវាងសេវាសាធារណៈ និងឯកជន រួមទាំងផ្នែកពាក់ព័ន្ធ។ ការជួយគ្នានេះនឹងធានាឱ្យប្រជាពលរដ្ឋ ពិសេសមាតា ទារក កុមារ យុវវ័យ និងអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពដូចគ្នា គ្រប់ទីកន្លែង។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពពាក់ព័ន្ធដែលមានសមត្ថភាព ដៃគូអន្តរជាតិ និងសមាគមវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើជំនាញ សង្គ្រោះបន្ទាន់ផ្នែកសម្ភព ជំនាញសង្គ្រោះទារកទើបកើត ជំនាញសុខភាពកុមារ និងសុខភាពយុវវ័យ ដើម្បីពង្រឹង បង្កើនសមត្ថភាពជំនាញបច្ចេកទេសថែទាំ ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ឱ្យទទួលបានលទ្ធផលធំច្រើនជាងមុន ជាមួយនឹងការចំណាយទាប។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Marianna TRIAS តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងតំណាងរដ្ឋបាលរាជធានី ខេត្ត អង្គការដៃគូអភិវឌ្ឍន៍ និងតាមប្រព័ន្ធអនឡាញ Zoom គ្រូពេទ្យផ្នែកសម្ភព ប្រធានថែទាំ និងឆ្មប នៅមន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាពតាមបណ្តារាជធានីខេត្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី