ថ្មីៗនេះ រូបភាពអ្នកទោសមួយក្រុម ដែលត្រូវបានដឹកតាមរថយន្តសមត្ថកិច្ច បង្ហាញវត្តមាននៅទីសាធារណៈ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗគិតស្មានថាជាព្រះសង្ឃមានទោសទណ្ឌ ដោយសារតែសម្លៀកបំពាក់ដូចគ្នាទៅនឹងពណ៌ស្បង់ចីវរព្រះសង្ឃ ខណៈសក់ក្បាលត្រូវបានកោរ (ត្រង៉ោល) ទៀត ដែលក្រឡេកមួយភ្លែត ច្រឡំគិតថាជាព្រះសង្ឃតែម្តង។
ទាក់ទងនឹងរូបភាពអ្នកទោស ដែលកំពុងធ្វើឲ្យសាធារណជនយល់ច្រឡំថាជាព្រះសង្ឃនេះផងដែរ ព្រះសង្ឃមួយអង្គ ដែលមានគណនីហ្វេសប៊ុក «ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី» បានលើកជាសំណូមពរយ៉ាងដូច្នេះថា «អាត្មាភាពសូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្រ្តីយើងកែប្រែពណ៌ អាវ ខោ នេះផង វាដូចពេក នាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀត គេមើលងាយយើង ព្រោះអាចយល់ច្រឡំតែម្តង ក្បាលកោ ហើយពណ៌ទៅទាំងព្រមពីលើដល់ក្រោម វាដូចពេក»។
ព្រះសង្ឃខាងលើ បានមានសង្ឃដីកាបន្តថា «ពណ៌ ខោ អាវ មានច្រើនណាស់ សម្តេចជួយកែប្រែ១ចំណុចនេះផងចុះពរ! សូមសម្តេចនិងក្រុមគ្រួសារ កូន ចៅ មានសុខភាពល្អ ជន្មាវែង ដើម្បីដឹកនាំជាតិមាតុភូមិយើង ឆ្ពោះទៅរកវឌ្ឍនភាពជានិច្ចនិរន្តរ៍។ អាត្មាធ្វើការរួចរៀបចំសឹងហើយមិញ ដល់បើកមកឃើញភ្ញាក់ស្មានតែព្រះសង្ឃ។»។
ជាមួយគ្នានេះផងដែរ ពលរដ្ឋម្នាក់ក៏បានលើកឡើងអំពីរឿងនេះគួរឲ្យភ្ញាក់ផ្អើលថា «ប៉ុន្មានថ្ងៃមុន កូនប្រុស កុរណា(៩ ឆ្មាំ) បានឃើញឡានដឹកពួកគាត់ បានសួរថា ហេតុអ្វីបានឡានដឹកព្រះសង្ឃ មានដាក់សឺរ៉ែនដែរអញ្ចឹង? ខ្ញុំកុណាបានត្រឹមពន្យល់គាត់អោយយល់ខ្លះៗ កុំអោយច្រឡំ»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ឈុតសម្លៀកបំពាក់អ្នកទោសពីមុន គឺពណ៌ខៀវ ឆ្នូតស ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយ ក៏ត្រូវបានប្តូរមកជាពណ៌ទឹកក្រូចប្លែកបែបនេះតែម្តង៕





