Saturday, February 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមាន់ធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង

ភ្នំពេញ៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមាន់ធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ​ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។

សេចក្តីបំភ្លឺដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅសារព័ត៌មាន Bangkok Post បានដាក់ចំណងជើងថា «ថៃ​បដិសេធ​នូវការលើកឡើងថា នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សូមទោស​ចំពោះ​ឧបទ្ទវហេតុនៅ​ប្រាសាទ»
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាព តានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។

លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។
លោកបាននិយាយថា «របាយការណ៍​មួយ​ ចំនួន​បានលើកឡើង​មិន​ត្រឹម​ត្រូវ​ថា ខ្ញុំ​បាននិយាយ​ថា ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតេទូរស័ព្ទ​មកខ្ញុំ ដើម្បីសូមទោស។ បញ្ហា​នេះ​បាន​បង្ក​បញ្ហា​ដល់​ភាគី​កម្ពុជា ដោយសារ​គាត់​មិនបាន​ធ្វើ​បែប​នេះ​។ ព័ត៌មានត្រូវតែផ្អែកលើការពិត»។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានកាសែតក្នុងស្រុកថៃ បានផ្សព្វផ្សាយថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទទៅរដ្ឋមន្រ្តីការពារជាតិថៃ ដោយសូមទោសចំពោះបញ្ហាដែលកើតឡើងនៅតំបន់ប្រាសាទតាមាន់ធំ។
ករណីនៅប្រាសាទតាមន្តធំ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួន បានឡើងទៅទស្សនានៅប្រាសាទតាមន្តធំ និងបានច្រៀងបទពង្សាវតារខ្មែរ ហើយក៏ត្រូវទាហានថៃដែលប្រចាំការនៅទីនោះចេញមកហាមឃាត់មិនឲ្យច្រៀងបទនេះ។ បញ្ហានេះក៏ត្រូវបានសម្របសម្រួលរវាងភាគីទាំងសង្ខាង ហើយសភាពការណ៍ ក៏បានវិលមករកប្រក្រតីវិញផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី