រថយន្តដឹកពងមាន់មួយគ្រឿង នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានក្រឡាប់ ចាក់ចោលពងមាន់ជិត 80,000 ពង ហៀរក្រាលពាសពេញលើដី ខណៈអ្នកស្រុកមួយក្រុម បានមកប្រញីគ្នារើសយកពងមាន់ ដែលហាក់ដូចជាត្រូវបានគេឲ្យមកប្រមូលយកដោយស៊េរី។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ នៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹក ស្ថិតនៅលើផ្លូវ Eastern Express 2 ជិតច្រកចេញ Chukai Tollway ក្នុងទីក្រុង Terengganu ប្រទេសម៉ាឡេស៊ី ខណៈដែលរថយន្តជួបគ្រោះថ្នាក់នោះ ដឹកពងមាន់ចំនួន ២.៥០០ កញ្ច្រែង ដែលស្មើនឹងចំនួន ៧៨.០០០ ពង ។
ទាក់ទងនឹងហេតុការណ៍នេះ បុរសជាព្រូឡានបាននិយាយថា គាត់និងមិត្តភក្តិរបស់គាត់ កំពុងធ្វើដំណើរពី Pahang ដើម្បីដឹកពងមាន់ទៅទីក្រុង Kuala Terengganu ក្នុងរដ្ឋ Terengganu ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទឹកកក បានមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តធ្លាក់ចេញពីលើផ្លូវ ក្រឡាប់ផ្ងារជើង ខ្ទាតចេញពងមាន់ទាំងអស់ ហើយក្នុងខ្លះបែក និងខ្លះទៀតនៅមានស្ថានភាពល្អ។
សំណាងល្អ មិនមាននរណាម្នាក់រងរបួស នៅក្នុងឧបទ្ទវហេតុនេះទេ។ ទាំងអ្នកបើកបររថយន្ត និងអ្នករួមដំណើរ មានសុវត្ថិភាពទាំងអស់គ្នា។ ប៉ុន្តែ បន្ទាប់ហេតុការណ៍បានកើតឡើង ក៏មានអ្នកភូមិនៅក្បែរនោះ និងអ្នកបើកបរឆ្លងកាត់ បានប្រញាប់ប្រញាល់នាំគ្នាប្រមូលពងមិនទាន់ខូច និងអ្នកខ្លះទៀតថែមទាំងយកកន្ត្រក មកប្រមូលពងទៀតផង។
ទោះជាយ៉ាងណា ក្រុមហ៊ុនដែលជាម្ចាស់ពស់មាន់ បានឲ្យដឹងថា ពងជាច្រើនបានរងការខូចខាត ដូច្នេះហើយបានអនុញ្ញាតឲ្យអ្នកភូមិប្រមូលយកដោយមិនគិតថ្លៃនោះទេ។ ហើយជាលទ្ធផល មនុស្សជាច្រើនបានមកប្រមូលពង។ Azimah ជាអ្នកដំណើរម្នាក់បានបង្ហើបថា ដំបូងឡើយ នាងគិតថាវាជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះនាងឃើញរថយន្តជាច្រើនចតនៅម្ខាងផ្លូវ។ ប៉ុន្តែពេលនាងឃើញមនុស្សជាច្រើនកំពុងប្រមូលពង នាងក៏ចេញទៅចូលរួមជាមួយពួកគេដែរទៅ ។
ស្រ្តីរូបនោះ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សំណាងណាស់ ដែលអាចយកអ្វីមកផ្ទះដល់គ្រួសារខ្ញុំ។ ដោយឡែក Ariffin ដែលជាអ្នកស្រុកក្នុងតំបន់បាននិយាយថា គាត់ និងកូនប្រុសរបស់គាត់ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បន្ទាប់ពីបានឃើញវីដេអូនៃឧប្បត្តិហេតុ ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទោះយ៉ាងណាក៏ដោយ គាត់ត្រូវបានគេធានាថា មានការអនុញ្ញាតឱ្យប្រមូលពងដោយឥតគិតថ្លៃ ។ ស៊ុតជាច្រើននៅតែស្ថិតក្នុងស្ថានភាពល្អ ហើយគាត់គិតថា វាជាការខ្ជះខ្ជាយ ប្រសិនបើបោះវាចោល។ គាត់ក៏មានគម្រោងយកទៅចែកដល់អ្នកជិតខាងផងដែរ៕

