ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការ លើសំណុំរឿងជនសង្ស័យជាជនជាតិចិន៥ នាក់ ពាក់ព័ន្ធ ករណីជម្លោះផ្ទុះអាវុធនៅបរិវេណអគារ រតនៈសម្បត្តិ ក្នុងខណ្ឌពោធិ៍សែនជ័យ ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ជនជាតិចិនទាំង០៥នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធដោយគ្មានការអនុញ្ញាត បទល្មេីសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិតាមមាត្រា ៨ មាត្រា ២០ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿង ផ្ទុះ និងគ្រាប់រំសេវ ។
បច្ចុប្បន្ន តំណាងអយ្យការធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការរួច សំណុំរឿងបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់ ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជនជាតិចិនពីរក្រុម ដែលមកពីតាមបណ្តាខេត្ត ឈ្លោះគ្នានៅអគាររតនៈសម្បត្តិ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រើអំហឹង្សារហូតមានការផ្ទុះអាវុធផ្អើលទាំងព្រឹក ហើយខ្មាន់កាំភ្លើងក៏បាននាំគ្នារត់គេចខ្លួន រួចកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់បានធ្វើការស្រាវជ្រាវរហូតទៅដល់ខេត្តបន្ទាយមានជ័យ ទើបឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៥នាក់ និងដកហូតវត្ថុតាង អាវុធអាការ ២ ដើម កាំភ្លើងខ្លីជ័រ១ ដើម រថយន្ត ០២ គ្រឿង៕ រក្សាសិទ្ធដោយ៖សុទ្ធលី


