ភ្នំពេញ ៖ ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានមានប្រសាសន៍អំពីគោលបំណង នៃសិក្ខាសាលា ដោយបញ្ជាក់ថា សិក្ខាសានេះជាការពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងមុខងារសាធារណៈ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាក្រសួងស្ថាប័នដទៃទៀត ក្នុងគោលដៅជំរុញប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ជាពិសេសជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងបំពេញការងារស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងជូនអង្គសិក្ខាសាលាថា ស្របពេលដែលប្រទេសកម្ពុជា បាន និងកំពុងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រទេសនៅក្នុងតំបន់ និងលើពិភពលោក ក៏កំពុងតែមានសកម្មភាពយ៉ាងស្រួចស្រាល់ ក្នុងការធ្វើវិភាគមុខងារ និងការកែទម្រង់រដ្ឋបាលសាធារណៈរបស់ខ្លួនដូចគ្នាដែរ។ “ការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលកម្ពុជាត្រូវបានអនុវត្តជាប្រចាំមកហើយ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងគ្រាន់តែជាអ្នកបន្តបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ដោយគ្រាន់តែសម្រួចមុំ សម្រាប់ការអនុវត្តតែប៉ុណ្ណោះ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម៕ រក្សាសិទ្ធដោយ៖សុទ្ធលី






