Saturday, February 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិ Konrad និងក្រសួងឧស្សាហកម្ម ពិភាក្សាកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្ម និងការចាប់យកបច្ចេកវិទ្យា

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូអាល្លឺម៉ង់មកពីអង្គភាព German Senate Chancellery និងមូលនិធិ Konrad-Adenauer-Stiftung ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ឌីជីថលូបនីយកម្ម និងជំរុញការចាប់យកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយរំលេចពីកំណែទម្រង់របស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ឱ្យចាប់យកបច្ចេកវិទ្យាថ្មីៗ។

ឯកឧត្តមបានលើកឡើងថា៖ “ឌីជីថលូបនីយកម្មមិនមែនត្រឹមតែជាគោលដៅចុងក្រោយទេ ប៉ន្តែក៏ជាមធ្យោបាយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ ទោះនៅមានបញ្ហាប្រឈម ឌីជីថលូបនីយកម្មគឺជាមូលដ្ឋានគ្រឹះនៃអនាគតរបស់សេដ្ឋកិច្ច និងសង្គម។”

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាប្រឈមនៃឌីជីថលូបនីយកម្ម រួមទាំងព័ត៌មានមិនពិត ការឆបោកតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាពបច្ចេកវិទ្យា ដែលតម្រូវឱ្យមានការគិតគូរពីក្រមសីលធម៌ និងយន្តការគ្រប់គ្រង។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ «ពិតណាស់ យើងត្រូវការប្រើប្រាស់បច្ចេកវិទ្យា ហើយជម្រើសរបស់យើងគឺចាំបាច់ត្រូវគ្រប់គ្រងបច្ចេកវិទ្យាឱ្យបម្រើជាគុណប្រយោជន៍។”

លោកជំទាវ Martina Klement រដ្ឋលេខាធិការទទួលបន្ទុកឌីជីថលូបនីយកម្មនៃទីក្រុងប៊ែកឡាំង បានចែករំលែកបទពិសោធន៍របស់ទីក្រុងប៊ែកឡាំងក្នុងការដោះស្រាយបញ្ហាប្រឈម និងជំរុញឌីជីថលូបនីយ កម្ម។ អាឡឺម៉ង់ជាសង្គមឌីជីថលឈានមុខមួយលើពិភពលោក ដែលមានការចាប់យកបច្ចេកវិទ្យាយ៉ាងទូលំទូលាយ និងមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ។

លោកជំទាវ Klement បានលើកឡើងថា អាល្លឺម៉ង់កំពុងប្រឈមនឹងកំណើននៃប្រជាជនវ័យចំណាស់ ហើយត្រូវបានព្យាករណ៍ថា នឹងបាត់បង់បុគ្គលិករដ្ឋប្រមាណ ៣០% ត្រឹមនៅឆ្នាំ២០៣០។ ការប្រើប្រាស់ បច្ចេកវិទ្យាដូចជា AI និងដំណោះស្រាយឌីជីថលក្នុងការសម្រួលដំណើរការនៃស្ថាប័នរដ្ឋ និងកែលម្អសេវាសាធារណៈ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហានេះ។

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្អែកលើអនុស្សរណៈយោគយល់ដែលមានស្រាប់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមូលនិធិ Konrad ៕ រក្សាសិទ្ធដោយ៖សុទ្ធលី