Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក​ឱសានវាទ​១​ខែ ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ផ្លាស់ប្តូរ​ស្លាក​យីហោ​ជា​ភាសាបរទេស​ចេញ​

​ភ្នំពេញ​៖ ការ​ដាក់​តាំង​ស្លាក​យីហោ​របស់​អាជីវ​កម្មដ្ឋាន​នានា នា​ពេល​កន្លងមក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​មើលឃើញ​ថា មាន​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទេសចរណ៍​ជាច្រើន បាន​ដាក់​តាំង​ស្លាក​យីហោ អាជីវកម្ម ជា​ភាសារ​បរទេស ដូចជា ភាសា​អង់គ្លេស ចិន និង​កូរ៉េ ជាដើម ដោយ​គ្មាន​អក្សរ​ខ្មែរ ឬ​អក្សរ​ខ្មែរ​នៅ​ពី​ខាងលើ តាម​ការកំណត់​របស់​ច្បាប់​។ រដ្ឋបាល​រាជធានី សូម​ស្នើ​ឲ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន ដែល​ដាក់​តាំង​ស្លាក​យីហោ ជា​ភាសាបរទេស​ទាំងអស់ ប្រ​ញ៉ាប់​ផ្លាស់ប្តូរ​ចេញ​ជាបន្ទាន់ ដោយ​ទុក​ឱសានវាទ​រយៈពេល​១​ខែ បើ​មិន​ដូច្នោះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​

​ចំណែក​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា កន្លងមកនេះ ក្រសួង​ទេសចរណ៍ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​សារាចរ​ណែនាំ អំពី ការ​ដាក់​តាំង​ស្លាក​យីហោ​អាជីវ​កម្មដ្ឋាន​នេះ ប៉ុន្តែ​នៅ​មាន​ម្ចាស់​អាជីវ​កម្មដ្ឋាន​មួយចំនួន នៅ​មិន​ព្រម​គោរព និង​អនុវត្តន៍​តាម ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់​ពេល​ទុកឱ្យ​២​សប្តាហ៍ សម្រាប់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ដែល​ដាក់​តាំង​យីហោ​ជា​ភាសា​អង់គ្លេស ចិន ធ្វើ​ការកែប្រែ ដោយ​ដាក់​អក្សរ​ខ្មែរ នៅ​ខាងលើ​វិញ ហើយ​បើ​ចង់​ដាក់​អក្សរ​បរទេស ត្រូវដាក់​ខាងក្រោម និង​មាន​ទំហំ តូច​ជាង​អក្សរ​ខ្មែរ​១​ភាគ​២​។​

​លោក ហួត ហៃ បាន​បញ្ជាក់ទៀតថា បន្ទាប់ពី​ដាក់​ឱសានវាទ​នេះ​តទៅ នឹង​ចាត់​ក្រុមការងារ ចុះ​ពិនិត្យ​មើល បើ​រកឃើញថា ម្ចាស់​អាជីវ​កម្មដ្ឋាន​ណា​មិន​គោរព និង​មិន​អនុវត្តន៍​តាម​នោះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មាន​វិធានការ​ផ្លូវច្បាប់​។ ក្រៅពីនោះ លោក ហួត ហៃ ក៏បាន​ជម្រុញ​ឱ្យ​មាន​ការស្នើសុំ​អាជ្ញាប័ណ្ណ សម្រាប់​បង្កើត​អាជីវកម្ម និង​បន្ត​សុពលភាព​សម្រាប់​អ្នក​ដែល​បាន​ស្នើសុំ​រួចហើយ ឱ្យ​បាន​រួសរាន់ ដោយ​មក​ដាក់​ពាក្យ​ស្នើសុំ​នៅ​តាម​ច្រក​ចេញចូល​តែមួយ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​អគារ​ថ្មី និង​ត្រូវ​បង់​កម្រៃ​ទៅតាម​ច្បាប់​កំណត់ ។ សម្រាប់​ការស្នើសុំ​ប្រកប​អាជីវកម្ម និង​សុំ​បន្ត​អាជីវកម្ម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​ទុក​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ ១​ខែក្រោយ ក្រុមការងារ​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ អាជីវកម្ម​ដល់​ទីតាំង​ជាក់ស្តែង បើ​ពុំ​មាន​លិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណ​ទេ ម្ចាស់​អាជីវកម្ម​ទាំងនោះ ប្រឈម​នឹង​បិទទ្វារ​អាជីវកម្ម​តែម្តង​៕ ដោយ​៖​កូឡាប​

×