វីដេអូឃ្លីបមួយ ដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលថតបាននូវខណៈពេលរថយន្ត១គ្រឿង ត្រូវបានវាយប្រហារដោយឈើហុប ធ្លាក់ពីលើឡានដឹកធុនធំ១គ្រឿង បានធ្វើឲ្យអ្នកទស្សនាឃើញស្តែងៗហើយ ស្លុតរន្ធត់ខ្លាំងតែម្តង។
ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ Sungai Udin ទីក្រុង Tawau រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី និងត្រូវបានគេរាយការណ៍ថា ស្ត្រីមានផ្ទៃពោះម្នាក់បានរងរបួស បន្ទាប់ពីរថយន្តដែលនាងនិងប្តីរបស់នាងជិះ ត្រូវបានវាយប្រហារដោយឈើហុប ដែលបានធ្លាក់សង្កត់ចេញពីឡានដឹក១គ្រឿងក្នុងទិសដៅផ្ទុយគ្នា។
ស្នងការនគរបាលក្រុង Tawau បាននិយាយថា គ្រោះថ្នាក់នេះ គឺពាក់ព័ន្ធនឹងរថយន្តរងគ្រោះ Toyota Hilux និងរថយន្តដឹកឈើ បើកបរដោយបុរសអាយុ ៣៨ ឆ្នាំ។
ផ្អែកលើការស៊ើបអង្កេតបឋម រថយន្តដឹកឈើធុនធំនោះ កំពុងធ្វើដំណើរពី Kalabakan-Merotai ទៅ Log Pond ខណៈរថយន្ត Toyota Hilux កំពុងធ្វើដំណើរពីក្រុង Tawau ទៅ Luasong ។ លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែមានឈើហុបមួយដើម ធ្លាក់ពីលើឡានដែលមកពីទិសដៅផ្ទុយគ្នា ហើយបានបុកចំពីមុខរថយន្ត Toyota Hilux យ៉ាងពេញទំហឹងតែម្តង ។
ជាលទ្ធផលនៃគ្រោះថ្នាក់នេះ រថយន្ត Toyota Hilux រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ស្ត្រីមានផ្ទៃពោះអាយុ ៣១ ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ចំណែកប្តីរបស់នាងអាយុ ៣៥ ឆ្នាំ បានរួចផុតពីគ្រោះថ្នាក់ ដោយពុំមានរបួសនោះទេ។
ទោះជាយ៉ាងណា ការស៊ើបអង្កេតកំពុងបន្ត នៅក្រោមមាត្រាទី៤៣ (១) នៃច្បាប់ដឹកជញ្ជូនផ្លូវគោកម៉ាឡេស៊ីឆ្នាំ ១៩៨៧ សម្រាប់ការបើកបរមិនប្រុងប្រយ័ត្ន ដែលបណ្តាលឱ្យមានគ្រោះថ្នាក់៕




