Tuesday, February 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅស្រុករំដួល

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២៤​ខែកុម្ភៈ​ឆ្នាំ២០២៥នេះ​ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨បណ្ណ ជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឯកឧត្ដមប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍រំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, នៅក្នុងសកម្មភាពការងារបោះសម្អាតមីន ត្រូវបានប្រកាសជាខេត្តទី៨ ក្លាយជាខេត្តអស់មីន និងជាពិសេសនៅថ្ងៃនេះ នៅក្នុងវិស័យដីធ្លី ក៏ត្រូវបានប្រកាសជាខេត្ត (ទី៣) បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត។

ឯកឧត្តមបន្តថា​ លទ្ធផលដ៏ល្អប្រសើរជាប្រវត្តិសាស្ត្រក្នុងវិស័យដីធ្លីនេះ គឺពុំមែនកើតឡើងដោយការចៃដន្យនោះទេ ជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែង និងមានការចូលរួមសហការ និងគាំទ្រពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ខ្លួនឯងផ្ទាល់។ ក្នុងនាមរដ្ឋបាលខេត្តគោរពថ្លែងនូវការ អរគុណ ជាអនេក និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតគោរពជូនចំពោះសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចធិបតី នាយករដ្ឋមន្ត្រី សូមគោរពថ្លែង នូវការអរគុណចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែក បច្ចេកទេស និងសម្ភារៈបរិក្ខារដល់មន្ត្រីជំនាញ សូមសម្ដែងនូវការអរគុណចំពោះសម្ដេចកិត្តិសង្គហ បណ្ឌិត ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្ដម លោកជំទាវជា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានគាំទ្រ និងជួយជំរុញឧបត្ថម្ភទាំងផ្នែកស្មារតី សម្ភារៈ បរិក្ខានានាដល់ក្រុមមន្ត្រីជំនាញ ។

ឯកឧត្តអភិបាលខេត្តបន្ថែមថា​ ក្រោយបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្ដល់បណ្ណកម្មសិទ្ធិ ១០០% ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត គឺពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី កាត់បន្ថយ និងឈានទៅលុបបំបាត់បាននូវវិវាទផ្សេងៗដែលបណ្ដាលមក ពីដីធ្លី បង្កភាពអំណោយកាន់តែខ្ពស់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជា ម្ចាស់កម្មសិទ្ធិ អាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ការងារបង្កបង្កើនផលឲ្យអស់លទ្ធភាព អភិវឌ្ឍ និងធ្វើអាជីវកម្មលើដីជា កម្មសិទ្ធិរបស់ខ្លួនប្រកបទំនុកចិត្ត ដែលជាបច្ច័យជួយជំរុញនូវកំណើន សេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រយ៉ាងពេញលេញក្នុងការដឹកនាំ និងជំរុញដល់អង្គភាពពាក់ព័ន្ធ ជាពិសេស ការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្រ្តីជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅ និងចក្ខុវិស័យដ៏មានសារៈសំខាន់នេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ដឹកនាំ វ័យក្មេងដ៏ឆ្នើម និងឈ្លាសវៃ បន្តបេសកកម្មដ៏ថ្លៃថ្លាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទើបឈានដល់ប្រកាសខេត្តស្វាយរៀងក្នុងការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ។

សម្តេចបន្តទៀតថា ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹង បម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋាន ច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើត បរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ ម្យ៉ាងវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យខេត្តរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីក កំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕ រក្សាសិទ្ធដោយ៖សុំ សុវណ្ណគីរី