ភ្នំពេញ ៖ នាល្ងាច ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន រដ្ឋធានីប៉េកាំង ចូលចូលជួបសម្ដែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តម យីន លី (Yin Li) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថានឹងរួមចំណែកពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យ ឯកឧត្តមនិងគណៈប្រតិភូ ចូលជួបសំដែងការគួរសមក្នុងឱកាសដែល ឯកឧត្តមបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា ។ ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបានបន្តថា សម្តេចគឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និងជាអ្នកនយោបាយជើងចាស់មួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន។
ឯកឧត្តម បានជម្រាបជូន សម្តេច ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺក្នុងគោលបំណង ៖ (១) អនុវត្តកុងសង់ស៊ីសនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ (២) ពង្រឹងការទុកចិត្តគ្នាទៅវិញទៅមក (៣) ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅថ្នាក់ក្រោមជាតិ និង(៤)ជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេច កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់។
ឯកឧត្តម ឯកឧត្តម យីន លី (Yin Li) បានអះអាងជាថ្មីថាទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តីនឹករលឹករបស់ សម្តេចទៅឯកឧត្តម ស៊ី ជីនពីង វិញផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់កម្ពុជា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្ត បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» ។ អរគុណមិត្តចិន ដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា រួមទំាងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា ផងដែរ ។
សម្តេចមានជំនឿជាក់យ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹង ចូលរួមចំណែកដល់ការផ្លាស់ប្តូរ យុវជននៃប្រទេសទាំងពីរ។
ជាចុងក្រោយ សម្ដេចតេជោ បានជូនពរ ឯកឧត្តម យីន លី (Yin Li) និងគណៈប្រតិភូ សូមប្រកបជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី











