Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន ADB ថ្មី លោក Masato Kanda ចូលកាន់តំណែង

ភ្នំពេញ ៖ លោក Masato Kanda បានចូលកាន់តំណែងជាផ្លូវការជាប្រធានទី ១១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

លោក Kanda បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលកាន់តួនាទីជាប្រធាន ADB ក្នុងកាលៈទេសៈដ៏សំខាន់នេះសម្រាប់តំបន់របស់យើង។ ដោយមានការជឿទុកចិត្តពីសមាជិកទាំង ៦៩ របស់ ADB និងការគាំទ្រយ៉ាងមុតមាំពីបុគ្គលិកដ៏សកម្មរបស់យើង ខ្ញុំប្តេជ្ញាជំរុញបេសកកម្មរបស់ ADB ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ដោយធ្វើការរួមគ្នា យើងនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមចម្បងៗនៃការអភិវឌ្ឍ ដោយធានាថា ADB នៅតែជាដៃគូចាំបាច់សម្រាប់តំបន់។»

លោក Kanda ចូលកាន់តួនាទីជំនួស លោក Masatsugu Asakawa ដោយបន្តកេរ្តិ៍ដំណែលប្រកបដោយឧត្តមភាព និងភាពច្នៃប្រឌិត។ ជាមួយនឹងបទពិសោធន៍ជិត ៤ ទសវត្សរ៍ក្នុងការងារហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍគោលនយោបាយ លោក Kanda ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយការគិតគូរឆ្ពោះទៅមុខ និងអន្តរាគមន៍ដ៏មុតស្រួចរបស់គាត់ក្នុងស្ថានភាពទីផ្សារដែលមានការប្រែប្រួលខ្លាំង។ ក្នុងពេលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសម្រាប់កិច្ចការអន្តរជាតិរបស់ប្រទេសជប៉ុន គាត់បានដើរតួយ៉ាងសំខាន់ក្នុងការត្រួសត្រាយដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងរៀបចំសកម្មភាពគោលនយោបាយដែលជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។

ប្រធានក្រុមប្រឹក្សាភិបាល ADB លោក Fabio Panetta បានមានប្រសាសន៍ថា «លោក Masato Kanda នាំមកនូវបទពិសោធន៍សម្បូរបែប និងទស្សនៈវិស័យទូលំទូលាយសម្រាប់ ADB ។ បទពិសោធន៍របស់គាត់ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ស្មុគស្មាញ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិធ្វើឱ្យគាត់សមជាអ្នកដឹកនាំដ៏ល្អរបស់យើង ខណៈដែលយើងបន្តបង្កើនចំណុចខ្លាំងរបស់យើង និងចាប់យកឱកាសថ្មីៗ។ ខ្ញុំមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់គាត់ ADB នឹងផ្ដល់ដំណោះស្រាយដែលមានគោលដៅ និងផលជះជាក់លាក់សម្រាប់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់យើង។»

លោក Kanda បានបន្ថែមថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកប្រយោជន៍នៃជំនាញរួមនៅក្នុងស្ថាប័នរបស់យើង និងសហការជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់អ្នកដែលត្រូវការជំនួយបំផុត។ ការយកចិត្តទុកដាក់របស់យើងនឹងផ្តោតលើសកម្មភាពជាក់ស្តែងដែលផ្តល់នូវលទ្ធផលជាក់លាក់ ដោយធានាថាការគាំទ្ររបស់យើងនាំមកនូវការរីកចម្រើនយូរអង្វែងសម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។»

ការតែងតាំងរបស់លោក Kanda គូសបញ្ជាក់ពីការវិវត្តដែលកំពុងបន្ត និងការប្តេជ្ញាចិត្តរបស់ADBដើម្បីឆ្លើយតបនឹងតម្រូវការជាគន្លឹះរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ ADB។ នៅពេលដែល ADB ចាប់ផ្តើមដំណាក់កាលថ្មីនៃការរីកចម្រើនជាយុទ្ធសាស្រ្ត ភាពជាអ្នកដឹកនាំរបស់លោក Kanda នឹងបន្តកេរ្តិ៍ដំណែលដ៏រឹងមាំរបស់ ADB ព្រមទាំងដឹកនាំស្ថាប័ននេះដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសនាពេលអនាគតផងដែរ។

ការសម្រេចចិត្តជាឯកច្ឆ័ន្ទ របស់ក្រុមប្រឹក្សាភិបាល ADB ក្នុងការជ្រើសរើសលោក Kanda ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់គាត់ក្នុងការដឹកនាំ ADB ក្នុងអំឡុងពេលដែលមានការផ្លាស់ប្តូរសំខាន់ៗ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ក្នុងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចដ៏ស្មុគស្មាញ និងក្នុងបរិបទកិច្ចសហការជាពហុភាគីនឹងមានតម្លៃមិនអាចកាត់ថ្លៃបានខណៈដែល ADB បន្តសម្របខ្លួនទៅនឹងស្ថានការណ៍ពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ ស្ថិតក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិក៕រក្សាសិទ្ធដោយ៖សុទ្ធលី