កាលពីពេលថ្មីៗនេះ មានការចែករំលែកព្រោងព្រាត ពីទង្វើដ៏មានទឹកចិត្តរបស់និស្សិតស្រី២នាក់ ដែលបានជួយរើសប្រមូលប្រដាប់ដា ចាន យកចូលក្នុងហាងមួយកន្លែង បន្ទាប់ពីពួកគេបានប្រទះឃើញរាយប៉ាយនៅលើដងផ្លូវ។
តាមរយៈវីដេអូហាងបានបង្ហាញឲ្យឃើញ និស្សិតស្រី២នាក់ ជិះម៉ូតូមកឈប់នៅមុខហាងមួយកន្លែង នៅក្នុងស្រុកភីម៉ៃ ខេត្តនគររាជសីមា ហើយភ្លាមៗនោះ អ្នកទាំងពីរក៏បាននាំគ្នាជួយរើសប្រមូលថាស ចាន ដែលរាយប៉ាយនៅមុខហាង។ វិដេអូក៏បានបង្ហាញ ក្រោយពីប្រមូលរួច ពួកគេក៏បានជិះម៉ូតូចេញទៅបាត់ផងដែរ។ ទោះជាយ៉ាងណា ក្រោយមក ម្ចាស់ហាងបានយកវីដេអូឃ្លីបមកបង្ហោះ ដើម្បីសរសើរ និងប្រកាសស្វែងរកពួកគេ ដើម្បីបង្ហាញការដឹងគុណ។
ទីបំផុត និស្សិតស្រីទាំងពីរត្រូវបានគេរកឃើញកាលពីពេលថ្មីៗនេះ ពួកគេមានឈ្មោះ Kanyapat Srisawat និង Wichada Saenghan ជានិស្សិតឆ្នាំទី៣នៅមហាវិទ្យាល័យ Phimai ផ្នែកកុំព្យូទ័រ និងពាណិជ្ជកម្ម។ ពួកគេបានត្រឡប់ទៅកាន់ហាងវិញ បន្ទាប់ពីបានជួបម្ចាស់ហាង។ ពួកគេសប្បាយចិត្តខ្លាំងណាស់ ដែលបានជួយហាង ប្រមូលថាស និងចាន ដែលធ្លាក់មកលើផ្លូវ។ ពួកគេក៏មិននឹកស្មានថា ហាងនឹងប្រកាសថារកពួកគេនោះទេ។
និស្សិតស្រីបងប្អូនទាំងពីរបាននិយាយថា ពួកគេបានឃើញ កែវ និងចាន រាយប៉ាយនៅលើឥដ្ឋ ហើយបារម្ភខ្លាចក្រែងថា មានរថយន្តបើកមកកិន បណ្តាលឲ្យបែកខ្ចាត់ខ្ចាយ ពួកគេក៏ឈប់ម៉ូតូ ជួយរើស។
ទោះជាយ៉ាងណា ម្ចាស់ហាងបានឱ្យពួកគេ ជាមួយអាហារមួយឈុតធំ យកទៅញ៉ាំនៅផ្ទះ ដើម្បីជាការថ្លែងអំណរគុណដល់ពួកគេ ដែលមានទឹកចិត្តជួយហាង៕








