ខេត្តកំពង់ចាម:ស្នូរគ្រាប់កាំភ្លើងបានលាន់ផ្ទុះឡើងជាច្រើនគ្រាប់ដោយបាញ់តដៃគ្នារវាងកម្លាំងសមត្ថកិច្ចចម្រុះជាមួយនឹងក្រុមចោរប្លន់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត ៧ព្រឹកថ្ងៃទី២៥ កុម្ភៈឆ្នាំ២០២៥ នៅចំណុចភូមិឡឥដ្ឋ សង្កាត់បឹងកុក
ក្រុងកំពង់ចាម។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានរងរបួសម្នាក់ហើយក្រុមចោរប្លន់ត្រូវបង្ក្រាបបានមានប្រុសស្រីចំនួន៥នាក់ រឹបអូសបានរថយន្តចំនួន២គ្រឿង ម៉ូតូមួយគ្រឿងរួមនិងសម្ភារៈផ្សេងទៀត នេះអាចចាត់ទុកជាហេតុការណ៍លើកទីមួយដែលកម្រកើតមាននៅក្រុងកំពង់ចាម។
សាក្សីនៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា: ក្រោយពីតាមដានយ៉ាងស្អិតរមួតឈានដល់ដឹងទីលំនៅរបស់ចោរប្លន់ប្រដាប់អាវុធ មុខសញ្ញាប្លន់រូបនេះ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក គឺកម្លាំងសមត្ថកិច្ចចម្រុះបានហ៊ុំព័ទ្ធផ្ទះដែលមុខសញ្ញាចូលស្នាក់នៅតាំងពីយប់រហូតមកដល់ព្រឹក។ហើយនៅវេលាម៉ោងជិត៧ព្រឹកថ្ងៃទី២៥ កុម្ភៈ គេបានឮសូរសំឡេងបាញ់តបតគ្នាទៅវិញទៅមករវាងមុខសញ្ញាចោរប្លន់និងកម្លាំងសមត្ថកិច្ច
ជាមួយនោះបណ្ដាលឱ្យនគរបាលម្នាក់រងរបួសត្រូវភ្លៅត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមសាក្សីបានប្រាប់បន្តដឹងទៀតថាកម្លាំងសមត្ថកិច្ចចម្រុះបានប្រើពេលជាច្រើនម៉ោងដើម្បីតាមចាប់ក្រុមចោរប្លន់ប្រដាប់អាវុធដែលកំពុងពួនសំងំនៅក្នុងផ្ទះវីឡាតូចមួយនៅភូមិឡឥដ្ឋ បន្ទាប់មកគេឃើញកម្លាំងសមត្ថកិច្ចបានប្រើមេក្រូមួយគ្រឿងដើម្បីនិយាយស្រែកបំពងទៅកាន់ចោរប្លន់ឲ្យទម្លាក់អាវុធប្រគល់ខ្លួនចូលសារភាព។ រហូតដល់វេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៥កុម្ភៈ
កម្លាំងសមត្ថកិច្ចបានប្រើពិធីសាស្រ្តដែលឲ្យបក្សពួកដែលចាប់ខ្លួនបានចូលទៅអន្ទងហៅប្ដីរបស់ខ្លួនឲ្យទម្លាក់អាវុធទើបឈានដល់ចាប់ខ្លួនបានតែម្ដង។
ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ក្រោយពីសំឡេងគ្រាប់កាំភ្លើងបាញ់ស្ងប់ស្ងាត់កម្លាំងសមត្ថកិច្ចចម្រុះនៅតែបន្តព័ទ្ធផ្ទះនោះដោយមិនឱ្យមុខសញ្ញាចេញទៅណានោះទេ។ នៅជញ្ជាំងផ្ទះគេឃើញទៀតស្នាមគ្រាប់បាញ់ឡើងសុះហ្នឹងបែកកញ្ចក់បង្អួចផ្ទះរបស់ជនសង្ស័យ។សូមបញ្ជាក់ថាកាលពីថ្ងៃទី ២១កុម្ភៈ កន្លងទៅមុខសញ្ញាចោរប្លន់រូបនេះបានធ្វើសកម្មភាពធាក់ម៉ូតូសិស្ស យកម៉ូតូមួយគ្រឿងតម្លៃជាង៣០០០ដុល្លារ នៅចំណុចភ្នំហាន់ជ័យ ស្រុកកំពង់សៀមខេត្តកំពង់ចាម។ សូមបញ្ជាក់ថាមុខសញ្ញាចោរប្លន់រូបនេះទើបតែទិញផ្ទះនៅភូមិឡឥដ្ឋបានប៉ុន្មានខែប៉ុណ្ណោះ។ ហើយមុខសញ្ញានេះមានលុយដើរចងការឲ្យប្រជាជននៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ករណីផ្ទះអាវុធរវាងសម្ថកិច្ចអាវុហត្ថខេត្តកំពង់ចាម នឹងជនសង្ស័យឈ្មោះឯម នាង អាយុ៥០ឆ្នាំ មានទីកន្លែងកំណើតឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នអាសយដ្ឋានផ្ទះ១១អា ផ្លូវបេតុងភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ដែលជាមុខសញ្ញាចោរប្លន់នឹងជាអតីតដំបូងល្បីជាអាវុធហត្ថក្រោយមកបានអះអាងថាជាអតីតមន្ត្រីយោធាទៅវិញ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងវង្វង់ប្រតិបត្រការណ៍សម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន៥នាក់ ដកហូតបានអាវុធវែងK-54 ចំនួនមួយដើម។ ជនសង្ស័យចំនួន ០៥ នាក់ :
១.ឈ្មោះ ឯម នាង ភេទប្រុសអាយុ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាមខេត្តកំពង់ចាម ។
២.ឈ្មោះ គិត គឹមហុង ភេទប្រុសអាយុ២៧ ឆ្នាំ ស្នាក់នៅគីឡូលេខ 6 ខណ្ឌរឫស្សីកែវ រាជធានីភ្នំពេញ
៣.ឈ្មោះ ឯម វិសាល ភេទប្រុស អាយុ៣១ ឆ្នាំ ស្នាក់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
៤.ឈ្មោះ ស្រី ណាក់ ភេទស្រី អាយុ៤៦ ឆ្នាំ មានទីលំនៅភូមិកំពុងឫស្សី ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៥.ឈ្មោះ ឆេន ស្រីលី ភេទស្រី អាយុ២១ ឆ្នាំ ស្នាក់នៅគីឡូលេខ 6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
+ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធករណីលួចដោយស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ នៅចំណុចភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ឧត្តមសេនីយ៍ទោហេង វុទ្ធី ស្នងការនគរបាលខេត្តបានឲ្យដឹងថាក្នុងរង្វង់ប្រតិបត្តិការនេះបង្ក្រាបបានជនសង្ស័យចំនួន៤នាក់ ដោយប្រើពេលជាច្រើនម៉ោងទើបចាប់ក្របួចបាន។សូមបញ្ជាក់ថាក្នុងពេលបាញ់តបតរវាងកម្លាំងសមត្ថកិច្ចនិងចោរប្លន់នេះបណ្ដាលឱ្យនគរបាលម្នាក់លោកអនុសេនីយ៍ទោអ៊ុំសុខនី នាយរងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានរងរបួសភ្លៅត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យខេត្តហើយត្រូវបានអគ្គស្នងការនគរបាលជាតិជួយឧបត្ថម្ភចំនួន១០០០ ដុល្លារ ដោយរូបលោកចុះសួរសុខទុក្ខនិងយកកំណោយនេះជូនផ្ទាល់ដៃ។
យោងតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖ ជនសង្ស័យឈ្មោះឯម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម
នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី














