ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក François Schnoebelen ប្រធានអង្គការ Formation et Progrès-Cambodge (សៀមរាប) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ផ្តោតលើការបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហការរវាងអង្គការ Formation et Progrès-Cambodge និងក្រសួងកិច្ចការនារីរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងកិច្ចការនារី ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីបេសកកម្ម និងកិច្ចការជាអាទិភាពរបស់ក្រសួងកិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រីនៅកម្ពុជា ហើយដែលកន្លងមកកិច្ចការនេះ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលគួរឱ្យកត់សម្គាល់។
លោក François Schnoebelen ប្រធានអង្គការក៏បានសម្តែងនូវអំណរគុណ និងកោតសរសើរក្រសួងកិច្ចការនារី ដែលបានបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយលទ្ធផលជាផ្លែផ្កា ហើយលោកមានបំណងសហការជាមួយក្រសួង ដើម្បីអនុវត្តសកម្មភាពមួយចំនួន ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី និងក្មេងស្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងនោះ សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ប៉ូលឌុយប្រ៊ូល គឺជាសាលាដែលមានស្តង់ដារ និងកម្មវិធីសិក្សា ប្រកបដោយគុណភាព និងប្រកួតប្រជែងខ្ពស់ ហើយនិស្សិតដែលបញ្ចប់ការសិក្សានៅសាលានេះ តែងត្រូវបានបញ្ជូនទៅធ្វើកម្មសិក្សាទាំងក្នុងនៅក្រៅប្រទេស ដើម្បីរៀនសូត្រ ដកស្រង់បទពិសោធន៍ជាក់ស្តែងលើមុខជំនាញដែលពួកគេបានសិក្សា។
ជាងនេះទៀត លោក François Schnoebelen ក៏បានជម្រាបជូនលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អំពីគម្រោងនៃការរៀបចំវេទិកាបង្កើនភាពអង់អាចស្រ្តី និងក្មេងស្រី នៅខេត្តសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែឧសភា ឆ្នាំ២០២៥ ឬចុងឆ្នាំនេះ ហើយលោកមានបំណងស្នើសុំកិច្ចសហការពីក្រសួងកិច្ចការនារី ដើម្បីរៀបចំវេទិកានេះ។
មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី សុំកោតសរសើរលើសកម្មភាពរបស់អង្គការ Formation et Progrès-Cambodge ហើយក្រសួងគាំទ្រលើគំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាពង្រឹងភាពអង់អាចស្រ្តីនិងក្មេងស្រីនេះ និងសុំឱ្យអ្នកបច្ចេកទេសរវាងភាគីទាំងពីរពិភាក្សាលម្អិត លើដំណើរការនៃការរៀបចំកិច្ចការនេះឱ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី





