អ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសឡាវ បាននាំគ្នាផ្ញើសារចូលរួមរំលែកមរណៈទុក្ខ និងក៏ដូចសម្តែងការសោកស្តាយជាពន់ពេក ពីការបាត់បង់ជីវិតទាំងវ័យក្មេង របស់ម្ចាស់ប្រេនផលិតផលអនឡាញរូបស្រស់ស្អាត និងជាម្ចាស់ហាងថែរក្សាសម្ផស្សដ៏ល្បីឈ្មោះ ប្រចាំប្រទេសឡាវ ដែលបានស្លាប់យ៉ាងអណោចអធម នៅក្នុងសោកនាដកម្មគ្រោះអគ្គីភ័យឆេះផ្ទះវីឡាដ៏ស្កឹមស្កៃ។
យោងតាមទំព័រហ្វេសប៊ុក Laophattana News បានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះផ្ទះវីឡាដ៏ប្រណិតមួយកន្លែង ស្ថិតក្នុងសង្កាត់ សាយថានី ក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ មានអ្នកស្លាប់ចំនួន១នាក់ ដែលត្រូវបានគេស្គាល់ថាលោកស្រី វី ឡៃខេម អាយុ ៣១ ឆ្នាំ ជាប្រពន្ធម្ចាស់ផ្ទះតែម្តង។
ជាមួយគ្នានេះផងដែរ ទំព័រហ្វេសប៊ុករបស់វិទ្យុជាតិឡាវ បានរាយការណ៍ថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ អាជ្ញាធរបានចល័តរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ដើម្បីពន្លត់អគ្គិភ័យ។ គេបានរកឃើញថា បុរសជាម្ចាស់ផ្ទះ និងត្រូវជាប្តីអាយុ ៣១ឆ្នាំ បានរួចផុតជីវិត ប៉ុន្តែប្រពន្ធរបស់គាត់ដែលជាពាណិជ្ជករដ៏ល្បី និងជាម្ចាស់ហាងគ្រឿងសំអាង មិនអាចចេញក្រៅបាន ក៏ស្លាប់នៅក្នុងបន្ទប់នៅជាន់ទី២។ បច្ចុប្បន្ន ការខូចខាតសរុបមិនត្រូវបានវាយតម្លៃដឹងនោះទេ ខណៈមន្ត្រីជំនាញកំពុងតែស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ។
គួរបញ្ជាក់ថា អ្នកស្រី វី ឡៃខេម ត្រូវបានក្រុមយុវជនវ័យក្មេងនៅក្នុងប្រទេសឡាវ ចាត់ទុកជា Idol របស់ពួកគេ ដោយសារតែម្ចាស់ប្រេនផលិតផលអនឡាញ និងម្ចាស់ហាងគ្រឿងសំអាងដ៏ល្បីឈ្មោះរូបនេះ តែងតែចែករំលែក និងបំផុសគំនិតល្អៗ តាមបណ្តាញសង្គម៕













