Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យការងារ និងធនធានមនុស្ស

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា តែងតាំងថ្មីប្រចាំនៅកម្ពុជា ។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺដើម្បីបញ្ជាក់នូវទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឥណ្ឌា និងដើម្បីស្វែងយល់អំពីវិស័យសក្តានុពលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តម ហេង សួរ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌានឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យ TVET របស់កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម ហេង សួរ បានបញ្ជាក់ការស្វាគមន៍ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសរបស់ឥណ្ឌា ជាមួយគ្រឹះស្ថាន TVET របស់កម្ពុជា ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញដែលទទួលស្គាល់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម Vanlalvawna Bawitlung បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហេង សួរ ក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យ TVET  រវាងប្រទេសឥណ្ឌាជាមួយកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា កម្ពុជាមានសក្តានុពលលើវិស័យជាច្រើន ដែលនឹងអាចជំរុញដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀត៕