រហូតមកដល់ចុងសតវត្សទី១៩ ទើបរដ្ឋាភិបាលចិនព្រមទទួលស្គាល់ជនជាតិចិននៅបរទេស។ មុនពេលនោះ រដ្ឋាភិបាលចិនបានចាត់ទុកជនជាតិចិននៅក្រៅប្រទេសទាំងឡាយថាជាចោរសមុទ្រ ជនក្បត់ជាតិ និងជាអ្នករត់ចោលស្រុក កំណើត (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ,ទី១៦-១៩)។
នៅឆ្នាំ១៦០៣ រដ្ឋាភិបាលនៃរាជវង្សមីង បានគាំទ្រដោយសម្ងាត់នូវការសម្លាប់រង្គាលជនជាតិចិនចំនួន ២៥.០០០នាក់ នៅប្រទេសហ្វីលីពីន ដោយផ្អែកលើហេតុផលថា ពួកជនរងគ្រោះទាំងនោះ«មិនមានភាពស្មោះត្រង់និងរមិលគុណចំពោះប្រទេសចិន មាតុភូមិ ឳពុកម្ដាយ ដូនតារបស់ខ្លួន ពីព្រោះពួកគេមិនបានវិលត្រឡប់មកប្រទេសចិនដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំឡើយ»។ ស្រដៀងគ្នានេះដែរ គេក៏បាន ង្ហាញពីការស្វាគមន៍ចំពោះព័ត៌មានស្ដីអំពីការសម្លាប់រង្គាលជនជាតិចិននៅលើកោះជ្វាពីសំណាក់ពួកហូលឡង់ នៅឆ្នាំ១៧៤០ (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ,ទី២២)។ សេចក្ដីអះអាងទាំងនេះ បានបង្ហាញឱ្យឃើញនូវទស្សនៈទូទៅ មួយដែលយល់ឃើញថា ភាពជាជនជាតិចិនត្រូវតែប្រកាន់យកព្រំដែននៃទឹកដីរបស់ប្រទេសចិន ហើយព្រំប្រទល់ទាំងនេះ មិនសំដៅលើតែខ្សែបន្ទាត់បែងចែកប្រទេសចិនពីទឹកដីដែលកាន់កាប់ដោយពួកឈ្លានពានដែលមានចិត្ដឃោរឃៅឡើយ ក៏ប៉ុន្ដែក៏សំដៅដល់ទឹកដីទាំងឡាយដែលមានផ្នូរដូនតារបស់ខ្លួនដែរ ទាំងនៅលើមេឃ និងលើដី ដូចបានបង្ហាញក្នុងរឿង និទានទាំងឡាយនៅសតវត្សទី១៣។ ដើម្បីបោះបង់ចោលនូវទឹកដី មាតុភូមិរបស់ដូនតាខ្លួន គេត្រូវបោះបង់ចោលនូវកន្លែង ខ្លួនឯង ដែលស្ថិតនៅក្នុងចក្រវាលទាំងមូលរបស់ចិន។ នៅក្នុងកំណត់ផែនទីរបស់ប្រទេសចិននាចុងសតវត្សទី១៩ គេឃើញមានការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងគំនិតរបស់រដ្ឋាភិបាលនៃអធិរាជចិន ដែលបង្កើតនូវគោលនយោបាយថ្មីៗ ជាច្រើន ដើម្បីទទួលស្គាល់ថាជនភៀសខ្លួនសញ្ជាតិចិននៅខាងក្រៅប្រទេសទាំងឡាយមិនមែនមែនជាចោរសមុទ្រ ឬជាអ្នករត់ចោលស្រុកឡើយ ប៉ុន្ដែជាពលរដ្ឋចិនដែលត្រូវការការពារពីប្រទេសចិនទៅវិញ។ មានកត្ដាជាច្រើនដែលបង្កើត ឱ្យមាននូវគំនិតនេះ ប៉ុន្ដែអ្វីដែលច្បាស់បំផុតនោះគឺថានៅពេលដែលប្រទេសចិនចាញ់ពួកបរទេសនៅក្នុងសង្គ្រាមអាភៀន (Opium Wars) ប្រទេសចិនបានខ្នះខ្នែងក្នុងការលើកតម្កើងរបៀបនៃការគិតតាមបែបប្រពៃណីថា ប្រទេសចិនគឺជាមជ្ឈមណ្ឌលដែលមានអំណាចខ្លាំងជាងគេលើពិភពលោក ។
គេលែងចាត់ទុកប្រទេសចិនថាជាផ្កាយដែលស្ថិតនៅនឹងមួយកន្លែងត្រង់ចំណុចប៉ូលលើផ្កាយទាំងឡាយទៀតហើយ (ខុងជឺ ឆ្នាំ១៩៧៣ ទំ.ទី៦៣)។ ការគិតដូច្នេះ បានធ្វើឱ្យប្រទេសចិនចាប់ផ្ដើមបង្កើតការទាក់ទងជាមួយបរទេស(ដែលមានឈ្មោះ ហៅថា Zogli Yamen) នៅក្នុងឆ្នាំ១៨៦១ បន្ទាប់មកក៏មានការកើនឡើងនូវដំណើរទស្សនកិច្ចទៅបរទេសពីសំណាក់មន្ដ្រី ជាច្រើនរបស់រដ្ឋាភិបាលនៃរាជវង្សឈីង (ឈីង ខ្មែរនិយមហៅថារាជវង្សឆេង) ហើយក៏ចាប់ផ្ដើមមានការផ្លាស់ប្ដូរនូវអាកប្បកិរិយាដ៏គឃ្លើនរបស់ខ្លួនដែលធ្លាប់មាន។ បន្ទាប់ពីបានបង្កើតស្ថានទូត (ស្ថានកុងស៊ុល)របស់ខ្លួននៅបរទេសក្នុងទសវត្សឆ្នាំ១៨៧០ និងឆ្នាំ១៨៨០ ប្រទេសចិនបានចាប់ផ្ដើមយល់ដឹងកាន់តែខ្លាំងនូវ តម្លៃសេដ្ឋកិច្ចរបស់ជនជាតិចិននៅបរទេស (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ.ទី២០៦ និង២៤៩)។ ការលុបបំបាត់ចោលនូវ ការជួញដូរទាសករនៅក្នុងពិភពលោកនៅឆ្នាំ១៨១៤ និងការកើនឡើងនូវពាណិជ្ជកម្មកម្លាំងពលកម្មនៅក្នុងប្រទេសចិន ក៏បានធ្វើឱ្យមានការកែប្រែអាកប្បកិរិយារបស់រដ្ឋាភិបាលនៃរាជវង្សឈីង ដែរ។ ការបញ្ជូនចេញជាលើកដំបូងនូវកម្មករចិនទៅ ដែនដីអាណានិគមបារាំងនៅកោះ ប៊ូដុង (Bourdon)ក្រោមកិច្ចសន្យាជាមួយបរទេស បានធ្វើឡើងនៅឆ្នាំ១៨៤៤។ នៅពេលនោះ ជនភៀសខ្លួនដែលរស់នៅក្រៅប្រទេសទាំងឡាយលែងត្រូវបានគេចាត់ទុកថាជាជនក្រៅសង្គមទៀតហើយ ប៉ុន្ដែជាពលរដ្ឋតំណាងឱ្យប្រទេសចិន។ កាលពីមុនជាតិចិនរស់នៅបរទេសត្រូវបានគេចាត់ទុកថាជាអ្នករត់ចោលស្រុក កំណើត និងជាជនក្បត់ជាតិ តែឥឡូវនេះត្រូវបានគេចាត់ទុកថាជាពលរដ្ឋនិងជាអ្នកជំនួញជាន់ខ្ពស់ទៅវិញ (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ. ទី៣៣)។ ដោយសារមានការបង្ខិតបង្ខំពីកងកម្លាំងយោធារបស់ពួកសម្ព័ន្ធមិត្តនៅឆ្នាំ១៨៦០ រដ្ឋាភិបាលនៃរាជវង្សឈីង បានចុះសន្ធិសញ្ញាជាមួយចក្រភពអង់គ្លេសនិងប្រទេសបារាំង ទទួលស្គាល់នូវសិទ្ធិធ្វើដំណើរ របស់ប្រជាពលរដ្ឋចិននិងធានាគោរពកិច្ចសន្យាលក់កម្លាំងពលកម្មដែលខ្លួនបានធ្វើជាមួយពួកអាណានិគម (Yen Ching-Hwang, ឆ្នាំ១៩៨៥ ទំ.ទី៣៣ ៤២ ៩៩-១០០)។ សន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦០ គឺ៣ឆ្នាំមុនពេលមានការ បង្កើតឡើងនូវរបបអាណាព្យាបាលបារាំងនៅកម្ពុជា បានបើកចំហឱ្យមានការធ្វើដំណើរអន្ដោប្រវេសន៍ពីសំណាក់ជនជាតិចិន ថ្មីៗជាច្រើនទៀតដែលជាប្រការធ្វើឱ្យមានជនជាតិចិនកាន់តែច្រើនឡើងនៅកម្ពុជា។
នៅក្រោមការគ្រប់គ្រងរបស់បារាំង តម្រូវការកម្លាំងពលកម្មមានតម្លៃថោក ការប្រើប្រាស់ជនជាតិចិនជាឈ្មួញកណ្ដាលក្នុង វិស័យសេដ្ឋកិច្ចនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើដំណើរ(ចរាចរ)របស់ជនជាតិចិនមករស់នៅ និងឆ្លងកាត់តំបន់ឥណ្ឌូចិនដែលគ្រប់គ្រងដោយបារាំង បានធ្វើឱ្យមានការបង្កើតនូវព្រំដែនបែងចែកជាតិសាសន៍ដ៏តឹងរ៉ឹងជាច្រើន។ ការបង្កើតច្បាប់អន្ដោប្រវេសន៍ ច្បាប់ពន្ធដារ ច្បាប់គ្រប់គ្រងសង្គម និងច្បាប់ការងារ បានបង្កើតមានសញ្ញាណនៃការបែងចែកសមាជិកក្នុងក្រុមនិងសមាជិកក្រៅក្រុម ដែលជាកត្តាធ្វើឱ្យផុសឡើងនូវគំនិតប្រឆាំងនឹងរបបអាណានិគមនៅទូទាំងប្រទេស។ជនជាតិចិនទាំងឡាយដែលទើបមក ដល់ថ្មី ត្រូវឆ្លងកាត់ប្រព័ន្ធត្រួតិនិត្យដ៏ច្បាស់លាស់មួយនៅតាមសហគមន៍ ដើម្បីងាយស្រួលក្នុងការប្រមូលប្រាក់ចំណូល។ រហូតមកដល់ឆ្នាំ១៩០៧ គេនៅតែពិនិត្យស្នាមមេដៃនិងវាស់ក្រយៅក្បាលរបស់ជនជាតិចិននៅពេលដែលពួកគេមកដល់ ដែលនេះគឺជាការបង្ហាញឱ្យឃើញថាពួកគេជាអ្នកលក់កម្លាំងពលកម្មនៅថ្ងៃនេះ ប៉ុន្ដែនឹងក្លាយជាម្ចាស់នៅថ្ងៃស្អែក។ ជនជាតិចិនត្រូវបានគេហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចការនយោបាយនៅប្រទេសកម្ពុជា ហើយពួកគេត្រូវបានពួកអាណានិគមបារាំងជេរស្ដីថាជាអ្នកជំនួញដែលមានចំណង់ច្រើនហួសហេតុ ឬជាកម្មករដែលមាន គំនិតមិនល្អ ដែលស្វែងរកសេចក្ដីសុខក្នុងជីវិតរបស់ខ្លួនពីការជួញអាភៀន ពីការលេងល្បែង និងការចាប់ជំរិត។ ទោះបីជាពួកបារាំងប្រមូលបានចំណូលជាច្រើនពីជនជាតិចិនតាមរយៈការយកពន្ធដែលមានលក្ខណៈប្រកាន់ជាតិសាសន៍ ក៏ដោយ ពួកមន្ដ្រីអាណានិគមជាច្រើនបានត្អូញត្អែរថា ជនជាតិចិនមិនបានផ្ដល់ផលប្រយោជន៍អ្វីសោះដល់ប្រទេសកម្ពុជា ផ្ទុយទៅវិញពួកជនជាតិចិនទាំងនោះបានបញ្ជូនប្រាក់ចំណូលទាំងឡាយដែលពួកគេរកបានទៅស្រុកកំណើតរបស់ខ្លួនទាំង អស់។
ក្នុងនាមជាអាណាព្យាបាល ពួកបារាំងមានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងជាមួយនឹងការស្រឡាញ់រាប់អានពីសំណាក់ប្រជាពលរដ្ឋខ្មែរភាគច្រើន ដូចមានបង្ហាញនៅក្នុងសំណេរ(អភិប្រាយ) របស់អ្នកស្រាវជ្រាវមួយចំនួនធំ និងរឿងប្រលោមលោក ជាច្រើនស្ដីអំពីពួកអាណានិគម។ ផ្ទុយទៅវិញ វប្បធម៌និងសង្គមរបស់សហគមន៍ចិននៅកម្ពុជា បានទទួលការយកចិត្តទុកដាក់ តិចតួចប៉ុណ្ណោះពីសំណាក់អ្នកស្រាវជ្រាវទាំងឡាយ។ ក្នុងក្រសែភ្នែករបស់ពួកបារាំង ជនជាតិចិនគឺជាមនុស្សដែលមាន សារសំខាន់តិចតួចបំផុត ទោះបីជាគំនិតក្នុងការធ្វើជំនួញនិងឧស្សាហកម្មរបស់ជនជាតិចិនបានផ្ដល់ជាទុនជួយឱ្យរបប អាណានិគមមានដំណើរការទៅមុខក៏ដោយ។
ប៉ុន្ដែមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៃអាណានិគមបារាំង មិនត្រឹមតែជាអ្នកដែលបានទទួលផលប្រយោជន៍ក្នុងការបង្កើតឱ្យមាន អត្ដសញ្ញាណដោយឡែកមួយក្នុងចំណោមជនជាតិចិនទាំងឡាយដែលរស់នៅបរទេសប៉ុណ្ណោះទេ តាមពិតកត្ដាសំខាន់ ក្នុងការផ្លាស់ប្ដូរនិយមន័យដែលពួកគេបានធ្វើឡើងសម្រាប់ជនភៀសខ្លួនជនជាតិចិន ដែលកាលពីមុនមានឈ្មោះថាជា សំណាត់អណ្ដែតតាមទឹក ជាក្រុមចោរសមុទ្រ និងជាឧក្រិដ្ឋជនឱ្យទៅជាអ្នកដែលមានឈ្មោះថាជាជនជាតិចិនដែលមាន សហគមន៍រឹងមាំនៅបរទេសនោះ ក៏បានបង្កើតឱ្យមានគំនិតជាតិនិយមក្នុងចំណោមជនជាតិចិនដែរ។ ប្រការនេះ បានធ្វើឱ្យមានការគិតគូរឡើងវិញអំពីឋានៈរបស់ជនជាតិចិនក្នុងរដ្ឋាភិបាលដែលពួកគេរស់នៅ និងធ្វើឱ្យមានការផ្លាស់ប្ដូររូបភាពនៃអត្ដសញ្ញាណជនជាតិចិនទាំងឡាយដែលរស់នៅបរទេសផងដែរ។ បន្ទាប់ពីរដ្ឋាភិបាលនៃរាជវង្សឈីង បានទទួលអត្ថប្រយោជន៍សេដ្ឋកិច្ចនិងកិត្យានុភាពពីការទទួលស្គាល់ជនជាតិចិននៅបរទេសនោះ ជនបដិវត្ដនៅក្នុងក្រុមរបស់លោក ស៊ុន យ៉ាតសេន (Sun Yatsen) និងអ្នកកែប្រែទម្រង់និយមក្នុងក្រុម កាំង យូវ៉េ ក៏បានទទួលស្គាល់នូវធនធាន (ឬអត្ថប្រយោជន៍)ផ្នែកនយោបាយរបស់ពួកជនជាតិចិនទាំងនោះផងដែរ។ ចាប់តាំងពីចុងសតវត្សទី១៩ មក រដ្ឋាភិបាលនិង បញ្ញវន្ដចិនបានចាប់អារម្មណ៍លើជនជាតិចិននៅបរទេសដូចមន្ដ្រីអាណានិគមដែរ។ ចំណងទាក់ទងរបស់សហគមន៍ជនជាតិចិន នៅបរទេសទៅនឹងប្រទេសចិនៅសតវត្សទី១៩ មានដូចជាការបញ្ជូនលុយកាក់ទៅឱ្យបងប្អូនរបស់ខ្លួនដែលរស់នៅតាម បណ្ដាខេត្ដនានាស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ទៅសម្រាកចូលនិវត្ដនិងស្លាប់នៅទីនោះ ថែមទាំងការដឹកជញ្ជូនអដ្ឋិធាតុ(ឆ្អឹងសព) នៃសាច់ញាតិរបស់ខ្លួនទៅបញ្ចុះនៅទឹកដីកំណើតរបស់ពួកគេ (Yong,ឆ្នាំ១៩៩២ ទំ.ទី៨៣) ។ការកើនឡើងនូវគំនិតជាតិនិយមបានជំរុញឱ្យមានការកើតឡើងនូវទឹកចិត្ដរឹងមាំយូរអង្វែងក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ចនិងអប់រំ។ ការកសាងមូលដ្ឋានគ្រឹះលើទំនាក់ទំនងជិតស្និទ្ធក្នុងសង្គមនិងវប្បធម៌ ដូចជាល្ខោនចិន(ហ៊ីចិន) ការប្រារព្ធពិធីសាសនា វិស័យសុខាភិបាល ម្ហូបអាហារនិងការអប់រំ បានជំរុញឱ្យជនជាតិចិននៅតំបន់អាស៊ីអាគ្នេយ៍បង្កើតទំនាក់ទំនងនយោបាយជាមួយប្រទេសចិនកាន់តែខ្លាំងឡើង។
ដោយមានការដឹកនាំពីលោក ស៊ុន យ៉ាតសេន អ្នកជាតិនិយមជនជាតិចិនទាំងឡាយបានបង្កើតសាលារៀនចិន និងសមាគមវប្បធម៌ជាច្រើននៅអាស៊ីអាគ្នេយ៍។ រាជវង្សឈីង បានទាក់ទាញសហគមន៍ចិននៅបរទេសដែលមានគំនិតជាតិ និយមជាច្រើនឱ្យមានការពេញចិត្ដចំពោះរដ្ឋបាលរបស់ខ្លួន ហើយបានចុះឈ្មោះទទួលស្គាល់នូវជំនឿ ប្រពៃណីរបស់ជនជាតិចិនដែលរស់នៅបរទេសក្នុងច្បាប់សញ្ជាតិរបស់ខ្លួននៅក្នុងឆ្នាំ១៩០៩។ ចាប់តាំងពីពេលនោះមក អត្ដសញ្ញាណនៃជនជាតិចិនលែងត្រូវបានគេកំណត់ត្រឹមតែមានកំណើតកើតនៅក្នុងរង្វង់នៃទឹកដីដូនតារបស់ខ្លួនទៀតហើយ។ ច្បាប់សញ្ជាតិថ្មីនេះត្រូវបានបង្កើតឱ្យមានគោលការណ៍នៃការទទួលស្គាល់សញ្ជាតិតាមរយៈតំណពូជឈាមជ័ររបស់ឳពុកម្ដាយជាមួយនឹងប្រទេសកំណើត ហើយបានកំណត់វិសាលភាពនៃជាតិសាសន៍ចិនជាថ្មី ដោយផ្អែកលើសែស្រឡាយឈាមជ័រវិញ(នេះជាប្រការដែលមិនធ្លាប់មានពីមុនមកឡើយ ( Fitzgerald, ឆ្នាំ១៩៧២ ទំ.ទី៦) ។ ដូច្នេះគេនិយាយថា អ្នកឯងគឺជាជនជាតិចិនដោយសារមានឈាមជ័រចិន មិនមែនដោយសារឈ្មោះឡើយ ។អ្នកទាំងឡាយណាដែលមានឳពុក ឬម្ដាយជាជនជាតិចិន(ទោះជាគេមិនស្គាល់ថាឳពុកជាជាតិសាសន៍អ្វីក៏ដោយ )អ្នកនោះនឹងក្លាយជាជនជាតិចិន ទោះជាកើតនៅទឹកដីកន្លែងណាក៏ដោយ។ ដូច្នេះច្បាប់សញ្ជាតិនេះបានផ្ដល់ការទទួលស្គាល់ស្របច្បាប់ដល់ជនជាតិចិនទាំងឡាយដែលរស់នៅបរទេស ទន្ទឹមនឹងនោះ បង្កើតឱ្យមានការគិតស្រមៃដល់សហគមន៍ជនជាតិចិនដែលរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ដូចជាអ្នកដែលបានកើត នៅលើកោះប័រណេអូ (Borneo) ឬនៅខេត្ដបាត់ដំបង ដែលសព្វថ្ងៃនេះក្នុងក្ដីស្រមើស្រមៃរបស់ពួកគេគឺបានងាកទៅគិតពីបញ្ហាទឹកដីរបស់ដូនតាពួកគេ (Wang, ឆ្នាំ១៩៩១ ទំ.ទី២២៣ និង Andersong,ឆ្នាំ១៩៨៣ ទំ.ទី១៣៣)៕
លីសា