Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU៖ មន្រ្តីជាង ៤០០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែកុម្ភៈនេះ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលមានមន្ត្រីចំនួន ៤៧៦រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ មន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ២៦១រូប ហើយក៏មានមន្ត្រី ២១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ និងចប់អាណត្តិផងដែរ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) បានបើកកិច្ចប្រជុំលើកទី៤៤ អាណត្តិទី៣ ក្រោមវត្តមាន ឯកឧត្តម តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤៤ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

បើយោងតាមរបាយបារណ៍អង្គប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក.ជ.ប.ព បានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. ឬACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៥៥ពាក្យប្ដឹង។​

សម្រាប់ការងារអប់រំ ក្រុមការងារ អ.ប.ព. ដឹកនាំដោយលោក សយ ច័ន្ទវិចិត្ត ឧបការី បានធ្វើបទបង្ហាញ ស្តីពីខ្លឹមសារ សំខាន់ៗ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញមកពីសាលាចំនួន ១៦ នៃក្រុងបានលុង, ស្រុកបរកែវ និងស្រុកអូរជុំ ចំនួន ១៩៧រូប ហើយបានប្រព្រឹត្តធ្វើឡើងក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ដោយឡែកចំពោះការបង្ការទប់ស្កាត់ អ.ប.ព. បានចូលរួមសង្កេតការណ៍ ការប្រឡងជ្រើសរើសបេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលបានរៀបចំ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ បំពេញការងារ ចុះសង្កេតការព ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤៧គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១៥អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕