Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពិសោធន៍មួយ បានបើកដំណើរការនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាពផលិតផល ចំណីអាហារ ភេសជ្ជៈ និងការនាំចេញ

ភ្នំពេញ៖ LABIOCERT ជាមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពផលិតផលលំដាប់ស្តង់ដារ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលអាចវិភាគលើផលិតផលជាច្រើនមុខ រាប់ចាប់តាំងពីផលិតផលឱសថ គ្រឿងសំអាង អាហារបំប៉ន ចំណីអាហារ ភេសជ្ជៈ ចំណីសត្វ ទឹក និងដីកសិកម្ម ជាដើម។

មន្ទីរពិសោធន៍នេះ នឹងចូលរួមជួយពង្រឹងគុណភាពចំណីអាហារ និងផលិតផលរបស់ខ្មែរ ប្រ កបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន និងអ្នកប្រើប្រាស់ ក៏ដូចជា ជំរុញដល់ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ខណៈកន្លងមកក្រុមហ៊ុន និងអ្នកផលិតនៅកម្ពុជា តែងតែចំណាយពេលវេលា និងថវិកាជាច្រើន ដើម្បីនាំយកផលិតផលខ្លួនទៅធ្វើការវិភាគនៅក្រៅប្រទេស។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃអាហារ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព LABIOCERT របស់ក្រុមហ៊ុន ប៉េប៉េអឹម-ខនហ្វីរេល នៅរសៀលថ្ងៃទី ២៥ខែកុម្ភៈ ឆ្នាំ ២០២៥ ថា ការបើកដំណើរការមន្ទីរពិសោធន៍នេះ គឺជាការបង្កើតឡើងនូវកាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍកសិ-ម្ហូបអាហារ ឲ្យស្របទៅតាមសភាពការណ៍ និងតម្រូវការទីផ្សារ ក៏ដូចជា អាទិភាពរបស់រាជដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ គឺការបង្កើនគុណភាពម្ហូបអាហារ សម្រាប់ប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងស្រុក និងមួយផ្នែកទៀត ជាការពង្រឹងគុណភាព និងនវានុវត្តន៍កែច្នៃ ដើម្បីលើកកម្ពស់ការនាំចេញ និងបង្កើនចំណែកទីផ្សារអន្តរជាតិ។

លោកជំទាវបានបញ្ជាក់ថា ការបញ្ជាក់ពីគុណភាពចំណីអាហារនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្តល់នូវសេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ហេតុនេះការបន្តអភិវឌ្ឍន៍ម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព គឺជារឿងចាំបាច់ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មី ដែលធានាបានទាំងរស់ជាតិ និងគុណភាព សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងអាចឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់អំពីសិល្បៈនៃការកែច្នៃម្ហូបអាហារ របស់ខ្មែរយើងបានកាន់តែច្បាស់ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្សាន្ត និងទទួលយកនូវបទពិសោធន៍ម្ហូបអហារដោយផ្ទាល់នៅប្រទេសកម្ពុជាផងដែរ។

បើតាមលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មជ្ឈមណ្ឌលកែច្នៃអាហារ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍នេះ ក៏នឹងរួមចំណែកបង្កើតឳកាសការងារថ្មីៗ និងការអភិវឌ្ឍជំនាញរបស់ប្រជាជនកម្ពុជា ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕