ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក នៃ (គ.ស.ច.គ.) អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងមន្រ្តីរាជការជាច្រើនរូបផងដែរ នាទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរៀបចំការងារផ្សព្វផ្សាយអប់រំច្បាប់ កិច្ចប្រជុំថ្នាក់ដឹកនាំសំខាន់ៗ សិក្ខាសាលា ការបណ្តុះបណ្តាល និងប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ រួមមានបានផ្សព្វផ្សាយអប់រំច្បាប់ ដល់គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋចំនួន ១ ៩០៧លើក ដល់ប្រជាពលរដ្ឋប្រមាណ ៣១០ ៦៨៩នាក់ ចែកមួកសុវត្ថិភាពសរុបប្រមាណ ៤ ៣០៦មួក និងឯកសារផ្សព្វផ្សាយពាក់ព័ន្ធសរុបប្រមាណ ៤៩៦ ៣១៦ច្បាប់ និងបានសហការជាមួយក្រុមការងារ ប.ស.ស ផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់កម្មករ និយោជិត និងអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតសរុបចំនួន ១៥៦លើក ដែលមានអ្នកចូលរួមសរុប ១៥ ៥០៤នាក់ ព្រមទាំងបានសហការ និងសម្របសម្រួលរៀបចំយុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត ដល់អ្នកបើកបរម៉ូតូកង់បីដែលជាសមាជិក ដៃគូបើកបររបស់ក្រុមហ៊ុនហ្គ្រេប (ខេមបូឌា)ឯ.ក ចំនួន១៧វគ្គ ដែលមានអ្នកចូលរួមចំនួន ២ ៧២០នាក់។
ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក ប្រសិនប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% និងកត្តាផ្សេងៗ ៤%។
ទន្ទឹមនឹងនេះលទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានពិន័យយានយន្ដល្មើសច្បាប់សរុប ចំនួន ១១៦ ៣០៨គ្រឿង (១១៦ ៧២១ករណី) ដែលក្នុងនោះរួមមាន ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៨១ ៩៨៧គ្រឿង (៨១ ៩៩៨ករណី) ស្មើ៧០% និងរថយន្តចំនួន ៣៤ ៣២១គ្រឿង (៣៤ ៧២៣ករណី) ក្នុងនោះធុនធ្ងន់ ១ ៥០៣គ្រឿង (១ ៥៥៨ករណី) ស្មើ៣០%។
ទន្ទឹមនឹងនេះ គ.ស.ច.គ. ដាក់ចេញទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ១).ឱ្យបន្តជំរុញអនុវត្តផែនការសកម្មភាពស្ដីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅឱ្យបានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តរភាព និងប្រសិទ្ធភាពប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងស្មើភាព ២). ជំរុញបញ្ចប់នីតិវិធីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ៣). រៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ ៤).បន្តរៀបចំទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ ៥).រៀបចំសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ៦).បន្តផ្សព្វផ្សាយ និងអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ៧). ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅតាមរាជធានី ខេត្ត ផ្តោតលើសិស្សានុសិស្ស អ្នកប្រើប្រាស់ម៉ូតូ អ្នកបើកបរយានយន្តអាជីព និងអ្នកបើកបរដឹកកម្មករ និយោជិត។ ជាមួយនេះ បន្ត ជំរុញការសិក្សាការកសាងតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន ៨). ជំរុញការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ ទប់ស្កាត់ការលក់ដូរ ការដាក់តាំង ការសាងសង់ សំណង់ជាដើម ៩).ជំរុញដោះស្រាយទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងផ្លូវប្រសព្វជាមួយផ្លូវដែក និង ១០). បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី









