Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​មាន​ភាពមិនប្រក្រតី​ខ្លះ ACU វាយតម្លៃថា ការប្រឡង​បាក់​ឌុប មាន​លក្ខណៈ​រលូន​ជាង​ឆ្នាំមុនៗ​

​ភ្នំពេញ ​៖ បើ​តាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​ធ​ម្យមសិក្សា​ទុតិយភូមិ​ ​ទោះបី​មាន ភាពមិនប្រក្រតី​ខ្លះ អង្គភាព​វាយតម្លៃថា​ដំណើរការ​ប្រឡង មាន​លក្ខណៈ​រលូន​ជាង​ឆ្នាំមុនៗ​។​ ​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី កិច្ចប្រជុំ​លើក​ទី​៣៨ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) ថ្ងៃទី​៣០ ​ខែ​សីហា ឆ្នាំ​២០១៨​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឃាង សេង និង​លោក​នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​លោក​ទេសរដ្ឋមន្ត្រី ឱម​ ​យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០១៨ ​ដែល​មាន​ជាអាទិ៍​៖ ១) បាន​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន ៤១៩​នាក់ ដែល​ក្នុងនោះ​ ​ប្រកាស​តាម​របប​២​ឆ្នាំ​ចំនួន​ម្នាក់ ទើប​ទទួលបាន​ការតែងតាំង​ថ្មី​មាន​ចំនួន​៤៨៦​នាក់ បញ្ឈប់​ពី​មុខតំណែង​ចំនួន​២​នាក់​ ​និង​ចូល​និវត្តន៍​ចំនួន​២​នាក់​។ ២) បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​២៨​ពាក្យ (​អនាមិក​១៤​ពាក្យ ស្នើ​នឹង​៥០​ភាគរយ​)​។​ ​អង្គភាព​បាន​ឲ្យ​សាមី​ខ្លួនរង​ការចោទប្រកាន់ ធ្វើការ​បំភ្លឺ​ចំនួន​១១​លិខិត បាន​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ចំនួន​១៣​បណ្តឹង​ ​និង​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន ៣​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា​ពាក្យ​ប្តឹង​របស់គាត់​ ​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។ ៣) បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​២០​លើក​។​ ៤)​បាន​ចូលរួម​សង្កេតការណ៍​ដេញថ្លៃ ពិគ្រោះ​ថ្លៃ និង​វាយតម្លៃ​គម្រោង​ចំនួន​៣១​លើក ដែល​មាន​សរុប​ចំនួន​៥៣​គម្រោង​។​

​លោក​ឃាង សេង បាន​បន្ថែមថា អង្គភាព​បាន​ចូលរួម​សង្កេតការណ៍​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ។ ទោះបីជា​ការប្រឡង​ឆ្នាំនេះ មាន​ភាព​មិន​ប្រក្រតី​ខ្លះ​យ៉ាងណាក៏ដោយ ក៏​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ធ្វើការ​វាយតម្លៃ​ថា​ដំណើរការ​ប្រឡង​អស់​រយៈពេល​២​ថ្ងៃ កន្លងមកនេះ មាន​លក្ខណៈ​រលូន​ជាង​ឆ្នាំមុនៗ ដោយ​មាន​ការសហការ​គ្នា​​បាន​ល្អប្រសើរ រវាង​ភាគី​ពាក់ព័ន្ធ ក៏​ដូចជា​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​​មាន​ការកោតសរសើរ ចំពោះ​ការចូលរួម​សង្កេតការណ៍​របស់​អង្គភាព លើ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បន្ត​ការលើកទឹកចិត្ត​អង្គភាព​ចំពោះ​វិធានការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បង្ការ ទប់ស្កាត់​ ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕ ​ដោយ ​៖ ​កូឡាប​

  

×