ភ្នំពេញ ៖ បើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ,
ទស្សនាទានភូមិមួយផលិតផលមួយ បានកើតមានក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែង ភូមិ ឃុំមួយចំនួនបានដាក់ឈ្មោះទៅតាមឈ្មោះផលិតផលសក្តានុពលក្នុងតំបន់ ដូចជា ឃុំឈើទាល សង្កាត់ ដើមមៀន ស្រុកក្រូចឆ្មារ ជាដើម គ្រាន់តែយើងនៅមិនទាន់បានពង្រីកសកម្មភាពនោះឱ្យមានលក្ខណៈទូលំទូលាយ នៅឡើយ។ ឈរលើស្មារតីអភិវឌ្ឍន៍ទស្សនាទាននេះឱ្យបានទូលំទូលាយ រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានផ្តួចផ្តើមគំនិតឱ្យអនុវត្តនយោបាយជំរុញចលនាភូមិមួយផលិតផលមួយជាផ្លូវការ សំដៅជួយលើកកម្ពស់ លក្ខខណ្ឌរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងនិងមាន ភាពធន់ តាមរយៈការបន្សំគ្នារវាងវប្បធម៌ប្រពៃណីខ្មែរជាមួយនឹងបទពិសោធចលនាភូមិមួយផលិតផលមួយ ដែល មានដើមកំណើតនៅខេត្តអយតា ប្រទេសជប៉ុន និងដែលត្រូវបានគេទទួលស្គាល់ថា ជាប្រព័ន្ធដំណោះស្រាយ អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបែបចម្រុះដ៏មានប្រសិទ្ធភាពនោះ ឱ្យមានភាពសមស្របទៅនឹងលក្ខណៈសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងអាចអនុវត្តបាន។ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី១ (២០១៩-២០២៣) កន្លងមក យើងបានឃើញអំពីតួនាទីដ៏មានសារៈសំខាន់នៃចលនាភូមិមួយផលិតផល មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច តាមជនបទមានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក និងការពង្រឹងភាពជាម្ចាស់ នៃសហគមន៍។
ក្នុងដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ចលនាភូមិមួយផលិតផលមួយ ត្រូវតែដើរតួនាទីឱ្យកាន់តែសកម្មថែមទៀត តាមរយៈការកៀរគរប្រជាជនឱ្យខិតខំផលិត កែច្នៃ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូវធនធានសក្តានុពលទាំងឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើងនូវផលិតផល សម្បូរបែប និងមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។ ក្នុងរយៈពេលកន្លងមក តាមរយៈ តួនាទីសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦-២០២៦ អមដោយយុទ្ធសាស្ត្រ សំខាន់ៗ បានបំផុសស្មារតីប្រជាជន និងអ្នកផលិត ឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពផលិត ប្រមូលផ្តុំចងក្រងអ្នកផលិតតូចៗតាមគ្រួសារ សំដៅធ្វើឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន លើកកម្ពស់គុណភាព តម្លៃសមស្រប ព្រមទាំងជំរុញឱ្យមានការជួយគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន។ ពេលនេះ មហាជន បានទទួលការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការចូលរួមក្នុងចលនាភូមិមួយផលិតផលមួយ និងគាំទ្រ លើផលិតផលខ្មែរកាន់តែខ្លាំងឡើង ដែលជាក់ស្តែងឃើញថា គិតត្រឹមឆ្នាំ២០២៤ មានមូលដ្ឋានផលិតចំនួន ៨៤៤ មកពី៦៤២ភូមិ នៃរាជធានី ខេត្តទាំង២៥ បានចូលរួមក្នុងចលនានេះ ហើយគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយក៏បានទទួលស្គាល់ផលិតផលចំនួន ៩៦១ មកពីភូមិទាំងនោះ ជាផលិតផល ភូមិមួយផលិតផលមួយ រួចរាល់ផងដែរ។
ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់គណៈកម្មា ជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានខិតខំបំពេញការងារជូនជាតិមាតុភូមិនាពេលកន្លងមក ដោយ បាននាំមកនូវសមិទ្ធផលដ៏ល្អប្រសើរ ក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ។ ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា ខ្ញុំនៅតែមើលឃើញពីតួនាទីមិនអាចខ្វះបានរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីបន្តដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមគ្នាសម្រេច ឱ្យបាននូវចក្ខុវិស័យគោលនយោបាយជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានដាក់ចេញ សំដៅ រួមចំណែកប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍ មានមុខមាត់ជាសង្គមស៊ីវិល័យប្រកបដោយមោទនភាពលើ ឆាកអន្តរជាតិ។ ក្នុងន័យនេះ ការបន្តដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផល មួយ ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) នៅតែមានភាពចាំបាច់ ដើម្បីកំណត់នូវក្របខ័ណ្ឌការងារមួយ ដែលមាន លក្ខណៈប្រទាក់ក្រឡាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់នូវកិច្ចអន្តរាគមន៍ដោះស្រាយប្រកបដោយ ប្រសិទ្ធភាពនិងទាន់ពេលវេលា លើបញ្ហាប្រឈមទាំងឡាយដែលកំពុងមាន ឬនឹងមាននៅតាមមូលដ្ឋាន ដែល កសិករ សេវាករ និងផលិតករគ្រប់ប្រភេទ ជួបប្រទះ។
ដើម្បីសម្រេចបាននូវសូចនាករទាំងឡាយដែលបានដាក់ចេញក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រនេះ ខ្ញុំ សូមអំពាវនាវដល់ក្រសួង ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយទាំងអស់ ទាញយកសកម្មភាពគន្លឹះពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ញាបចូលក្នុងផែនការ យុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័នខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់និងស្របទៅតាមស្មារតីគណនេយ្យភាពសមិទ្ធកម្ម។ ទន្ទឹមនេះ ខ្ញុំក៏សូមឱ្យមានការចូលរួមគាំទ្រពីបណ្តាដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ កសិករ សេវាករ ផលិតករគ្រប់ប្រភេទ និងជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នា ជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត។
រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់លើការប្តេជ្ញាចិត្ត ជាមួយស្មារតីទទួលខុសត្រូវខ្ពស់របស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួង ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការ
ផងដែរ ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) នេះ ដើម្បីផ្តល់នូវប្រព័ន្ធគាំទ្រផលិតផលក្នុងស្រុក ដ៏មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របទៅតាមបរិការណ៍ និងបរិវត្តកម្មសំខាន់ៗក្នុងសកលលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី












