រាជធានីភ្នំពេញ : ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៧ វគ្គ១ ដែលមានសិក្ខាកាមចូលរួម ចំនួន៥០នាក់ មកពី ១៦ស្ថាប័ន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួងអធិការកិច្ចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានរំលេចនូវតួនាទីរបស់ក្រសួងអធិការកិច្ចដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និងការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាចំណុចស្នូលនៃគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលេចផងដែរពីបទពិសោធន៍ និងការវិវត្តន៍របស់វិស័យអធិការកិច្ចនៃបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិច ប្រទេសចិន និងប្រទេសវៀតណាម ដើម្បីជាពុទ្ធិបន្ថែមសម្រាប់សិក្ខាកាម។
បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា ការងារអធិការកិច្ចទោះស្ថិតក្នុងកម្រិតណាក៏ដោយទាំងកម្រិតក្រសួងអធិការកិច្ច កម្រិតអគ្គាធិការដ្ឋាន ឬអង្គភាពអធិការកិច្ចតាមបណ្ដាក្រសួងស្ថាប័ន ឬកម្រិតផ្សេងទៀតដែលជាបណ្ដាញអធិការកិច្ចរបស់ក្រសួងអធិការកិច្ច គឺសុទ្ធតែមានចំណែកក្នុងការចូលរួមបង្កាទប់ស្កាត់ កែសម្អ និងមានវិធានការចំពោះ បាតុភាពអសកម្មនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំការគ្រប់គ្រង ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះគ្រូឧទ្ទេស និងបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ សិក្ខាកាមទាំងអស់ ដែលបានខិតខំចូលរួមធ្វើឱ្យវគ្គបណ្ដុះបណ្ដាលនេះទទួលបានជោគជ័យខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



