ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានចេញព្រះរាជសារក្នុងឱកាសអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥។
នាឱកាសដ៏ល្អវិសេសវិសាលនៃខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្នុង ព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្វាយ ប្រគេននូវសេចក្តីគោរពសក្ការៈ សម្តេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជម្រាបសួរ សុខទុក្ខ ព្រមទាំងសូមផ្ញើសេចក្តីនឹករឭកដល់ បង ប្អូន កូនចៅ ចៅទួតទាំងអស់នៅទូទាំងប្រទេស ដែលជានិច្ចកាល តែងតែនឹករឭក គោរពស្រឡាញ់ ផ្តល់នូវស្វាមីភ័ក្ត និងសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះ បរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរូបខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ដែលកាយវិការដ៏វិសេសវិសាល នេះ ធ្វើឱ្យខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ ចងចាំ និងគោរពស្រឡាញ់មិនអាចបំភ្លេចបាន។
ទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងរំឭកពីវីរភាពនៃការតស៊ូ របស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិ ស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម។
នាទិវាដ៏ថ្លៃថ្លានេះ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរ និងគាំទ្រក្រសួងកិច្ចការនារី ដែលបានលើក យកប្រធានបទសកលស្តីពី «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» សម្រាប់ជាប្រធាន បទក្នុងយុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបទី១១៤ ដែលប្រធានបទនេះ ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង។
ប្រធានបទនេះ ក៏មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជវភាពនៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី។
យើងនឹកឃើញផងដែរ កាលសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តម និងប្រកបដោយ ព្រះបញ្ញាញាណឈ្លាសវៃនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតន កោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពេលនោះព្រះរាជាណាចក្រ កម្ពុជាមានសុខសន្តិភាព សម្បូររុងរឿងប្រកបដោយកិត្តិយស កិត្តិនាម ល្បីល្បាញនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ហើយ ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ។
ក្នុងរយៈពេល៣០ឆ្នាំ កន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃសុខសន្តិភាពពេញលេញបរិបូរណ៍ ដែលមាន តម្លៃមិនអាចកាត់ថ្លៃបាន ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើ គ្រប់វិស័យរួមទាំងសុវត្ថិភាព កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ និងគោលនយោបាយកាត់បន្ថយ ភាពក្រីក្រ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រជារាស្ត្រ ជាកូន ចៅ ចៅទួត គ្រប់ជាតិសាសន៍ បានរស់នៅប្រកបដោយភាពសុខដុមរមនា ជីវភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង គ្មាន ការរើសអើង មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ប្រពៃណី។ គោល នយោបាយសមភាពយេនឌ័រនៅកម្ពុជាត្រូវបានដាក់ចេញ តាមរយៈយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាលដែល បានកំណត់ថា ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ និងបានជំរុញឱ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើន ក្នុង ការធ្វើសេចក្តីសម្រេច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។ មិនតែប៉ុណ្ណោះកូនចៅ ចៅទួតជាស្ត្រី ក៏បានចូលរួមជាកម្លាំងចលករប្រកបដោយសក្តានុពលកាន់តែច្រើនឡើងជាបន្តបន្ទាប់នៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ក៏ដូចជាក្នុងការងារនយោបាយ។ ទន្ទឹមនឹងនេះ ខ្ញុំសូមកោតសរសើរ និងអរគុណដល់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំដ៏វាងវៃកម្មវិធីមនុស្សធម៌ និងបានរួម ចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជារាស្ត្រ ក្នុងគោលបំណងមិនទុកនរណាម្នាក់ឱ្យនៅ ឯកោ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងការកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានីតិ កាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ខ្លួនយ៉ាងសកម្ម ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុង សង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល»។ យុទ្ធ សាស្ត្របញ្ចកោណបានផ្តោតយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការបង្កើនការវិនិយោគលើការលើក កម្ពស់យេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំ សាធារណៈនៅគ្រប់កម្រិត និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។
ខ្ញុំ សូមកោតសរសើរ និងអរគុណដល់ លោកជំទាវទី១ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គ ស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ និងជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផា ជាឥស្សរជនវ័យក្មេងដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋជាធំ និងបានរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រម ទាំងបានធ្វើជាគំរូស្ត្រីវ័យក្មេងដ៏ប៉ិនប្រសព្វក្នុងការអប់រំក្មេងស្រី និងបានដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាសម្រេច បាននូវសមិទ្ធផលដ៏ឧត្តុង្គឧត្តមជាបន្តបន្ទាប់។
ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុ ត្ថេរៈគ្រប់ព្រះអង្គ និងសូមអរគុណដ៏ជ្រាលជ្រៅ បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិទាំងអស់ ដែល បាននិងបន្តចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ប្រកបដោយសមធម៌ និង បរិយាបន្ន។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំ សូមសរសើរ និងសូមអរគុណដល់បង ប្អូន កូន ចៅ ចៅទួត ជាស្ត្រីទាំងអស់នៅ ទូទាំងប្រទេសដែលបានតស៊ូលះបង់និងចូលរួមចំណែកយ៉ាងសកម្មនៅគ្រប់កម្រិត ទាំងក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ច ការងារគ្រួសារ ការងារសហគមន៍ និងការងារសង្គម។ ខ្ញុំសូមជូនពរ បង ប្អូន កូន ចៅ ចៅទួត ជាស្ត្រីទាំងអស់ទទួល បាននូវកិច្ចគាំពារ ការគាំទ្រ និងឱកាសពេញលេញ ដើម្បីបន្តបញ្ចេញសក្តានុពលរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍ ប្រទេសជាតិយើងជាបន្តទៅមុខទៀត។
ខ្ញុំ សូមសរសើរ និងគាំទ្រក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ដែលបាននិងកំពុងខិតខំ ប្រឹងប្រែងជំរុញការអនុវត្តក្នុងបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្ត្រី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធិ និងផល ប្រយោជន៍ តាមរយៈការទទួលស្គាល់ ការផ្តល់តម្លៃ និងចាត់ទុកស្ត្រី ក្មេងស្រីជាមូលធនមនុស្សដ៏សំខាន់ ក្នុងការ អភិវឌ្ឍគ្រួសារ និងសង្គម ព្រមទាំងជំរុញ លើកទឹកចិត្ត កសាង និងអភិវឌ្ឍសមត្ថភាពស្ត្រីក៏ដូចជាការផ្តល់ឱកាសឱ្យ ពួកគេចូលរួមប្រកបដោយសមភាព និងសមធម៌ នៅគ្រប់ការងារលើគ្រប់វិស័យ។ ខ្ញុំ សូមអំពាវនាវ និងលើកទឹកចិត្តឱ្យ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រគោលនយោបាយសមភាពយេនឌ័រ ដែលផ្តល់ផលល្អទៅលើស្ត្រីដែលមាន ចំនួនជាងពាក់កណ្តាលប្រជាពលរដ្ឋ និងយកចិត្តទុកដាក់អនុវត្តន៍ការងារ ដើម្បីវិបុលភាព និងសេចក្តីសុខចម្រើន របស់ជនរួមជាតិយើងទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




