Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធស្រូវអង្ករកម្ពុជា បដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករ ដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ក្រោយពេលមានការលួចបន្លំជាអង្កររបស់កម្ពុជា ដាក់លក់នៅលើផ្សារអនឡាញប្រទេសចិន

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មាន ស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។

សហព័ន្ធបញ្ជាក់ថា ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។

សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករ ដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន ទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក៕ រក្សាសិទ្ធដោយ : សុទ្ធលី

×