សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កំពុងបំពេញភារកិច្ចជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូ កីឡាករ និងកីឡាការិនីសរុបជិត ២០០ នាក់ មកពីបណ្តាប្រទេស ចំនួន៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ពិធីបើកផ្លូវការនៃព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និង ជាប្រធានគណៈកម្មការកណ្ដាលរៀបចំការប្រកួតនេះ បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគូសបញ្ជាក់ អំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកីឡាតេក្វាន់ដូ ITF កម្ពុជា។ ឯកឧត្តមបានលើកឡើងថា កីឡាករ កីឡាការិនីកម្ពុជាធ្លាប់បានដណ្តើមមេដាយក្នុងការប្រកួតកម្រិតអាស៊ី និងពិភពលោក រហូតទទួលបាន រហស្សនាមថាក្រុមកីឡាកណ្តូប។ ឯកឧត្តម ក៏បានបញ្ជាក់នូវគោលបំណងសំខាន់ៗនៃការរៀបចំ ព្រឹត្តិការណ៍នេះឡើងគឺ៖ (១) ជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាលរបស់កម្ពុជា បានដុសខាត់សមត្ថភាព និងបង្កើនបទពិសោធ មុននឹងចេញទៅប្រកួតនៅក្រៅប្រទេស និង (២) ក្នុងនាម ជាប្រធានសហព័ន្ធអាស៊ីអាគ្នេយ៍ កម្ពុជាមានកាតព្វកិច្ចអភិវឌ្ឍន៍សមត្ថភាពសមាជិកក្នុងតំបន់ឱ្យមានលទ្ធភាព ប្រកួតប្រជែងក្នុងកម្រិតទ្វីប និងពិភពលោក។
ជាមួយគ្នានេះ លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ បានថ្លែង កោតសរសើរដល់ប្រទេសកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការរួមចំណែកលើកកម្ពស់កីឡាតេក្វាន់ដូ ITF និងជាកត្តាជួយអភិវឌ្ឍន៍ដុសខាត់ សមត្ថភាព និងបង្កើនបទពិសោធសមាជិកកីឡាតេក្វាន់ដូ ITF ក្នុងតំបន់ឱ្យមានលទ្ធភាពប្រកួតប្រជែង កម្រិតទ្វីប និងពិភពលោក។
ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានថ្លែងសុន្ទរកថាបើក ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងគណៈប្រតិបត្តិ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កត្តាចម្បងដែលផ្ដល់លទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើងបាន គឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ។ ក្នុងន័យនេះ កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នយ៍ឱ្យ កាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវចំណុចគន្លឹះមួយចំនួន រួមមាន៖ (១) ការប្រកួត ប្រកបដោយសុចរិតភាព និងស្មារតីអូឡាំពិក (២) ការបង្កើនកិច្ចសហការបច្ចេកទេស (៣) ការប្រឹងប្រែង ប្រកបដោយសីលធម៌ និង (៤) យុត្តិធម៌ក្នុងការកាត់សេចក្តី។
សូមរម្លឹកឡើងវិញថា ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី១ កម្ពុជាទទួលបានមេដាយសរុបចំនួន ៥២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣១ មេដាយប្រាក់ចំនួន ១០ និងមេដាយសំរិទ្ធចំនួន ១១ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ៧ប្រទេស ដែលបានចូលរួម៕ រក្សាសិទ្ធដោយ : សុទ្ធលី







