Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាពចំនួន ១០៧មុខ ស្មើនឹង៥០៧តោន

​ឯកឧត្តម​បណ្ឌិត​ គុណ ញឹម អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គយ​​និង​រដ្ឋាករ​​កម្ពុជា បានថ្លែងថា ការរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន ១០៧មុខ ស្មើនឹង៥០៧តោន គឺជាការអនុវត្តបន្តនូវលទ្ធផលនៃការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។

អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខប​ភើរេសិន រៀប​ចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ១០៧មុខ ស្មើនឹង៥០៧តោន ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គយ​​និង​រដ្ឋាករ​​កម្ពុជា ។

ពិធី​នេះរៀបចំ​ឡើងនៅទីតាំងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ក្នុង​គោលបំណង​ធ្វើការ​កម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ​ប្រកប​ដោយ​សុវត្ថិភាព​និង​មិនប៉ះពាល់​ដល់​បរិស្ថាន​។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ជាអង្គភាពជំនាញស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយ​មានមុខងារស្នូលក្នុងការគ្រប់គ្រងលើទំនិញនាំចេញ-នាំចូល និងការប្រមូលពន្ធ និងអាករចូលថវិកាជាតិ។ បន្ថែមពីលើមុខងារចម្បងនេះ អគរ ក៏មានតួនាទី និងភារកិច្ចសំខាន់ៗមួយចំនួនទៀតដូចជា ផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម ទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគរ បង្ក្រាបបានទំនិញល្មើសច្បាប់ស្តីពីគយ និងច្បាប់ផ្សេងទៀតជាច្រើនមុខ ក្នុងនោះមានទំនិញមួយចំនួន ត្រូវបានម្ចាស់សម្រេចប្រគល់ជូនរដ្ឋ មានសាលក្រមសម្រេចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ឬត្រូវបានម្ចាស់បោះបង់ចោលពុំចូលខ្លួនមកដោះស្រាយ និងទំនិញផ្សេងទៀត ដែលរក្សាទុកក្នុងទីតាំងសន្និធិគយបណ្តោះអាសន្នហួសរយៈពេលសំចតដែលបានកំណត់ រហូតដល់ទំនិញទាំងនោះត្រូវបានចាត់ចូលជាទំនិញគ្មានការទាមទារស្របតាមបទប្បញ្ញត្តិមានចែងក្នុងច្បាប់ស្តីពីគយ និងប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងទំនិញគ្មានការទាមទារ។ បន្ថែមលើនេះ អគរ ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបទំនិញក្លែងក្លាយ ទំនិញរំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលចែកចាយផ្តាច់មុខទំនិញមួយចំនួនផងដែរ។ ការបំផ្លាញ និងដុតចោលទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញហាមឃាត់នានា ដែល អគរ បង្ក្រាបបាន តែងតែធ្វើឡើងជាបន្តបន្ទាប់ក្នុងទ្រង់ទ្រាយដាច់ដោយឡែកពីគ្នា ដូចជាការកិនបំផ្លាញកាប៊ីនរថយន្ត ការដុតបំផ្លាញសាច់និងគ្រឿងក្នុងសត្វខូចគុណភាព បំណែកសាច់ហាមឃាត់ (ដែលជាប់បម្រាម) និងការចូលរួមដុតបំផ្លាញគ្រឿងញៀនជាដើម។

ថ្លែងក្នុង​ពិធី​នេះ ​ឯកឧត្តម​បណ្ឌិត​ គុណ ញឹម បានលើកឡើងថា ការរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព គឺជាការអនុវត្តបន្តនូវលទ្ធផលនៃការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។ ការដុតបំផ្លាញទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញគ្រោះថ្នាក់ ដែលគរពូនក្នុងបរិមាណច្រើន ហើយពិធីនេះត្រូវបានធ្វើឡើងជាលើកទីមួយក្នុងទ្រង់ទ្រាយធំបែបនេះ ដែលមិនធ្លាប់មានពីមុនមក។

អគរ បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថាន ដោយយកសំណាកទំនិញមួយចំនួនមកធ្វើការវិភាគ ដើម្បីកំណត់វិធីសាស្ត្រកម្ទេចបំផ្លាញ ជាពិសេសទំនិញជាប្រភេទសារធាតុគីមីគ្រោះថ្នាក់ និងបានជ្រើសយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខប​ភើរេសិន (ផ្នែកអេកូ​​សាយខល) ដែលមានឡដុតបំពាក់នូវបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន និងសុវត្ថិភាពខ្ពស់ក្នុងការកម្ទេចទំនិញខាងលើ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។

ក្នុងចំណោមទំនិញដែល អគរ ទទួលបានគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកម្ទេចចោលនាពេលនេះ មានចំនួន ១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន រួមមានដូចខាងក្រោម៖
១. ​ទំនិញល្មើសកម្មសិទ្ធិបញ្ញា ទម្ងន់ ២ ៣១៥ គីឡូក្រាម ដែលត្រូវបានក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្តាច់មុខ បញ្ជាក់ថារំលោភសិទ្ធិនាំចូលរបស់ខ្លួន និងជាទំនិញក្លែងក្លាយ និងបានប្រគល់ជូន អគរ ធ្វើការកម្ទេចចោល។
២.​ទំនិញល្មើសច្បាប់ ចំនួន ៤៨ មុខ ទម្ងន់ ១៥១ តោន រួមមានក្រដាសវេចខ្ចប់បារី កន្ទុយស្នោបារី និងបារីចម្រុះម៉ាកដែលពុំមានបិទតែមប្រិ៍ ពុំមានសារព្រមានសុខភាព និងពុំមានឯកសារនាំចូល និងប្រភពច្បាស់លាស់។ ហើយក្នុងនេះ ក៏មានបារីអេឡិចត្រូនិក ដែលជាប្រភេទទំនិញហាមឃាត់ ចំនួន ៣៥ ៩៤៣ ដើម និងបារីចំម្រុះម៉ាក ចំនួន ៥៨ ០៤១ ២០០ ដើមផងដែរ។
៣.​ទំនិញខូចគុណភាព ចំនួន ៣៣ មុខ ទម្ងន់ ៩៣ តោន ជាប្រភេទគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានបង្ក្រាប និងភាគច្រើនជាទំនិញដែលត្រូវបានរក្សាទុកក្នុងសន្និធិគយបណ្តោះអាសន្នហួសរយៈពេលសំចតដែលបានក្លាយជាទំនិញខូចគុណភាព។
៤.​សារធាតុគីមី និងសារធាតុគ្រោះថ្នាក់ ចំនួន ២៤ មុខ ទម្ងន់ ២៦១ តោន ។

សមិទ្ធផលនេះ កើតឡើងដោយការខិតខំប្រឹងប្រែង របស់មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ក្នុ​ង​ការ​អនុវត្ត​ការងា​រ​យ៉ាង​សកម្មក្នុងការបង្ការបង្ក្រាបទំនិញ​ខូច​គុណភាព ទំនិញ​ល្មើស​កម្មសិទ្ធិបញ្ញា​ដែល​ជា​ការចូលរួម​ចំណែក​​ក្នុងការ​ការពារអ្នកប្រើប្រាស់ ប្រជាពលរដ្ឋ បរិស្ថាន និង សង្គមជាតិ។
​​ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការពី​មន្តី្រគយ​និងរ​ដ្ឋាករ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខប​ភើរេសិន និងការចូលរួមពី តំណាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គទូត ដៃគូ​​អភិវឌ្ឍន៍​នានា និងសាធារណជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី