ថ្មីៗនេះ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ដែលជាម្ចាស់គម្រោងបុរីបុស្បា បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈសុខៗ ស្រាប់តែចេញមកលុតជង្គង់ សំពះអង្វរ នៅចំពោះមុខអតិថិជន សុំមេត្តាទុកពេលឲ្យខ្លួនសម្រាប់រយៈពេល ២ ទៅ ៣ ឆ្នាំ ទៀត ក្នុងការសាងសង់ផ្ទះជូនឲ្យបានចប់សព្វគ្រប់ ដោយហ៊ានដាក់អាយុជីវិត ឬសុខចិត្តចូលគុក ប្រសិនបើធ្វើមិនបាន។
ប្រឈមមុខនឹងអតិថិជនផ្ទាល់ ដែលមិនពេញចិត្តចំពោះទង្វើមកលុតជង្គង់លក្ខណៈដ៏មិនថ្លៃថ្នូរបែបនេះ ជាជាងធ្វើតាមនីតិវិធីជួបប្រជុំអតិថិជនស្ងប់ស្ងាត់, មានកំណត់ហេតុដោះស្រាយត្រឹមត្រូវ, អ្នកនាង ស្រីអូន បានប្រាប់មូលហេតុឲ្យបងប្អូនអតិថិជនបានដឹងថា តាមពិត រូបនាងក៏មិនចង់ធ្វើបែបនេះដែរ ប៉ុន្តែ ដោយសារមានអតិថិជននៅក្នុងគ្រុប បានកំពុងមានការញុះញុង ប៉ះបោរ ចោទប្រកាន់ថា រូបនាងជាម្ចាស់បុរីបុស្បា បោកប្រាស់ យកលុយគេហើយសរុបជាទឹកប្រាក់ប្រមាណ ៩ លានដុល្លារ បែរជាមិនអើពើសាងសង់…។
ត្រង់ចំណុចនេះ អ្នកនាង ស្រីអូន សូមប្រកាសជាសាធារណៈថា រូបនាងមិនមានគំនិតខូច ឬគ្មានទំនួលខុសត្រូវ ដូចដែលបងប្អូនអតិថិជនកំពុងបារម្ភនោះទេ ហើយសូមសន្យាថា ក្នុងរយៈពេលយ៉ាងយូរ៣ឆ្នាំទៀត ប្រសិនបើធ្វើផ្ទះមិនបានជូនភ្ញៀវទេ រូបនាងនឹងស៊ូស្លាប់ ឬដើរចូលគុកតែម្តង។
តែទោះជាយ៉ាងណា ក្រោយឃើញអ្នកនាងស្រីអូន ចេញមកលុតជង្គង់ដ៏ភ្ញាក់ផ្អើលបែបនេះ ក៏មានមហាជនមួយចំនួនសម្តែងការហួសចិត្តថា «អ្នកឆ្លាត គ្រាន់ក្រឡេកគេយល់ភ្លាម, យកលុយគេទៅចាយវាយហ៊ឺហារអស់ ចុងក្រោយ លុតជង្គង់សុំទោសគួរអោយសង្វែកណាស់ សម្តែងសមណាស់នាង, ហ៊ឺបងអើយទាំងពួកគាត់និងខ្ញុំ សុទ្ធតែប្រថុយនិងជឿជាក់ហើយ បានចេះតែរង់ចាំ ព្រោះដឹងថាវាគ្មានដំណោះស្រាយអោយលុយសុទ្ធមកវិញនោះទេ ផ្ទះក៏អត់ឯលុយក៏អត់ តែអ្វីជ្រិញគឺពូកែធ្វើយំស្រែក ដូចគ្មានតំលៃក្នុងខ្លួនសោះ ហ៊ានតែបងប្អូនខមិននិយាយការពិតជួយឈឺឆ្អាលដល់បងប្អូនដែលរងគ្រោះ ដឹងតែថៅកែស្រីលុយលានឡាយនិយាយសំដីខ្នើតដូចកាលរឿងឡាយហែកហួរសាច់ញាតិខាងប្ដីចឹង,…»។
តែទន្ទឹមនឹងនោះ ក៏មានមហាជនដទៃបានយល់ឃើញ និងលើកឡើងបែបនេះថា «ស្រីអូនជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ហ៊ានប្រឈម ម្យ៉ាងកន្លងមកគាត់ធ្វើបុណ្យច្រើនរាប់មិនអស់ ជាមនុស្សស្រលាញ់កិត្តិយស កេរ្តិ៍ឈ្មោះខំសាងរាប់ឆ្នាំមកហើយ…ខ្ញុំជឿថាគាត់មិនបោកប្រាស់អតិថិជនទេ គ្រាន់តែការសាងសង់មានការយឺតយ៉ាវប៉ុណ្ណោះ ទុកពេលឲ្យគាត់ទៅ កុំឲ្យមនុស្សឈានដល់ផ្លូវទាល់ច្រក បើគាត់ខូចគាត់អោបលុយរត់ទៅនៅក្រៅប្រទេសយូរហើយ, អ្នកខ្លះមិនបានទិញផ្ទះក្នុងបុរីនាងទេ តែថាអោយនាងសាហាវ ដល់នាងគិតខ្លី និងថាអោយនាងទៀត ស្លាប់គេចបំណុល មនុស្សអើយមិនដឹងថានាងមានបញ្ហាអ្វីនៅក្រោយខ្នង ទោះលុយនាងនៅមាន ក៏ត្រូវយកលុយទៅចំណាយកន្លែងណាខ្លះ, គាត់ធ្លាប់ប្រាប់ហើយ គម្រោងហ្នឹងជារបស់ប្តីគាត់ ហើយលុយហ្នឹងគេបង់ឲ្យប្តីគាត់ ប្រហែលជាចាញ់ល្បែងអនឡាញ ចឹងហើយបានជាសំលាប់ខ្លួនទុកបំណុលឲ្យប្រពន្វជាអ្នកដោះស្រាយ,…»៕








