ភ្នំពេញ៖រដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ជាពិសេសបានលើកទឹកចិត្តមន្ត្រី និងបណ្តុះបណ្តាល ដើម្បីបង្កើតសុខដុមនីយកម្ម និងឆ្លើយតបចំពោះការងារ ការផ្ទេរមុខងារឱ្យដាច់ស្រឡះរវាងការអភិរក្ស និងការអភិវឌ្ឍ ការទប់ស្កាត់បទល្មើសព្រៃឈើ ការបញ្ចប់ជម្លោះដីធ្លីរវាងប្រជាជននិងក្រុមហ៊ុនដីសម្បទាន។
លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើបាឋកថាស្តីពីបរិស្ថាន និងការចូលរួមរបស់យុវជននៅចំពោះមុខនិស្សិតសាលាជាតិកសិកម្មរាប់រយនាក់។
លោក រដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផល នៃក្រសួងបរិស្ថាន ក្នុងអាណិត្តិទី៥នេះ ដែលរួមមាន កំណែទម្រង់រចនាសម្ព័ន្ធក្រសួងដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គមបច្ចុប្បន្ន ការលើកទឹកចិត្តមន្ត្រី និងបណ្តុះបណ្តាលដើម្បីបង្កើតសុខដុមនីយកម្ម និងឆ្លើយតបចំពោះការងារ ការផ្ទេរមុខងារឱ្យដាច់ស្រឡះរវាងការអភិរក្ស និងការអភិវឌ្ឍការទប់ស្កាត់បទល្មើសព្រៃឈើ ការបញ្ចប់ជម្លោះដីធ្លីរវាងប្រជាជននិងក្រុមហ៊ុនដីសម្បទានទាំងស្រុង ការរៀបចំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាដើម។ ក្នុងរយៈពេល៥ឆ្នាំមកនេះ លោក រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចការទាំងនេះដែលមានការកែសម្រួលជាបន្តបន្ទាប់ និងកាន់តែប្រសើរឡើង។
ក្រៅពីនេះ លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងអំពីការកែប្រែជីវភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍តាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឱ្យពួកគាត់ទទួលបានចំណូលពីផ្នែកទេសចរណ៍ ដោយឈប់ពឹងផ្អែកលើធនធានធម្មជាតិ។
ទន្ទឹមនឹងនោះ លោក រដ្ឋមន្ត្រី បានជំរុញឱ្យសិស្សកសិកម្មត្រូវបង្កើតការច្នៃប្រឌិតដើម្បីបង្កើតរបស់ថ្មីនៅក្នុងទីផ្សារដើម្បីជាជម្រើសថ្មីសម្រាប់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក៕ ដោយ៖បញ្ញាសក្តិ