Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់ជនសង្ស័យ០៣នាក់និងអញ្ញាតជន ពីបទប៉ុនប៉ងឃាតកម្ម ,ហិង្សានិងធ្វើឱ្យខូចខាត ដុតផ្ទះពលរដ្ឋឆេះអស់៤ខ្នង

ខេត្តព្រះសីហនុ : នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ សាលាដំបូងខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី ប៉ុនប៉ងឃាតកម្ម, ហិង្សា និងធ្វើឱ្យខូចខាត ដោយចេតនា (ស្ថានទម្ងន់ទោស) និងករណីអំពើសមគំនិត បង្កឡើងដោយជនសង្ស័យចំនួនមួយក្រុម។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ប៉ុនប៉ងឃាតកម្ម, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឱ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ព្រមទាំងករណី ការសមគំនិតក្នុងអំពើហិង្សា និងធ្វើឱ្យខូចខាតដោយ ចេតនា (ស្ថានទម្ងន់ទោស) ប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណមួយក្រុម (មានគ្នាច្រើននាក់) ប្រដាប់ ដោយកាំបិត ពូថៅ និងដបសាំង ចូលធ្វើសកម្មភាពដោយហិង្សា នៅលើចំណុចទីតាំងដីមួយកន្លែង ចំណុចអូរដា ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បង្កឱ្យ មានភាពអសន្តិសុខ និងប៉ះពាល់ដល់សណ្ឋាប់ធ្នាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង និងព័ត៌មាននេះ, នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ០០នាទី សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងកំពង់សោម និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បិតត្រាំង បានចុះទៅកាន់កន្លែងកើតហេតុស៊ើបអង្កេត ស្រាវជ្រាវ ពិនិត្យឃើញមាន ផ្ទះចំនួន ៧៥ផ្ទះ (មានមនុស្សស្នាក់នៅចំនួន ៣១ផ្ទះ), បង្គោលរបង ចំនួន ២៥ដើម (២០ស.ម x ២០០ស.ម) ដោយក្នុងនោះមានបង្គោលរបងមួយចំនួនបានដាំថ្មីនៅលើចំណុចដីទំនាស់ និងបង្គោល របងផ្សេងទៀតមិនទាន់ដាំ និងដែលបានដាក់គរនៅលើដីទំនាស់នោះ, ផ្ទះខូចខាតចំនួន ០៤ខ្នង ដែលត្រូវបានក្រុម ជនបង្កដុត, ម៉ូតូចំនួន ០២គ្រឿង រងការវាយបំផ្លាញ (ខូចបន្តិចបន្តួច) និងមនុស្សចំនួន ០២នាក់ (រងរបួសធ្ងន់ ០១នាក់ និងស្រាល ០១នាក់)។

តាមការស៊ើបអង្កេត និងសាកសួរ ឃើញថាទីតាំងដីមួយកន្លែង នៅចំណុចអូរដា ដែលក្រុមប្រជាពលរដ្ឋ កំពុងរស់នៅខាងលើ គឺពួកគាត់ទទួលបានមកពីឈ្មោះ ហ៊ត ចន ជាអ្នកផ្តល់ឱ្យ និងបានលក់ទិញជាបន្តៗគ្នាក្នុង តម្លៃធូរៗថ្លៃ ឬហៅថាជាការទិញលក់រវាងគ្នាឯង គ្មានឯកសារទិញលក់ច្បាស់លាស់។ មុនពេលកើតមានហេតុការណ៍ អំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាខាងលើ, មានមនុស្សចំនួនមួយក្រុម មិនស្គាល់អត្តសញ្ញាណ មានគ្នា ប្រមាណជា ២០នាក់ បានធ្វើសកម្មភាពនាំគ្នាចូលទៅលើចំណុចទីតាំងដីកន្លែងកើតហេតុចំនួន ០៣លើក, លើកទី១ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក ក្រុមជនសង្ស័យមានគ្នាប្រហែល ២០នាក់ ពាក់ម៉ាស់ ជិះម៉ូតូចំនួន ១០គ្រឿង និងរថយន្តកូរ៉េចំនួន ០៣គ្រឿង ដោយបានដឹកបង្គោលរបងទៅដាំហើយពេលនោះក៏មានឈ្មោះ សឿង សុភ័ក្រ និងប្រជាពលរដ្ឋរស់នៅទីនោះ បាននាំគ្នាទៅហាមឃាត់មិនឱ្យធ្វើសកម្មភាព ទើបពួកគេនាំគ្នាក៏ត្រឡប់ទៅវិញអស់ទៅ។ លើកទី២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៥ និងនាទីព្រឹក ក្រុមជនសង្ស័យមានគ្នាប្រហែល ១០នាក់ ពាក់ម៉ាស់ បាននាំគ្នាចូលទៅចំណុចទីតាំងដីកន្លែងកើតហេតុ ដដែល រករឿងប្រជាពលរដ្ឋ និងកាប់ផ្ដួលផ្ទះអស់ ០១ខ្នង ព្រមទាំងធ្វើឱ្យខូចខាតម៉ូតូ ០១គ្រឿងផងដែរ។ លើកទី៣ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០១ និង ៣០នាទីរំលងអធ្រាត ក្រុមជនសង្ស័យមានគ្នាប្រហែល ២០នាក់ បាននាំគ្នាចូលទៅកាប់ និងដុតផ្ទះប្រជាពលរដ្ឋ អស់ចំនួន ០៤ខ្នងផ្ទះ និងវាយម៉ូតូខូចខាតអស់ចំនួន០២ គ្រឿង (ខូចខាតតិចតួច) និងបណ្តាលឱ្យរងរបួសប្រជាពលរដ្ឋចំនួន ០២នាក់ឈ្មោះ សឿង សុភ័ក្រ ភេទប្រុស អាយុ៥៦ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ ចាយ ចាន់រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល។ ក្នុងការស៊ើបអង្កេត លើករណីនេះ បន្ទាប់ពីធ្វើការស្រាវជ្រាវ ស្តាប់ចម្លើយជនពាក់ព័ន្ធ និងការប្រមូលភស្តុតាងផ្សេងៗ សមត្ថកិច្ច ជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន ១.ឈ្មោះ ទេព ពុទ្រា ហៅ យឿន ភេទប្រុស អាយុ ២៥ឆ្នាំ, ២.ឈ្មោះ ជួប វិបុល ភេទប្រុស អាយុ៤០ឆ្នាំ និង ៣.ឈ្មោះ កេន គង់ ភេទប្រុស អាយុ៥០ឆ្នាំ ដែលមាន តម្រុយសង្ស័យជាប់ពាក់ព័ន្ធនឹងអង្គហេតុដែលបានកើតឡើងខាងលើជាមួយបក្ខពួកផ្សេងទៀត ព្រមទាំង ប្រមូលដកហូតបានវត្ថុតាង កាំបិតផ្គាក់ ០១ដើម និងដបសាំង ចំនួន ០៦ដប ស្មើនឹង ០៣លីត្រ។ សូមបញ្ជាក់ ផងដែរថា ពាក់ព័ន្ធនឹងអង្គហេតុខាងលើនេះ គឺនៅមានមុខសញ្ញាជនសង្ស័យជាច្រើននាក់ទៀត ដែលសមត្ថកិច្ច កំពុងបន្តបើកការស៊ើបអង្កេត ស្រាវជ្រាវស្វែងរក និងចាត់វិធានការយ៉ាងតឹងរឹងតាមនីតិវិធីច្បាប់។

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងនេះ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ០៣នាក់ និងអញ្ញាតជន បញ្ជូនទៅចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទៈ ប៉ុនប៉ងឃាតកម្ម តាមបញ្ញត្តិ មាត្រា ២៧, មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឱ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និង បទសមគំនិត (ក្នុងបទល្មើសខាងលើនេះ) តាមបញ្ញត្តិមាត្រា ២៩, មាត្រា ២១៨ ចំណុចទី៣ និងមាត្រា ៤១១ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ២១៣ អ.ឃ.១/២៥ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី