វីដេអូឃ្លីបមួយ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញនារីវ័យក្មេងម្នាក់ កំពុងដើរអនាថានៅតាមកណ្តាលដងផ្លូវ ខណៈមើលទៅហាក់ដូចជានាងមានបញ្ហាសតិ ប៉ុន្តែមិនបានធ្វើបាបនរណាម្នាក់ឡើយ ហើយមនុស្សក្នុងសហគមន៍ហាក់ដូចជាស្គាល់នាងដែរ ដោយគេបានផ្តល់ពត៌មានថា ដើមឡើយនាងជាស្រីស្អាត ហើយក៏ជាតារាចម្រៀងនៅក្នុងភោជនីយដ្ឋានផងដែរ ប៉ុន្តែក្រោយមក នាងមានបញ្ហាសតិអារម្មណ៍ ហើយញៀនថ្នាំទៀត ទើបធ្វើឱ្យនាងក្លាយជាបែបនេះ។
នេះបើតាមគណនី TikTok ឈ្មោះ nongkeawshop2 ដែលជាម្ចាស់បើកហាងលក់វត្ថុអនុស្សាវរីយ៍នៅខេត្ត Nakhon Si Thammarat ដែលជាអ្នកបង្ហោះឃ្លីបបានឲ្យដឹងថា នេះជារូបភាពរបស់ Bew កំពុងដើរតាមផ្លូវទីងងឹត ប៉ុន្តែនាងស្ថិតក្នុងអារម្មណ៍ភ្លឺស្វាងខុសពីឃ្លីបមុន។ ជាក់ស្តែង នៅពេលថតរូប នាងបានងាកមកនិយាយស្វាគមន៍ជាមួយយើងទាំងញញឹម។ តែទោះជាយ៉ាងណា គេបានរកឃើញថា ពេលខ្លះនាងអាចយល់បាន ហើយពេលខ្លះមិនអាចយល់បាននោះទេ។
ក្រោយមក អ្នកបង្ហោះរូបនេះ បានប្រាប់តាមរយៈខមិនថា ទោះ Bew ស្ថិតក្នុងសភាពបែបនេះក៏ដោយ តែនាងជាមនុស្សគួរសម និងមានអត្តចរិតល្អផងដែរ។ មូលហេតុ ដែល Bew ក្លាយជាមនុស្សបែបនេះ គឺដោយសារនាងខកចិត្តខ្លាំងចំពោះស្នេហា ហើយជ្រើសរើសផ្លូវខុសងាកទៅរកគ្រឿងញៀន។ កន្លងមក ទាំងគ្រួសារ និងភ្នាក់ងារបានព្យាយាមយកនាងទៅព្យាបាល ប៉ុន្តែនាងបានរត់គេចចេញជាបន្តបន្ទាប់។ នាងមិនបានលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យទេ ហើយជ្រើសរើសងាកទៅប្រើថ្នាំញៀន។ ឥឡូវនេះ ក្រៅពីបញ្ហាសុខភាពផ្លូវចិត្ត ក៏មានបញ្ហាអនាម័យដែរ ពោលគឺនាងមិនងូតទឹក។
ម្ចាស់គណនី TikTok ខាងលើ ក៏បានឲ្យដឹងទៀតថា ចំពោះមូលហេតុដែលស្រ្តីអនាថារូបនេះមិនព្រមងូតទឹក ឬផ្លាស់ប្តូរសម្លៀកបំពាក់ គឺនៅពេលសួរនាំ Bew បានប្រាប់បែបនេះថា បើនាងស្លៀកពាក់ស្អាតបាត មនុស្សអាក្រក់នឹងមានគំនិតមិនល្អចំពោះនាង ព្រោះនាងក៏ធ្លាប់ជួបរឿងបែបនេះដែរ៕







