កំពង់ស្ពឺ ៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ ១៤០ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានក្រុមក្មេងទំនើង ០២ក្រុម ជិះម៉ូតូធ្វើសកម្មភាពយកមួកសុវត្ថិភាព ដេញគប់គ្នាទៅវិញទៅមក ហើយបានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ ភ្លាមៗ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង និងអនុវត្ដតាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌស្រុកសហការ ជាមួយកម្លាំងនគរបាលរដ្ឋបាលត្រពាំងគង បេីកការស្រាវជ្រាវបន្ទាន់រហូតឈានទៅឃាត់ខ្លួនក្រុមក្មេងទំនេីងបានភ្លាមៗ ៖
ក្រុមទី ១ : ៦នាក់ ៖ ១-ឈ្មោះ ខុន វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិគង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ , ២-ឈ្មោះ ឡុង សំអូន ភេទប្រុស អាយុ ១៦ឆ្នាំ , ៣- ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ ១៧ឆ្នាំ , ៤- ឈ្មោះ ឆន សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ , ៥- ឈ្មោះ សួន រស្មី ហៅវី ភេទប្រុ ស អាយុ ១៦ឆ្នាំ , ៦- ឈ្មោះ សឿន វ៉ាន់ឌឿន ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់នៅចំណុចរម្យណីយដ្ឋានម៉ុងឫទ្ធីសែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ។
ក្រុមទី ២ : ២នាក់ ៖ ១- ឈ្មោះ ស៊ន បូរ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ , ២- ឈ្មោះ ពៅលី បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ទាំង ឃាត់នៅក្នុងបុរីហាមមុន្នី ភូមិអូរក្រាំងអំបិល ស្រុកសំរោងទង ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក ថា ក្រុមក្មេងទំនើងទាំង២ ក្រុម ពិតជាបានធ្វើសកម្មភាពយកមួកដេញគប់គ្នាទៅវិញ ទៅមកមូលហេតុមកពីក្រុមទី ២ ខឹងក្រុមទី១ រោទិ៍ម៉ូតូឌឺដាក់ក្រុមខ្លួន ទប់កំហឹងមិនបានក៏កើតជាហឹង្សាតែម្ដង ។
ប្រតិបត្តិការសមត្ថកិច្ចដកហូតម៉ូតូ ០៤គ្រឿង មនុស្ស ៨នាក់ និងមួកសុវត្ថិភាពចំនួន ០៣ បច្ចុប្បន្នកំពុងដំណើរការនីតិវិធីនៅអធិការដ្ឋានស្រុកសំរោងទង និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការនីតិវិធីបន្ដ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




