ភ្នំពេញ ៖ នាខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថាប័នអប់រំ អាយ ឌី ភី ឈានមុខគេលើពិភពលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេស បានរៀបចំសន្និសីទ CamTESOL លើកទី ២១ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំឈានមុខគេសម្រាប់អភិវឌ្ឍន៍ជំនាញលើ
វិស័យអប់រំភាសាអង់គ្លេស (ELT) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិប្រមាណ ១៦០០ នាក់មកពី ៤០ ប្រទេសជុំវិញពិភពលោក។
ប្រធានបទនាឆ្នាំនេះ៖ <<នវានុវត្តន៍ កិច្ចសហការ និងកំណែទម្រង់សម្រាប់អនាគតនៃវិស័យអប់រំភាសាអង់គ្លេស>> ឬ <<Shaping the Future of ELT: Innovation, Collaboration, and Transformation>>។
ពិធីបើកនាល្ងាចថ្ងៃទី ១៤ ខែកុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ៅ ស្រេង ស្ថាបនិកសន្និសីទ CamTESOL និងនាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) និងសាលា អេស៊ីអ៊ី (ACE) ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងលោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទ CamTESOL ជាង ២ ទសវត្សរ៍បង្ហាញពីការរីកចម្រើន ការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីឧត្តមានុវត្តន៍ និងការសិក្សាស្រាវជ្រាវចុងក្រោយបំផុតក្នុងវិស័យ ELT។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ <<យោងតាមពាក្យសំដីរបស់ Albert Einstein យើងមិនអាចដោះស្រាយបញ្ហាដោយការគិតដដែលៗនោះឡើយ ហើយការច្នៃប្រឌិតគឺជាចំណុចសំខាន់សម្រាប់ការដោះស្រាយបញ្ហា ខណៈដែលការសហការជាមួយគ្នា អាចអោយយើងរៀនពីគ្នាទៅវិញទៅមក។ ការផ្លាស់ប្តូរតាមរយៈការអនុវត្តគំនិតថ្មីៗយ៉ាងមាន ប្រសិទ្ធិភាព គឺជាសេចក្តីសម្រេចយ៉ាងសំខាន់។ CamTESOL គ្របដណ្តប់លើគោលការណ៍ទាំងនេះ ដើម្បីធានាថា ការបង្រៀនភាសាអង់គ្លេស (ELT) នឹងបន្តរីកចម្រើននៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន។>>
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ អាយ ឌី ភី និងសាលាអេស៊ីអ៊ី និងជាស្ថាបនិកនៃសន្និសីទ CamTESOL បានលើកឡើងថា៖ <<ប្រធានបទឆ្នាំនេះឆ្លុះបញ្ចាំងការទទួល យកនូវការផ្លាស់ប្តូរ ពិសេសតួនាទីនៃបញ្ញាសិប្បនិម្មិតក្នុងការលើកកម្ពស់ការបង្រៀន និង សិក្សាភាសាអង់គ្លេស។ បើទោះបីជាបច្ចេកវិទ្យាជឿនលឿនឥតឈប់ឈរ គ្រូបង្រៀនល្អ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំ។ ហេតុដូចនេះគោលដៅរួមរបស់យើងគឺធានាបានការពង្រឹងស្មារតី និងជំនាញដើម្បីបន្តអភិវឌ្ឍវិស័យអប់រំ ភាសាអង់គ្លេសកាន់តែប្រសើរសម្រាប់ពេលអនាគត។>>
សន្និសីទដ៏ធំនេះ បានរួមបញ្ចូលនូវការធ្វើបទបង្ហាញជាង ៥៥០ ដែលមានប្រធានបទ ២១ ផ្សេងៗគ្នា ប្រមូលផ្តុំដោយគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន សាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស អ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីទ្បា និងអ្នកអប់រំភាសាអង់គ្លេសកម្រិតអន្តរជាតិ ដែលមានបំណងបង្កើត និងពង្រឹងនូវទំនាក់ទំនងក្នុងផ្នែកបង្រៀនភាសាអង់គ្លេស (ELT) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ <<សន្និសីទ CamTESOL ជាវេទិកាដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងជម្រុញការអភិវឌ្ឍន៍ប្រទេស។ ខណៈកម្ពុជារក្សាបានតម្លៃ និងអត្តសញ្ញាណវប្បធម៌ជាតិដ៏ថ្លៃថ្លា ជំនាញភាសាអង់គ្លេសអាចពង្រីកឱកាសយ៉ាងទូលំទូលាយដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយជោគជ័យ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំផងដែរ។>>
នាឱកាសនោះដែរ លោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាមានប្រសាសន៍ថា៖ <>
វាគ្មិនក្នុងកិច្ចពិភាក្សាពេញអង្គរួមមាន Dr. Ania Lian ជានិពន្ធនាយក និងអនុប្រធាននៃ Asia CALL និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃ Charles Darwin University លោក Adam Kilburn ជានាយកប្រតិបត្តិប្រចាំ NEAS Australia, Dr. Nick Saville នាយកផ្នែក Thought Leadership នៃ Cambridge University Press and Assessment និងជាអគ្គលេខាធិការនៃ Association of Language Testers in Europe (ALTE) និងលោក Stephen Heap នាយកនៃ IDLTM Online Australia ព្រមទាំងវាគ្មិនជាច្រើនទៀត។
រយៈពេល ២១ ឆ្នាំបន្ទាប់ពីការបង្កើតសន្និសីទ CamTESOL នេះ ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) សម្តែងការសាទរចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក និងស្ថាប័ននានាជាច្រើន ព្រមទាំងអ្នកដែលពាក់ព័ន្ធនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិទាំងមូល។
ការគាំទ្រជាបន្តបន្ទាប់នេះ បានរួមចំណែកយ៉ាងធំធេងនៅក្នុងការរីកចម្រើនលូតលាស់ជាបន្ត និងភាពល្បីល្បាញរបស់សន្និសីទនេះ ក៏ដូចជាបានរួមចំណែកទៅក្នុងការបង្រៀន និងការរៀនភាសាអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា សន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី២២ នឹងធ្វើទ្បើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ <The Future of English Language Teaching in the Digital Era: Empowering Teaching and Transforming Learners>។
ជួបគ្នានាសន្និសីទ CamTESOL លើកទី ២២៖ camtesol.org ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





