កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នាថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មបុរសនិងបុរសស្រលាញ់គ្នាចាក់សម្លាប់ត្រង់បំពង់កយ៉ាងសង្វេគ «សង្ស័យរឿងប្រចណ្ឌ»។
មនុស្សស្រលាញ់ភេទដូចគ្នា០២នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចខ្នងទំនប់អូរត្រែង ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឲ្យដឹងថា ជនរងគ្រោះទី ០១-មានឈ្មោះប៉ូច ផាន់នី ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរជាងកាត់សក់ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី និងទី០២-មានឈ្មោះ ផាន់ ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងកាត់សក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ។ បច្ចុប្បន្ន ស្នាក់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី បានដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ ក្រោយបងស្រីមានការសង្ស័យមិនឃើញបើកទ្វារផ្ទះដើម្បីប្រកបរបរកាត់សក់។
តាមរយៈការអត្ថាធិប្បាយពីបងស្រីរបស់ជនរងគ្រោះ ប៉ូច ផាន់ណា ថាអាចមកពីភ្លើងប្រចណ្ឌ ។
ជនរងគ្រោះទាំងពីរនាក់ស្រលាញ់ភេទដូចគ្នា រយ:ពេលច្រើនឆ្នាំមកហើយ សមត្ថកិច្ចរកឃើញកូនកាំបិតនៅក្បាលគ្រែអ្នកទាំងពីរ ករណីនេះជនរងគ្រោះអាចយកកាំបិតចាក់គ្នាសម្លាប់ដៃគូររួចចាក់សំលាប់ខ្លួនតាមក្រោយតាមព័ត៌មានថា អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងជាងស្ករតាំងម៉ែ មូលហេតុនេះហើយដែលអាចកើតមកជារឿងភ្លើងប្រចណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










