ខេត្តក្រចេះ ៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញសង្គម និងសាធារណជនឲ្យបានជ្រាបថា៖ ពាក់ព័ន្ធទៅនឹងករណី “ពលរដ្ឋចោទថាក្រុមហ៊ុនចិន ហ្គ្រីន អាយ លែន នៅក្នុងស្រុកអូរគ្រៀងសែនជ័យ បានប្រើប្រាស់កាំភ្លើងដើរ បាញ់សត្វគោប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ “។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានឈ្មោះ ស៊ុន លាង បានទៅដល់កន្លែងកើតហេតុ និងប្តឹង រាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធទៅនឹងករណី មានជនជាតិចិនចំនួន ០៣នាក់ បានជិះរថយន្តពណ៌ស និងបានបាញ់សត្វគោ របស់គាត់បណ្តាលឲ្យងាប់ ០១ក្បាល នៅចំណុចក្រុមហ៊ុន ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រឿងសែនជ័យ។ ក្រោយពេលទទួលបានបណ្ដឹងសមត្ថកិច្ចជំនាញបានធ្វើការចុះស្រាវជ្រាវដល់កន្លែង កើតហេតុ និងបានរកឃើញថាពិតជាមានសត្វគោ ០១ក្បាលងាប់ នៅចំណុចក្នុងក្រុមហ៊ុន និងរកឃើញមាន ស្នាមបាញ់ នៅលើសត្វគោប្រាកដមែន។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរក្រៀងសែនជ័យ បានចោទប្រកាន់លើជនជាតិចិនមួយក្រុម ធ្វើការនៅក្រុមហ៊ុន ខេមបូឌា បាណាណា ហៅតាត់ថា C.B.S បានប្រើប្រាស់អាវុធបាញ់សត្វគោក្របីជាច្រើនក្បាល ខ្លះងាប់ ខ្លះរបួស និងខ្លះទៀតបាត់ខ្លួន ជាបន្តបន្ទាប់ ។
ប្រជាពលរដ្ឋនៅស្រុកអូរក្រៀងសែនជ័យ បានលើកឡើងថា ៖ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ មានក្រុមជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុន ខេមបូឌា បាណាណា ហៅតាត់ថា C.B.S បាននាំគ្នាគៀងសត្វគោក្របីរបស់ពួកគាត់ រួចហើយប្រើប្រាស់អាវុធបាញ់ បណ្តាលឱ្យសត្វគោមួយក្បាលងាប់ នៅនឹងកន្លែង របួស២ក្បាល និងបាត់ក្របីចំនួន បីក្បាលទៀត។
ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វពាហនៈខាងលើបន្តថា រហូតមកដល់ថ្ងៃទី៣ មីនា ២០២៥នេះ ក្រុមជនដៃដល់ ដែលជាជនជាតិចិន ខាងលើមិនត្រូវបានឃាត់ខ្លួនពីសំណាក់កម្លាំងសមត្ថកិច្ចនៅឡើយទេ ។
ប្រជាពលរដ្ឋខាងលើបន្ថែមទៀតថា ក្រុមជនជាតិចិនខាងលើ ខណៈធ្វើសកម្មភាព គឺជិះរថយន្តសេរីទំនើបមួយគ្រឿង ហើយគៀងសត្វគោក្របី របស់ពួកគាត់ ឱ្យចូលទៅក្នុងបរិវេណចំការ របស់ក្រុមហ៊ុន និងបានប្រើប្រាស់កាំភ្លើងបាញ់ ទៅលើសត្វគោរបស់ពួកគាត់ តែម្តង បណ្ដាលឱ្យងាប់ និងរបបួលជាច្រើនក្បាល ។ ក្រោយបាញ់ប្រហាររួចមក ពួកគេបានប្រើឱ្យសន្តិសុខ លើកសត្វគោ ដាក់ត្រាក់ទ័រ ដើម្បីដឹកចូលក្រុមហ៊ុន ដើម្បីវះយកសាច់ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វគោក្របីដដែលនោះ ថា ករណីបាញ់ប្រហារសត្វគោក្របី ចេញពីសំណាក់ក្រុមជនជាតិចិនមួយក្រុម ធ្វើការនៅក្នុងក្រុមហ៊ុនខេមបូឌា បាណាណា អះអាងថា មិនមែនទើបនឹងកើតឡើងនោះទេ កន្លងមកមានសត្វគោក្របីរបស់ពលរដ្ឋងាប់ នៅក្នុងព្រៃជាបន្តបន្ទាប់ ដោយមានស្នាមត្រូវគ្រាប់កាំភ្លើង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បាននឹងកំពុងស្រាវជ្រាវ និងបន្តនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




