ភ្នំពេញ ៖ ជាមួយការប្រកាសពីការជាសះស្បើយពីជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែកនូវបទពិសោធ នៃការចរចារកសន្តិភាពរបស់សម្តេចកាលពីអតីតកាល ដោយបានលើកឡើងពីការតស៊ូអំណត់អត់ធ្មត់ក្នុងការចរចា ដើម្បីសេចក្តីសុខរបស់ជាតិ។
ការចែករំលែកបទពិសោធដោយភ្ជាប់នឹងរូបថតអំឡុងពេលសម្តេចតេជោ ដឹកនាំការចរចានៅឆ្នាំ១៩៨៩ ដោយសម្តេចតេជោ បានហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព» ធ្វើឡើង ខណៈដែលថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ «ម្សិលមិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ ហើយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរព សក្ការៈយាងទៅប៉េកាំងព្រឹកមិញនេះ ព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គនិងថ្នាក់ដឹកនាំផ្សេងទៀត។ មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀត លទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំកំណត់ថាខ្ញុំពុំមានជំងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣។ ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែន ខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ដែលខ្ញុំហៅថាវេចបាយសុី ដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំ តែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។(អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ៕»៕ រក្សាសិទ្ធដោយ៖សុទ្ធលី
