Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានបាញ់ប្រហារមកលើសមត្ថកិច្ច ពីបទលួចមានស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត,

កំពង់ចាម : នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានអំពីចំណាត់ការពាក់ព័ន្ធនឹងករណី ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានបាញ់ប្រហារមកលើសមត្ថកិច្ច ដែលមានជនល្មើសជាមេក្លោងឈ្មោះ ឯម នាង និងបក្ខពួក។

នៅក្នុងករណីនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ធ្វើសម្រេចចោទប្រកាន់ ជនល្មើស ឈ្មោះ ឯម នាង ហៅប្រេសុីល ជនល្មើស ឈ្មោះ គិត គឹមហុង និងជនល្មើសឈ្មោះ សំ បញ្ញាស័ក្ត ព្រមទាំងបក្ខពួក ចំនួន ០៣ សំណុំរឿង ដែលមានដូចជា លួចមានស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

អំពើដែលប្រព្រឹត្តដោយក្រុមជនល្មើសខាងលើនេះ ជាអំពើដែលគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខសង្គម។ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នឹងធ្វើការឃ្លាំយ៉ាងហ្មត់ចត់ជាទីបំផុត ទៅលើការអនុវត្តនីតិវិធីបន្តទៅលើក្រុមជនល្មើសទាំងនេះ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម នៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ សំណុំរឿង ពាក់ព័ន្ធនឹងករណី៖ លួចមានស្ថាន ទម្ងន់ទោស, ទទួលផលចោរកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, ជួញដូរ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ,ជនសង្ស័យឈ្មោះ គិត គីមហុង ភេទប្រុស អាយុ២៦ឆ្នាំ, ជនសង្ស័យឈ្មោះ សំ បញ្ញាស័ក្ត ភេទប្រុស អាយុ៣៧ឆ្នាំ ព្រមទាំង បក្ខពួក ដោយ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល និងឈ្មោះ គិត គឹមហុង បានធ្វើសកម្មភាពជិះរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-9165 គៀរម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឈុន ជីឈឹង ភេទស្រី អាយុ១៧ឆ្នាំ ឲ្យឈប់រួចជនសង្ស័យឈ្មោះ គិត គឹមហុង បានចុះពីលើរថយន្តធ្វើសកម្មភាពគំរាមកំហែង និងរុញច្រានជនរង គ្រោះប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 1AF-0185 រួចជិះចេញពីកន្លែងកើតហេតុ ។ បន្ទាប់ពីប្លន់ម៉ូតូបាន ជនសង្ស័យឈ្មោះ ឯម នាង បានយកទៅលក់ឲ្យជនសង្ស័យឈ្មោះ សំ បញ្ញាស័ក្ត នៅចំណុចកែង សាលារៀនកូរ៉េ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងតម្លៃ ២.៨០០.០០០(ពីរលានប៉ែតសិបម៉ឺន) រៀល ។

ក្រោយពីទទួលបានបណ្ដឹងភ្លាម សមត្ថកិច្ចបានបើកការស្រាវជ្រាវបន្តបន្ទាប់រហូវកំណត់បានមុខសញ្ញាពាក់ព័ន្ធ នៅថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះទៅដល់ផ្ទះរបស់ជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ត្រង់ចំណុចផ្ទះ លេខ៤៣៤ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានធ្វើការបង្ក្រាបឈានដល់ការឃាត់ខ្លួន បានមនុស្សចំនួន ៤នាក់ ដែលនៅក្នុងផ្ទះជាមួយគ្នា រួមមាន៖ ១.ជនសង្ស័យឈ្មោះ គិត គឹមហុង ភេទប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះ សោម វណ្ណៈសេរី ភេទស្រី អាយុ៤៦ឆ្នាំ, ៣.ឈ្មោះ ឆេង សុខលី ភេទស្រី អាយុ២១ឆ្នាំ និង ៤.ឈ្មោះ ឯម វិសាល ភេទប្រុស អាយុ២៨ឆ្នាំ ។ ដោយឡែកនៅសល់តែជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល បានធ្វើសកម្មភាពប្រដាប់ដោយ កាំភ្លើង ០១ដើម ម៉ាកK54 បាញ់ប្រហារមកលើសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចម្នាក់រងរបួសគល់ភ្លៅខាងស្តាំធ្លាយឆ្អឹង ប៉ុន្តែមិន បានបាត់បង់ជីវិតនោះទេ ។ ជនសង្ស័យបានបន្តបាញ់តបតនិងគំរាមកំហែងបាញ់សម្លាប់ចំពោះសមត្ថកិច្ចណាដែលចូលទៅ បង្ក្រាបផងដែរ ។ ស្របពេលនោះ សមត្ថកិច្ចក៏បានបាញ់តបត រហូតដល់ជនសង្ស័យព្រមទម្លាក់អាវុធចុះ និងបានប្រគល់ខ្លួន ឲ្យមកសមត្ថកិច្ចអនុវត្តតាមច្បាប់ និងដកហូតបានវត្ថុតាង៖ កាំភ្លើងខ្លី ចំនួន១ដើម ម៉ាកK54 ពណ៌ខ្មៅ, បង់កាំភ្លើង ខ្លីចំនួន២, គ្រាប់ប្រភេទ ៧,៦២mm x ២៥mm ចំនួន ៧គ្រាប់, រថយន្តចំនួន ២គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ទឹក មាស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-9165, រថយន្ត ម៉ាក ម៉ាសស្តា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS-8434, ម៉ូតូរគ្រឿង ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ គ្មានផ្លាកលេខ និងម៉ូតូម៉ាក ស្តុបពី ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 1AD-6895, សម្ភារៈមួយចំនួន ទៀត និងម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន ចំនួន ១កញ្ចប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារ
វេចខ្ចប់គ្រឿងញៀនមួយចំនួនជារបស់ជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល និងឈ្មោះ គិត គឹមហុង ដែលបានទិញ ពីឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ ក្នុងតម្លៃ ៤៥០.០០០ រៀល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលផ្ញើតាមរយៈរថយន្តឈ្នួលនៅចំណុចរង្វង់មូល សេះពីរស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយជនសង្ស័យទាំងពីរ នាក់បានយកមករំលែកជាកញ្ចប់តូចៗបន្ថែមទៀត ។

ចំណែកឯមនុស្សចំនួន ៣នាក់ ដែលពុំពាក់ព័ន្ធនៅក្នុងករណីបទល្មើស ខាងលើ រួមមាន៖ ១.ឈ្មោះ សោម វណ្ណៈសេរី ភេទស្រី អាយុ៤៦ឆ្នាំ, ២.ឈ្មោះ ឆេង សុខលី ភេទស្រី អាយុ២១ឆ្នាំ និង ៣.ឈ្មោះ ឯម វិសាល ភេទប្រុស អាយុ២៨ឆ្នាំ តំណាងអយ្យការបានសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ ។

បន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើករណីនេះចំនួន ៣ សំណុំរឿងដូចខាងក្រោម៖

-សំណុំរឿងព្រហ្មទណ្ឌទី១ លេខ ២០៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ គិត គីមហុង ភេទប្រុស អាយុ២៦ឆ្នាំ ពីបទៈ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ហើយចំពោះជនសង្ស័យឈ្មោះ សំ បញ្ញាស័ក្ត ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទ៖ ទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចកែងសាលារៀនកូរ៉េ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិ មាត្រា ៣៩៩ និងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ ។

-សំណុំរឿងព្រហ្មទណ្ឌទី២ លេខ ២០៨ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ ពីបទ៖ ប៉ុនប៉ងឃាតកម្ម ប្រឆាំងនឹងអ្នករាជ ការសាធារណៈ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣៤ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹង កុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ២៧, មាត្រា ១៩៩, មាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

-សំណុំរឿងព្រហ្មទណ្ឌទី៣ លេខ ២០៩ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ គិត គីមហុង ភេទប្រុស អាយុ២៦ឆ្នាំ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣៤ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុង កំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌទី១ និងកថាខណ្ឌទី៤ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជនសង្ស័យឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ ពីបទ៖ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តតាមរយៈការផ្ញើតាមរថយន្តឈ្នួលនៅចំណុចរង្វង់មូលសេះពីរស្ថិតនៅក្រុងកំពង់ចាម ខេត្ត កំពង់ចាម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌទី៣និងកថាខណ្ឌទី៤ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន ។

ក្រៅពីធ្វើការចោទប្រកាន់ខាងលើ តំណាងអយ្យការក៏បានសម្រេចស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ជនសង្ស័យ ទាំងអស់ខាងលើជាបណ្តោះអាសន្នផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី