ប្តីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ ដែលសម្តែងការមិនសប្បាយចិត្ត បានចែករំលែកបទពិសោធន៍នៃការហោះហើរលើយន្តហោះ Qatar Airways ខណៈពេលដែលពួកគេកំពុងធ្វើដំណើរពីទីក្រុង Melbourne ទៅកាន់ទីក្រុង Doha ដោយបានជួបប្រទះនឹងហេតុការណ៍ដ៏អាក្រក់បំផុត នៃជីវិតរបស់ពួកគេ នៅពេលដែលនាវិកបាននាំយកសាកសពនារីវ័យក្មេងម្នាក់ដែលបានស្លាប់ភ្លាមៗ នៅលើយន្តហោះ ទៅដាក់កន្លែងអង្គុយក្បែរពួកគេ ហើយត្រូវអង្គុយជាមួយសាកសពរហូតដល់ ៤ ម៉ោង។
លោក Jennifer Colin ត្រូវជាប្តី បាននិយាយថា «ពួកយើងយល់ថា ក្រុមហ៊ុនអាកាសចរណ៍មិនអាចត្រូវស្តីបន្ទោស ចំពោះការស្លាប់របស់ស្ត្រីនោះទេ ប៉ុន្តែគួរតែមានវិធានការសមស្របមួយ ដើម្បីមើលថែអតិថិជននៅលើយន្តហោះ»។
នៅពេលដែលយន្តហោះចុះចត លោក Colin បាននិយាយថា អ្នកដំណើរត្រូវបានបញ្ជាឱ្យបន្តស្នាក់នៅលើនោះ ខណៈដែលបុគ្គលិកពេទ្យ និងប៉ូលីសបានមកដល់ ដើម្បីពិនិត្យសាកសព។ បន្ទាប់មក គ្រូពេទ្យបានចាប់ផ្តើមលើកក្រណាត់គ្របលើសាកសពស្ត្រីដែលស្លាប់ ដើម្បីមើលមុខ។
គាត់បាននិយាយថា «ខ្ញុំមិនជឿថាពួកគេប្រាប់យើងឱ្យអង្គុយរង់ចាំ» បែបនេះទេ និងបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍គួរតែអនុញ្ញាតឱ្យអ្នកដំណើរចុះពីលើយន្តហោះមុនពេលបុគ្គលិកពេទ្យមកដល់។
ទាក់ទងនឹងអ្នកដំណើររិះគន់អំពីករណីនេះផងដែរ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ក៏បានចេញសេចក្តីថ្លែងការមួយ ដោយបានបញ្ជាក់ដូចខាងក្រោម៖
«Qatar Airways សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃអ្នកដំណើរដែលបានបាត់បង់ជីវិតនៅលើជើងហោះហើររបស់យើង និងក៏សូមមានការយោគយល់ សម្រាប់បងប្អូនអ្នកដំណើរដែលពាក់ព័ន្ធនៅក្នុងហេតុការណ៍នេះ។
ទោះបីជាការបាត់បង់ គឺជាព្រឹត្តិការណ៍ដែលមិនចង់បានសម្រាប់មនុស្សជាច្រើនក៏ដោយ តែការស្លាប់ភ្លាមៗនៅលើជើងហោះហើរ គឺជាលទ្ធភាពមួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍។ នាវិករបស់យើងបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ដើម្បីដោះស្រាយស្ថានភាពបែបនេះ ដោយការគោរព និងកិត្តិយសបំផុតចំពោះអ្នកស្លាប់។
បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងហ្មត់ចត់ ក្រុមហ៊ុនអាកាសចរណ៍បានសន្និដ្ឋានថា បុគ្គលិកក្នុងកាប៊ីនរបស់យើងបានធ្វើសកម្មភាពភ្លាមៗ សមស្រប និងវិជ្ជាជីវៈគ្រប់ពេលវេលា ស្របតាមស្តង់ដារបណ្តុះបណ្តាល និងការណែនាំអំពីឧស្សាហកម្ម។
អ្នកដំណើរផ្សេងទៀត ត្រូវបានចាត់តាំងឱ្យទៅកន្លែងអង្គុយថ្មី ហើយនាវិកបានស្នាក់នៅជាមួយអ្នកដំណើរដែលបានស្លាប់ពេញមួយជើងហោះហើរ រហូតដល់យន្តហោះបានចុះចតនៅទីក្រុងដូហា។
យើងបានទាក់ទងទៅគ្រួសារអ្នកដំណើរដែលស្លាប់ដោយផ្ទាល់ និងក៏ដូចជាអ្នកដំណើរផ្សេងទៀតដែលរងគ្រោះដោយឧបទ្ទវហេតុនេះ ហើយបានផ្តល់សំណង និងការឧបត្ថម្ភផ្លូវចិត្តដល់អ្នកដំណើរផងដែរ»។
អតីតប្រធានក្រុម Virgin Atlantic លោក Barry Eustance បានប្រាប់ BBC ថា តាមបទពិសោធន៍របស់គាត់ «ជាធម្មតា នាវិកនឹងព្យាយាមបំបែកសាកសពចេញពីកន្លែងអ្នកដំណើរ ដើម្បីកាត់បន្ថយការទំនាក់ទំនងដោយផ្ទាល់ ទាំងពីទស្សនៈការគោរព និងឯកជនភាព និងសម្រាប់ហេតុផលវេជ្ជសាស្រ្ត»។
យោងតាមគោលការណ៍ណែនាំរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) សម្រាប់ការដោះស្រាយអ្នកស្លាប់នៅលើយន្តហោះ អ្នកស្លាប់គួរតែត្រូវបានផ្លាស់ប្តូរទៅកន្លែងអង្គុយដែលមានអ្នកដំណើរតិចបំផុតនៅជុំវិញ ហើយគួរតែត្រូវបានគ្របដោយក្រណាត់ ឬផ្លាស់ទីទៅកន្លែងដែលច្រកផ្លូវ ឬច្រកចេញនឹងមិនស្ទះ។
នៅពេលដែលយន្តហោះចុះចត គោលការណ៍ណែនាំរបស់ IATA ក៏បានណែនាំផងដែរថា អ្នកដំណើរផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចុះពីលើយន្តហោះ មុនពេលអាជ្ញាធរក្នុងតំបន់អាចចូលរួមជាមួយអ្នកស្លាប់៕



